Alynana Media Cambodia
Icon Collap
clinic narit

ក្រុម​អ្នក​ជំនាញ​អង្គការ WHO ចាប់ផ្តើម​ស៊ើប​អង្កេត​រក​ប្រភព​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Wuhan

Admin Alynana | Jan 18, 2021
ក្រុម​អ្នក​ជំនាញ​អង្គការ WHO ចាប់ផ្តើម​ស៊ើប​អង្កេត​រក​ប្រភព​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង Wuhan
Clinic narith

ទីក្រុងសេអ៊ូល ប្រទេស​កូរ៉េខាងត្បូង — បេសកកម្ម​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ក្នុង​ការ​ស្វែងរក​ប្រភព​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ចិន មិន​បាន​ចាប់ផ្តើម​ដោយ​ស្រួល​នោះ​ទេ។ រដ្ឋាភិបាល​ចិន​បាន​រារាំង​សមាជិក ២ នាក់​នៃ​ក្រុម​អ្នក​ជំនាញ​របស់​អង្គការ WHO នេះ​មិន​ឱ្យ​ឡើង​ជិះ​យន្តហោះ​នៅ​ក្នុង​ប្រទេស​សិង្ហបូរី បន្ទាប់ពី​អ្នក​ទាំង​ពីរ​នាក់​នេះ​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ១៩។

សមាជិក​ផ្សេង​ទៀត​បាន​ធ្វើដំណើរ​ទៅ​ដល់​ទីក្រុង Wuhan ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី ១៤ ខែ​មករា ដែល​នៅ​ទី​នោះ ពួកគេ​នឹង​ចំណាយ​ពេល​ប្រមាណ​មួយ​ខែ។ ពួកគេ​នឹង​ធ្វើ​ចត្តាឡីស័ក ២ សប្ដាហ៍ តាម​ការ​ទទូច​ចង់​បាន​របស់​អាជ្ញាធរ​ចិន។

កន្លង​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​រង​ការ​ចោទ​ប្រកាន់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​បាន​រារាំង​ការ​ស៊ើប​អង្កេត​ឯករាជ្យ​អំពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩ នេះ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​ព្យាយាម​បង្វែរ​ចេញ​ពី​ការ​រិះគន់​អំពី​ផល​វិបាក​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មកពី​ជំងឺ​រាតត្បាត​ជា​សាកល​នេះ​ផងដែរ។

សម្រាប់​អង្គការ WHO នេះ​ជា​ស្ថានភាព​ការ​ទូត​និង​នយោបាយ​ដ៏​លំបាក​មួយ។ លោក Mike Ryan ប្រធាន​កម្មវិធី​គ្រា​អាសន្ន​នៃ​អង្គការ WHO និយាយ​ទទូច​ថា ក្រុម​របស់​លោក​គ្មាន​បំណង​បន្ទោស​ប្រទេស​ចិន ឬ​ប្រទេស​ណា​នោះ​ទេ។

លោក Mike Ryan និយាយ​ដូច្នេះ​ថា៖ «ចូរ​ធ្វើ​បេសកកម្ម​នេះ​និង​បេសកកម្ម​ផ្សេង​ទៀត​ឲ្យ​ក្លាយជា​បេសកកម្ម​បែប​វិទ្យាសាស្ត្រ មិនមែន​បែប​នយោបាយ​នោះ​ទេ។ យើង​ស្វែងរក​ចម្លើយ​នៅ​ទី​នេះ​ដែល​អាច​ជួយ​សង្គ្រោះ​យើង​ក្នុង​ពេល​អនាគត មិនមែន​ស្វែងរក​ពិរុទ្ធជន​និង​អ្នក​ដែល​ត្រូវ​ស្តី​បន្ទោស​នោះ​ឡើយ»។

