ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានអះអាងថា កម្ពុជានៅតែមានសង្ឃឹម បើទោះជាតួលេខក្នុងពិភពលោកក៏ដូចជានៅប្រទេសបង្ហាញពីស្ថានភាពជំងឺកូវីដ ១៩ ដ៏អាក្រក់ក្ដីដោយគ្រប់ភាគីត្រូវរួមគ្នា និងរៀបចំផែនការសាជាថ្មីឲ្យបានគ្រប់ជ្រុងជ្រោយជាងមុន។
ការបង្ហាញក្តីសង្ឃឹមនេះបានធ្វើឡើងក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីយប់ថ្ងៃទី ២៥ មេសា ដោយអង្គការនេះបន្ទាប់ពីការឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះ ដោយក្នុង ១ ថ្ងៃៗមានចន្លោះពី ១៥៧ ទៅ ៦៥៥ ករណី។
គិតត្រឹមថ្ងៃទី ២៥ ខែមេសា ករណីវិជ្ជមានវីរុសកូវីដ ១៩ បានកើតមានឡើងនៅក្នុងរាជធានី-ខេត្តចំនួន ២២ ហើយចំនួនករណីវិជ្ជមានវីរុសកូវីដ ១៩ សរុបទូទាំងប្រទេសមានចំនួន ៩ ៩៧៥ ករណី និងអ្នកស្លាប់ដោយសារជំងឺនេះមានចំនួន ៧៤ នាក់។
លោកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានថ្លែងថា វាមិនទាន់យឺតពេលទេក្នុងការបង្វែរស្ថានការណ៍ឲ្យល្អប្រសើរឡើងវិញបាននោះ។ ការលើកឡើងបែបនេះ ដោយលោកស្រីសំអាងថា ទី១ គឺថ្នាក់ដឹកនាំត្រូវតែបោះជំហានទៅមុខក្នុងការសម្រេចចិត្ត និងដាក់ចេញនូវវិធានការ ហើយទី២ សង្គមទាំងមូលត្រូវតែចូលរួម និងទី៣ ពលរដ្ឋគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់ និងអនុវត្តតាមវិធានការសុខភាពសាធារណៈទាំងអស់ដែលបានដាក់ចេញ។
លោកស្រីបញ្ជាក់ថា៖ «យើងដឹងថា យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុងមួយជាប្រជាជាតិមួយ និងសង្គមតែមួយដែលប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយសាមគ្គីភាព។ ភ័ស្តុតាងជាសកល នាពេលបច្ចុប្បន្ននេះបង្ហាញថា ត្រូវមានធាតុផ្សំសំខាន់យ៉ាងហោចណាស់ចំនួន ៣ ដើម្បីអាចដោះស្រាយបញ្ហារាតត្បាតនៃជំងឺឆ្លងមួយនេះប្រកបដោយប្រសិទ្ធភាពបាន»។
បន្ថែមពីនេះ លោកស្រី លី អៃឡាន បានថ្លែងថា នៅពេលដែលសមាសធាតុទាំងអស់នេះ រួមគ្នាអាចបញ្ឈប់កំណើន និងកាត់បន្ថយការចម្លងបាននោះ យើងនឹងបានមើលឃើញការដឹកនាំដ៏រឹងមាំរបស់ថ្នាក់ដឹកនាំកម្ពុជាក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងចាត់វិធានការដ៏លំបាកជាច្រើន។ ប៉ុន្តែការដឹកនាំដ៏ខ្លាំងក្លាតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ គឺចាំបាច់ត្រូវមានការរួបរួមសាមគ្គីរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងពលរដ្ឋគ្រប់ៗរូប។
លោកស្រីបន្ដថា ការរួបរួមគ្នានេះជាគន្លឹះនាំទៅដល់ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ នេះមិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច ដែលគោលដៅនៃវិធានការឆ្លើយតបត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ផងដែរ។ ប្រសិនបើយើងគ្រប់គ្រងស្ថានការណ៍មិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាព ក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា៖ «ការផ្ទុះឡើងនូវជំងឺនាពេលបច្ចុប្បន្ន នៅតាមរោងច្រក និងផ្សារនានាជាសារមួយដ៏គួរឲ្យឈឺចាប់ដែលរំឭកប្រាប់យើងអំពីសារៈសំខាន់នៃការដាក់ចេញ និងអនុវត្តវិធានការក្នុងការកាត់បន្ថយហានិភ័យឲ្យបានមុនពេលដែលមានការផ្ទុះណាមួយកើតឡើង ដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគនេះ»។
ក្រៅពីវិធានការទាំង ៣ នេះ WHO ក៏បានណែនាំឲ្យម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រង គួរដាក់ចេញនូវវិធានការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងដូចជារៀបចំឲ្យមានការវាស់កម្ដៅ រៀបចំកន្លែងធ្វើការ ដើម្បីឲ្យមានការរក្សាគម្លាតពីគ្នា ធានាឲ្យមានកន្លែងលាងសម្អាតដៃគ្រប់គ្រាន់ និងរៀបចំឲ្យមានពេលសម្រាកឆ្លាស់វេនគ្នា ដើម្បីចៀសវាងមនុស្សច្រើនកកកុញ។
ម្ចាស់រោងចក្រ និងអ្នកគ្រប់គ្រង ក៏ត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺដើម្បីទប់ស្កាត់ឲ្យបានឆាប់រហ័សតាមរយៈការតាមរកអ្នកប៉ះពាល់ និងដាក់អ្នកដែលសង្ស័យថា បានឆ្លងជំងឺឲ្យនៅដាច់ដោយឡែកពីគេ ដើម្បីកាត់បន្ថយការចម្លងបន្តគ្នា។
ចំពោះកម្មករ-និយោជិតខ្លួនផ្ទាល់ក៏មានតួនាទីជួយកាត់បន្ថយហានិភ័យនៃការចម្លងផងដែរ ដោយសម្រាកនៅផ្ទះប្រសិនបើពួកគេឈឺ ដោយចៀសវាងទៅកន្លែងមានមនុស្សកុះករ កន្លែងបិទជិត និងមានមនុស្សនៅជិតៗគ្នាតាមដែលអាចធ្វើទៅបានហើយត្រូវអនុវត្តវិធានការការពារឲ្យបានខ្ជាប់ខ្ជួន។
លោកស្រី លី អៃឡាន បានសង្កត់ធ្ងន់ថា៖ «គ្រប់ផ្នែកផ្សេងៗទៀតនៃវិស័យឯកជន ក៏អាចចេញវិធានការស្រដៀងៗគ្នានេះដែរ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លង។ ការប្រឈមនឹងជំងឺកូវីដ ១៩ បានបង្ហាញឲ្យយើងដឹងថា ការវិនិយោគក្នុងការរៀបចំឲ្យមានកន្លែងធ្វើការប្រកបដោយសុវត្ថិភាព និងសុខភាពល្អ គឺជាការរួមចំណែកអភិវឌ្ឍ និងការពារសេដ្ឋកិច្ចរបស់ប្រទេសមួយយ៉ាងសកម្ម»៕