(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹកអាមេរិក បានឱ្យដឹងថានាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ដែលត្រូវបានដាក់ពង្រាយ ទៅកាន់ សមុទ្រមេឌីទែរ៉ាណេខាងកើត ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នឹងត្រូវត្រឡប់ ទៅកាន់សហរដ្ឋអាមេរិកវិញ នៅប៉ុន្មានថ្ងៃទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤។
ក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថានាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford នឹងត្រូវត្រឡប់ទៅកាន់ មូលដ្ឋានរបស់ខ្លួនវិញនៅក្នុងរដ្ឋ Virginia។ កងទ័ពជើងទឹកអាមេរិកបន្ថែមទៀតថាខ្លួនបាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីពង្រឹងសន្តិសុខសមុទ្រនៅក្នុងតំបន់ ហើយក្រសួងការពារជាតិអាមេរិកនឹងបន្តពឹងផ្អែកលើវត្តមានកងកម្លាំងរបស់ខ្លួន នៅក្នុងតំបន់ ក្នុងនោះរួមមានទាំងកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Dwight D. Eisenhower ដើម្បីកំញើញ និងទប់ស្កាត់កុំឱ្យសង្រ្គាមធ្លាយចេញពីតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ជានាវាផ្ទុកយន្ដហោះចម្បាំងជំនាន់ថ្មីរបស់សហរដ្ឋអាមេរិក USS Gerald R. Ford មានទម្ងន់ ១០០,០០០តោន និងដើរដោយ ថាមពលនុយក្លេអ៊ែរមានបំពាក់ជាមួយបច្ចេកវិទ្យាថ្មីៗ។ USS Gerald R. Ford មានដឹកកងទ័ព ៤០០០នាក់ និងកងអង្គភាពយន្ដហោះចម្បាំង ៨ក្រុម ត្រូវបានដាក់ពង្រាយទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត ជាការបង្ហាញការគាំទ្រដល់អ៉ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា និងដើម្បីកំញើញអ៉ីរ៉ង់ រួមទាំងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់កុំឱ្យលូកដៃចូលក្នុងសង្រ្គាមរវាង អ៉ីស្រាអែល និងហាម៉ាសក្នុងតំបន់ហ្កាហ្សា៕