កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជាលើកទី៥ ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យ
កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេសចិន និងឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជាលើកទី៥រួមគ្នា ហើយកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយតាមរយៈVideo Conference។ ភាគីទាំងពីរបានបូកសរុបសមិទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលមាននៅក្រោយកិច្ចប្រជុំលើកទី៤ ក៏បានយល់ព្រមរួមគ្នាលើកកម្ពស់មុខងារកិច្ចសម្របសម្រួលរៀបចំនៃគណៈកម្មាធិការ ហើយចាត់ទុកគណៈកម្មាធិការជាយន្តការមេសម្រាប់ជំរុញអនុវត្តកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា។
លោកទីប្រឹក្សារដ្ឋចិនមានប្រសាសន៍ថា ស្ថិតក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស និងកិច្ចសម្របសម្រួលរៀបចំពីគណៈកម្មាធិការ បានអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជាប្រកបដោយភាពគ្រប់ជ្រុងជ្រោយ បានជំរុញទំនាក់ទំនងទាំងពីរប្រទេសឈានទៅរកដំណាក់កាលថ្មីមួយទៀត។ ក្រោយពីមានការផ្ទុះឡើងនៃជំងឺវីរុសCOVID-19មក ចិននិងកម្ពុជាបានគាំទ្រគ្នា ជួយគ្នាទៅវិញទៅមក បានពង្រឹងទំនាក់ទំនងមិត្តភាពកាន់តែស្អិតរមួត ធ្វើឲ្យមិត្តភាពប្រពៃណីមួយនេះកាន់តែរឹងមាំអស្ចារ្យ។
លោកបានបន្តទៀតថា ឆ្នាំនេះជាខួបអនុស្សាវរីយ៍១០ឆ្នាំនៃការកសាងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងកម្ពុជា ក៏ជាខួបអនុស្សាវរីយ៍១ឆ្នាំនៃការកសាងសហគមន៍ជោគវាសនារួមផងដែរ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបានបង្ហាញពីស្ថានភាពល្អប្រសើរនៃការអភិវឌ្ឍន៍ទិសដៅ និងវិវឌ្ឍនភាពកាន់តែទូលាយនាពេលអនាគត។
ទំនាក់ទំនងរវាងថ្នាក់ដឹកនាំទាំងពីរប្រទេសកាន់តែស្អិតរមួត កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានការជំរុញយ៉ាងគ្រប់ជ្រុងជ្រោយ គម្រោងសំខាន់ៗនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាច្រើនត្រូវបានអនុវត្តជាបន្តបន្ទាប់។ ភាគីទាំងពីរបានរៀបចំសកម្មភាពនៃឆ្នាំកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់បានយ៉ាងជោគជ័យ និងសកម្មភាពជាច្រើនផ្សេងទៀត ដែលទាំងនេះមានប្រសិទ្ធភាពក្នុងការបង្ក្រាបល្បែងស៊ីសងលើប្រព័ន្ធអ៊ីនធើណេត និងបទល្មើសឆ្លងដែនផ្សេងទៀត។
ភាគីចិនរីករាយបន្តរួមដៃគ្នាជាមួយភាគីកម្ពុជាក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស ជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើគ្រប់វិស័យឲ្យបានឆាប់រហ័ស ដើម្បីទទួលបានសមិទ្ធផលជោគជ័យក្នុងការទប់ស្កាត់នឹងស្ថានភាពជំងឺវីរុស ក៏ដូចជាការអភិវឌ្ឍក្នុងសង្គមសេដ្ឋកិច្ចផងដែរ ជំរុញទំនាក់ទំនងនៃទ្វេភាគីរឹតតែស៊ីជម្រៅ រឹតតែទូលំទូលាយ និងរឹតតែមានកម្រិតខ្ពស់ថែមមួយកម្រិតទៀត។
ឯកឧត្តមទីប្រឹក្សាមានប្រសាសន៍ថា ភាគីចិនរីករាយបន្តពង្រឹងការសម្របសម្រួលទំនាក់ទំនងដែលក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា, កិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ និងតំបន់ផ្សេងទៀតជាមួយភាគីកម្ពុជា គាំទ្ររៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូងដែលស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសតាមរយៈប្រព័ន្ធវីឌីអូ និងការរៀបចំឆ្នាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ានផងដែរ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(Regional Comprehensive Economic Partnership)ក្នុងឆ្នាំនេះ។
