ក្រុមអ្នកស្រុកនៅក្នុងរដ្ឋធានីរបស់ប្រទេសវៀតណាមបានធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមចង្កេះ ខណៈកម្ពស់ទឹកទន្លេបានហក់ឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល២០ឆ្នាំ ហើយចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតនៅតំបន់នេះក្នុងប៉ុន្មានទសវត្សរ៍នេះបានកើនឡើងដល់យ៉ាង ហោចណាស់១៨១ នាក់ ខណៈប្រទេសជិតខាង ដូចជាប្រទេសថៃជាដើមក៏កំពុងជួបប្រទះគ្រោះទឹកជំនន់ និងបំណាក់ដី ព្រមទាំងមានមនុស្សមួយចំនួនបាត់បង់ជីវិតផងដែរ ។
ព្យុះទីហ្វុង Yagi បានវាយប្រហារប្រទេសវៀតណាមកាលពីចុងសប្តាហ៍មុន ដោយបានបក់បោកក្នុងល្បឿន១៤៩ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបាននាំមកនូវទឹកជំនន់ដ៏បំផ្លិចបំផ្លាញដល់តំបន់ភាគខាងជើងនៃប្រទេសឡាវ ថៃ និងមីយ៉ាន់ម៉ា ខណៈវិបត្តិបម្រែបម្រួលអាកាសធាតុកំពុងកើនឡើង។
រដ្ឋាភិបាលបានប៉ាន់ប្រមាណថា នៅទូទាំងប្រទេស ព្យុះទីហ្វុង បំណាក់ដី និងទឹកជំនន់ជាបន្តបន្ទាប់បានសម្លាប់មនុស្ស១៨១នាក់ ខណៈ ជាង១៤០ នាក់កំពុងបាត់ខ្លួន។
ទន្លេក្រហមក្នុងរដ្ឋធានីហាណូយ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២០ ឆ្នាំ ដោយបង្ខំអ្នកស្រុកឱ្យឆ្លងកាត់ទឹកជម្រៅត្រឹមចង្កេះ ស្របពេលពួកគេបានព្យាយាមយកទ្រព្យសម្បត្តិចេញពីផ្ទះសម្បែងដែលត្រូវបានជន់លិច។
អ្នកស្រុកម្នាក់ឈ្មោះង្វៀនត្រាន វ៉ាន់ (Nguyen Tran Van)វ័យ៤១ឆ្នាំ ដែលបានរស់នៅក្បែរទន្លេក្រហមក្នុងទីក្រុងហាណូយអស់រយៈពេល ១៥ ឆ្នាំបាននិយាយថា ស្ថានភាពទឹកពេលនេះ គឺជាជំនន់ដ៏ធ្ងន់ធ្ងរបំផុត ដែលលោកពុំធ្លាប់ឃើញឡើយ៕