ភ្នំពេញ៖ លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានមានប្រសាសន៍ថា ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជានៅតែបង្កឱ្យមានការព្រួយបារម្ភបន្ថែមទៀត ដោយសារតែវត្តមានវីរុសបំប្លែងថ្មី«Delta» មានល្បឿននៃការឆ្លងលឿន ហើយចំនួនអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩នៅកម្ពុជាមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
លោកស្រី លី អាយឡែន បានលើកឡើងថាវីរុសបំប្លែងថ្មី«Delta»នេះ មានលទ្ធភាពនៃការចម្លងលឿន និងអត្រាការឆ្លងនៃជំងឺកូវីដ-១៩នៅកម្ពុជាក៏មានការកើនឡើង ដែលជាក្តីព្រួយបារម្ភខ្លាំងចំពោះស្ថានភាពក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ខណៈពីប្រជាពលរដ្ឋមួយចំនួនចាប់ ផ្ដើមធ្វេសប្រហែសជាថ្មី ក្នុងការអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន ។
លោកស្រីបានបន្តថា ទោះបីជាពេលនេះ កម្ពុជាមានកំណើននៃការពាក់ម៉ាស់ ការលាងសម្អាតដៃ និងការទទួលបានវ៉ាក់សាំងការពារយ៉ាងណាក្ដី តែការជួបជុំប្រមូលផ្ដុំពុំទាន់អនុវត្តបានល្អប្រសើរនោះទេ ដូច្នេះប្រជាពលរដ្ឋទាំង អស់ ត្រូវតែបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយអនុវត្តវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត តាមការណែនាំរបស់រដ្ឋាភិបាលដែលបានដាក់ចេញ។
ជាមួយគ្នានេះ លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអំពាវនាវឲ្យខាងក្រសួងសុខាភិបាលបន្តនិងពង្រឹងកិច្ចការងារនេះបន្ថែមទៀត ព្រោះថាកូវីដ-១៩បំប្លែងខ្លួនថ្មី«Delta»នេះមានលទ្ធភាពនៃការចម្លងលឿន ដែលជាការព្រួយបារម្ភនិងពិបាកក្នុងការគ្រប់គ្រងស្ថានភាព។ ទន្ទឹមនេះលោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយអនុវត្តវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាដាច់ខាត៕