ប្រទេស​ជាង ១២០ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​អំពី​ប្រភព​នៃ​វីរុស​នេះ។ រដ្ឋាភិបាល​ជា​ច្រើន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ជិត​អស់​អាណត្តិ​លោក Donald Trump កន្លង​មក​ជា​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​ចិន ដោយ​ជា​រឿយៗ​បាន​ហៅ​វីរុស​នេះ​ថា​ជា «វីរុស​ចិន» និង​បាន​ទាមទារ​អង្គការ​សហប្រជាជាតិ​ឲ្យ​ធ្វើ​យ៉ាង​ណា​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទទួល​ខុសត្រូវ​ចំពោះ​រឿង​នេះ។

អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ប្រទេស​ចិន​បាន​ច្រានចោល​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លក្ខណៈ​អន្តរជាតិ។ ប៉ុន្តែ​កាល​ពី​ខែ​កក្កដា ប្រទេស​ចិន​និង​អង្គការ WHO បាន​ឯកភាព​គ្នា​លើ​គម្រោង​មួយ។ ប្រទេស​ចិន​បាន​ទទូច​ឱ្យ​មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​របស់​ខ្លួន​ធ្វើ​ការ​ស្រាវជ្រាវ​ដំណាក់កាល​ដំបូងៗ។

លោក Archie Clements ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាកល​វិទ្យាល័យ Curtin នៃ​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា ការ​ស្រាវជ្រាវ​នេះ​អាច​មាន​ប្រយោជន៍។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «វា​មិនមែន​ថា​ដូចជា​គ្មាន​អ្វី​បាន​កើតឡើង​ក្នុង​រយៈពេល ១២ ខែ​កន្លង​មក​នេះ​ទេ។ មាន​ហេតុការណ៍​ជាច្រើន​បាន​កើតឡើង ហើយ​មាន​ភស្តុតាង​ជា​ច្រើន។ ដូច្នេះ កិច្ចការ​មួយ​របស់​ក្រុម​អ្នក​ជំនាញ​នៃ​អង្គការ WHO គឺ​ទៅ​ប្រទេស​ចិន​ជួប​ជាមួយ​នឹង​អ្នក​វិទ្យាសាស្ត្រ​ដើម្បី​ពិនិត្យ​មើល​ភស្តុតាង»។

ក៏​ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ ប្រទេស​ចិន​មិន​បាន​លាត​ត្រដាង​ឱ្យ​ដឹង​អំពី​អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​របស់​ខ្លួន​បាន​រកឃើញ​នោះ​ឡើយ។ លោក Clements សង្ឃឹម​ថា ក្នុង​ពេល​ឆាប់ៗ​នេះ ក្រុម​អ្នក​ជំនាញ​របស់​អង្គការ WHO នឹង​ទទួល​បាន​ទិន្នន័យ​នោះ។

ក្រុមការងារ​របស់​អង្គការ​សុខភាព​ពិភពលោក WHO បាន​មក​ដល់​ក្រុង​ Wuhan ខេត្ត​ Hubei ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី១៤ ខែមករា ឆ្នាំ២០២១ ដើម្បី​ស៊ើបអង្កេត​ពី​ប្រភព​នៃ​ជំងឺ​កូវីដ១៩។

លោក Clements ថ្លែង​ដូច្នេះ​ថា៖ «ផ្នែក​ធំ​មួយ​នៃ​ការ​ស៊ើបអង្កេត​នេះ​គឺ​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស ការណ៍​ដែល​អាច​សួរ​សំណួរ​ជា​លក្ខណៈ​ឯកជន​នៅ​ក្នុង​បរិយាកាស​មួយ​ដែល​មាន​សុវត្ថិភាព និង​ការ​កសាង​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល។ ការណ៍​ដែល​មាន​ការ​សន្ទនា​គ្នា​ដោយ​សេរី​គឺ​អាច​មាន​សារៈសំខាន់ ដោយសារតែ​វា​អាច​នាំឲ្យ​ដឹង​អំពី​អ្វី​ដែល​យើង​មិន​បាន​រំពឹងទុក​ពី​មុន»។