ភាគីចិនរីករាយបន្តសហការជាមួយភាគីកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ាន អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង(Declaration of the Conduct of the South China Sea)ឲ្យមានប្រសិទ្ធភាពយ៉ាងជ្រុងជ្រោយ ដើម្បីសម្រេចឲ្យបានជោគជ័យនៃការចចារលើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(Code of Conduct in the South China Sea-COC)ឲ្យបានឆាប់រហ័ស។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា កម្ពុជាចិនជាមិត្តដែកថែបនឹងគ្នា។ ក្រោយពីមានការផ្ទុះឡើងនូវជំងឺវីរុសCOVID-19មក ភាគីទាំងពីរបានគាំទ្រគ្នា និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺវីរុស នេះបានបង្ហាញពីមនោសញ្ចេតនាមិត្តភាពដែលប្រៀបដូចបងប្អូនដ៏រឹងមាំ។ ចាប់តាំងពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលត្រូវបានកសាងឡើងដោយកម្ពុជានិងចិន សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងក៏ទទួលបានយ៉ាងច្រើនជាទីគាប់ចិត្ត បានជួយជំរុញការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ ភាគីកម្ពុជានឹងចងចាំក្នុងក្រអៅបេះដូងរាល់សកម្មភាពដែលភាគីចិនតែងគាំទ្រ និងជួយដល់កម្ពុជា នឹងបន្តជាមួយភាគីចិនអនុវត្តផែនការសកម្មភាពសហគមន៍ជោគវាសនារួមអស់ពីកម្លាំងកាយនិងចិត្ត ដោយផ្អែកលើការចង្អុលបង្ហាញនៃកុងសុងស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេស ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរឹតតែស៊ីជម្រៅនិងជាក់ស្តែងថែមមួយកម្រិតទៀត។ ភាគីកម្ពុជាបន្តគាំទ្រគោលនយោបាយចិនតែមួយយ៉ាងមុតមាំ គាំទ្រភាគីចិនអនុម័តសេចក្តីសម្រេចការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង។ ភាគីកម្ពុជាគាំទ្រពហុភាគីនិយម គាំទ្រកិច្ចសហប្រតិបត្តិការចិនអាស៊ាន និងប្រឆាំងជាដាច់ខាតចំពោះឯកតោភាគីនិយមនិងការពារនិយម។
ភាគីទាំងពីរបានយល់ឃើញដូចគ្នាថា ជំងឺវីរុសCOVID-19ជាបញ្ហានៃការប្រឈមដ៏ធំសម្រាប់មនុស្សជាតិទាំងឡាយ គ្រប់ភាគីគួរតែសាមគ្គីគ្នា ប្រឆាំងនឹងទង្វើដែលយកជំងឺវីរុសមកធ្វើជានយោបាយ និងលាបពណ៌បង្ខូចអ្នកដទៃ គាំទ្រការរួមចំណែកយ៉ាងសំខាន់របស់អង្គការសុខភាពពិភពលោក រួមគ្នាកសាងសហគមន៍សុខភាពសុខាភិបាលសម្រាប់មនុស្សជាតិទាំងឡាយ។
ភាគីទាំងពីរបានប្រកាសកសាងច្រករហ័ស(Fast Lane for Personnel Exchanges)សម្រាប់ទំនាក់ទំនងទៅវិញទៅមកនៃក្រុមការងារ និងច្រកបៃតង(Green Channel for Commodities)សម្រាប់ទំនិញ និងព្រមទាំងបានយល់ស្របសម្រេចកិច្ចចចារព្រមព្រៀងពាណិជ្ជកម្មសេរីនៃទ្វេភាគីឲ្យបានឆាប់រហ័ស បង្កើតស្ថាប័នកុងស៊ុល និងការចាប់ផ្តើមនាំចេញផ្លែស្វាយនៃប្រទេសកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ។
ក្រោយពីបានបញ្ចប់កិច្ចប្រជុំរួច ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីអំពីការលើកកម្រិតភារកិច្ចរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលរវាងចិននិងកម្ពុជា ដែលស្ថិតក្នុងស្ថានភាពជំងឺវីរុស និងព្រមទាំងបានចុះផ្សាយក្នុងបណ្ដាសារព័ត៌មានរួមគ្នាផងដែរ៕