កាលពីថ្ងៃទី ១៦ ខែមិថុនា ម្សិលមិញនេះ អង្គការសុខភាពពិភពលោក WHO (World Health Organization) បានប្រកាសស្វាគមន៍ចំពោះលទ្ធផលដំបូងនៃការសាកល្បងប្រើថ្នាំ dexamethasone ជោគជ័យពីគ្លីនិកចក្រភពអង់គ្លេស ដោយថ្នាំនេះមានប្រសិទ្ធភាពអាចព្យាបាលជំងឺកូវីដ១៩ បាន ។
dexamethasone គឺជាប្រភេទថ្នាំ corticosteroid ដែលត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពចំពោះអ្នកដែលមានអាការៈធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ (ចំពោះអ្នកជំងឺកំពុងស្ថិតនៅក្នុងលក្ខខណ្ឌប្រើប្រាស់បំពង់ខ្យល់ អាចកាត់បន្ថយអត្រាមរណភាពបានប្រហែលមួយភាគបី ហើយចំពោះអ្នកជំងឺដែលត្រូវការអុកស៊ីសែន អាចកាត់បន្ថយអត្រាមរណៈភាពបានប្រហែលមួយភាគប្រាំ) ។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា «នេះគឺជាការព្យាបាលដំបូងបង្អស់ដែលត្រូវបានបង្ហាញដើម្បីកាត់បន្ថយអត្រាមរណភាពចំពោះអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរ កំពុងស្ថិតនៅក្នុងលក្ខខណ្ឌប្រើប្រាស់រអុកស៊ីសែនឬបំពង់ខ្យល់ ដើម្បីជំនួយដល់ការដកដង្ហើម ។ នេះជាដំណឹងដ៏អស្ចារ្យហើយខ្ញុំសូមអបអរសាទរដល់រដ្ឋាភិបាលចក្រភពអង់គ្លេស, សាកលវិទ្យាល័យ Oxford និងមន្ទីរពេទ្យ ក៏ដូចជាអ្នកជម្ងឺជាច្រើននៅចក្រភពអង់គ្លេសដែលបានចូលរួមវិភាគទានបែបវិទ្យាសាស្ត្រជួយសង្គ្រោះមនុស្សនៅទូទាំងសកលលោក ។
សូមបញ្ជាក់ថា Dexamethasone គឺជាប្រភេទថ្នាំ corticosteroid ត្រូវបានប្រើតាំងពីទសវត្សឆ្នាំ ១៩៦០ ដើម្បីកាត់បន្ថយការរលាក នៅក្នុងលក្ខខណ្ឌជម្ងឺរលាក និងមហារីកមួយចំនួន ។ ក្រុមវេជ្ជសាស្រ្តរបស់អង្គការសុខភាពពិភពលោកនឹងត្រូវធ្វើបច្ចុប្បន្នភាព ក៏ដូចជាណែនាំថាត្រូវប្រើថ្នាំនេះនៅក្នុងកម្រិតណា ពេលណា ទៅលើអ្នកជំងឺកូវីដ១៩ ។
អង្គការសុខភាពពិភពលោកនឹងបន្តធ្វើការរួមគ្នាជាមួយដៃគូទាំងអស់ដើម្បីអភិវឌ្ឍបន្ថែមទៀតនូវការព្យាបាល និងវ៉ាក់សាំងការពារអាយុជីវិតដើម្បីទប់ទល់នឹងវីរុសរាតត្បាតកូវីដ១៩ នេះ ៕
ប្រភព: WHO