ជំងឺ​កូវីដ១៩ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ទីក្រុង Wuhan កាល​ពី​ចុង​ឆ្នាំ ២០១៩។ អ្នក​ជំនាញ​ជា​ច្រើន​ជឿ​ថា វីរុស​ជំងឺ​កូវីដ១៩ នេះ​មាន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​សត្វ​ប្រចៀវ ប៉ុន្តែ​បាន​ឆ្លង​ទៅ​មនុស្ស​តាម​សត្វ​ព្រៃ​មួយ​ប្រភេទ​ទៀត​ដែល​លក់​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង។

ដោយ​មិន​មាន​ភស្តុតាង​ជាក់ស្តែង ព័ត៌មាន​មិន​ពិត​និង​ការ​និយាយ​ស្មានៗ​កើត​មាន​ឡើង​ជា​ច្រើន។

មន្ត្រី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​បាន​ស្នើ​ថា វីរុស​នេះ​ប្រហែលជា​លេច​ចេញ​ពី​វិទ្យាស្ថាន​វីរុសសាស្ត្រ​ទីក្រុង Wuhan ដែល​ជា​មន្ទីរ​ពិសោធន៍​ស្រាវជ្រាវ​ជាន់​ខ្ពស់​មួយ​របស់​ប្រទេស​ចិន។

រដ្ឋាភិបាល​ចិន​បាន​បង្កើន​ការ​ច្រានចោល​នូវ​គំនិត​ដែល​ថា វីរុស​នេះ​មាន​ប្រភព​មកពី​ប្រទេស​ចិន។សេចក្ដី​រាយការណ៍​មួយ​ចំនួន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​អះអាង​ថា វីរុស​នេះ​អាច​ត្រូវ​បាន​នាំ​ចូល​តាម​រយៈ​គ្រឿង​សមុទ្រ​កក​ពី​ប្រទេស​អ៊ីតាលី។

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​វិទ្យាសាស្ត្រ​ចិន​មួយ​ក្រុម​បាន​និយាយ​ថា វីរុស​នេះ​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាល​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៩។ កាល​ពី​ខែ​មីនា ឆ្នាំ​មុន មន្ត្រី​ម្នាក់​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ផ្តល់​ទ្រឹស្តី​គ្មាន​មូលដ្ឋាន​មួយ​ថា យោធា​សហរដ្ឋ​អាមេរិក​ប្រហែលជា​បាន​នាំ​ជំងឺ​រាតត្បាត​នេះ​ចូល​ទៅ​ទីក្រុង Wuhan។

អង្គការ WHO សង្ឃឹម​ថា ក្រុម​របស់​ខ្លួន​នឹង​អាច​ផ្តល់​ចម្លើយ​ក្នុង​ពេល​ឆាប់ៗ​នេះ ទោះបី​វា​អាច​ជា​ចម្លើយ​ដំបូងៗ​ក៏ដោយ។ អ្នក​ជំនាញ​ដូចជា​លោក Clements ជា​ដើម ក៏​បាន​យល់ស្រប​ដូច្នេះ​ដែរ។

លោក Clements និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​សង្ឃឹម​គឺ​ថា អ្នក​នយោបាយ​និង​មេដឹកនាំ​នានា​នៅ​លើ​ពិភពលោក អាច​ផ្តល់​ពេល​ឱ្យ​ក្រុម​អ្នក​ស៊ើប​អង្កេត​ធ្វើ​ការងារ​របស់​ពួកគេ ដែល​ជា​កិច្ចការ​បែប​វិទ្យាសាស្ត្រ។ វា​មិនមែន​ជា​ការ​ស៊ើប​អង្កេត​រឿង​នយោបាយ​នោះ​ទេ»។

ក៏​ប៉ុន្តែ មន្ត្រី​អង្គការ WHO បាន​និយាយ​ដោយ​ប្រុង​ប្រយ័ត្ន​ថា ក្រុម​នេះ​ប្រហែលជា​មិន​អាច​រកឃើញ​ជាក់លាក់​អំពី​ប្រភព​ពិត​ប្រាកដ​នៃ​វីរុស​នេះ​ទេ។ អ្នក​ជំនាញ​និយាយ​ថា មូលហេតុ​គឺ​ដោយសារតែ​វីរុស​ប្រែប្រួល​លឿន​ណាស់៕