Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធាន WTO បានអំពាវនាវឱ្យមានការកសាងខ្សែចង្វាក់ផ្គត់ផ្គង់ចម្រុះកាន់តែច្រើន ដើម្បីបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចសកល

Admin Alynana | Oct 21, 2022
ប្រធាន WTO បានអំពាវនាវឱ្យមានការកសាងខ្សែចង្វាក់ផ្គត់ផ្គង់ចម្រុះកាន់តែច្រើន ដើម្បីបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចសកល
Clinic narith

ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការមិនទាន់ផុតរលត់ទៅនៃជំងឺកូវីដ១៩ បានជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសមួយចំនួនងាកទៅរកការធ្វើពាណិជ្ជកម្មតាមបែបគាំពារនិយម។ ប៉ុន្តែផ្ទុយទៅវិញ ប្រធាន WTO រូបនេះអំពាវនាវឱ្យមានការកសាងខ្សែចង្វាក់ផ្គត់ផ្គង់ចម្រុះកាន់តែច្រើន ដើម្បីបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចសកល។ នេះបើតាមខ្លឹមសារនៃកិច្ចសម្ភាសន៍មួយរបស់សារព័ត៌មានជប៉ុន Nikkei ជាមួយលោកស្រីប្រធានអង្គការពាណិជ្ជកម្មពិភពលោក ។

ថ្លែងប្រាប់ Asia Nikkei នៅទីក្រុងតូក្យូកាលពីថ្ងៃទី១៩តុលា លោកស្រីអូកុនចូ អ៊ីវាឡា បាននិយាយថា មេរោគឆ្លង និងសង្រ្គាមអូសបន្លាយនៅអ៊ុយក្រែន បានបង្ហាញឱ្យឃើញថា ខ្សែចង្វាក់ផ្គត់ផ្គង់ជាក់លាក់មួយ គួរត្រូវបានផ្តល់ការយកចិត្តទុកដាក់ខ្លាំង ស្របពេលដែលពិភពលោកកំពុងផ្តោតជាសំខាន់ និងមានតម្រូវការខ្លាំងជាសកលលើឧបករណ៍បន្ទះឈីប និងគ្រាប់ធញ្ញជាតិ។

មធ្យោបាយដ៏ល្អបំផុត ប្រសិនបើពិភពលោកចង់គ្រប់គ្រងបាននៅពេលមានហានិភ័យ និងមានភាពធន់ នោះ គឺការធ្វើពិពិធកម្មខ្សែចង្វាក់ផ្គត់ផ្គង់ មិនមែនគ្រាន់តែផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ទៅកាន់ប្រទេសមួយផ្សេងទៀត ឬប្រទេសជាមិត្តនោះទេ ប៉ុន្តែត្រូវធ្វើពិពិធកម្មជាសកលតែម្តង។

លោកស្រី អូកុនចូ អ៊ីវាឡា បានអះអាងថា ការធ្វើពិពិធកម្មនេះមិនត្រឹមតែជួយទប់ស្កាត់ហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពន្លឿនការអភិវឌ្ឍប្រទេសក្រីក្រតាមរយៈការនាំយកឧស្សាហកម្មថ្មីៗ និងបច្ចេកទេសថ្មីៗទៅកាន់ប្រទេសរបស់ពួកគេផងដែរ។

បន្ថែមពីលើនេះប្រធាន WTO ដដែល បានសម្តែងការប្រឆាំង ដោយបាននិយាយព្រមានទៅកាន់ការបែងចែកប្លុកពាណិជ្ជកម្មគ្នា ហើយប្រែក្លាយទៅជាប្លុកនៃការប្រកួតប្រជែង ដោយបានសង្កត់ធ្ងន់ថាមនុស្សគ្រប់គ្នានឹងត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរនៅចុងក្រោយទៅ។

នៅពេលឆ្លើយនឹងសំណួរពីភាពប្រទាំងប្រទើសពាណិជ្ជកម្មរវាងយក្សទាំងពីរគឺ ចិននិងអាមេរិក ដែលបានអូសបន្លាយពេលយូរមកហើយនោះ លោកស្រី អូកុនចូ អ៊ីវាឡា និយាយថាការប្រឈមមុខភូមិសាស្ត្រនយោបាយរវាងគ្នានេះគឺខ្លាំងក្លាណាស់ ហើយរឹតតែធ្ងន់ធ្ងរទៅៗ មិនធូរស្បើយឡើយ។

លោកស្រីបានព្រមានថា ប្រសិនបើពិភពលោកត្រូវបែងចែកទៅជាប្លុកពាណិជ្ជកម្មពីរ វានឹងបណ្តាលឱ្យបាត់បង់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP)សកលលោក ហើយបន្តខាតបង់ក្នុងរយៈពេលវែង។ លោកស្រីបានឈ្លៀតរំឭកនៅពេលដែលពិភពលោកស្ថិតក្នុងអតីតកាល បានបែកខ្ញែកជាពីរគឺបានធ្វើឱ្យពិភពលោកជួបគ្រោះដ៏ធំធេង។

ជុំវិញក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក IPEF ដែលអាមេរិកទើបផ្តួចផ្តើមថ្មី និងត្រូវបានគេមើលឃើញថាទំនងជាក្របខណ្ឌយកមកទប់ទល់នឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលគាំទ្រដោយចិន លោកស្រីប្រធាន WTO និយាយថា ដរាបណាក្របខណ្ឌមិនមានលក្ខណៈរើសអើង ប្រកាន់បក្សពួក វាគឺជាការល្អ មិនថាក្របខណ្ឌ ឬកិច្ចព្រមព្រៀងណានោះទេ។

សូមបញ្ជាក់ថា ក្នុងចំណោមខ្សែចង្វាក់ផ្គត់ផ្គង់ទាំងអស់ ការផ្គត់ផ្គង់ស្បៀងអាហារជាអ្វីដែល WTO មានការព្រួយបារម្ភជាងគេ។ អង្គការពាណិជ្ជកម្មពិភពលោក ទទួលស្គាល់ថានៅតែមានការរឹតបន្តឹងលើការនាំចេញអាហារ និងជីចំនួន ៥៣មុខ នៅទូទាំងពិភពលោក។ ប្រធាន WTO អំពាវនាវឱ្យប្រទេសអ្នកផលិតទាំងអស់ប្រកាន់ពាក្យសន្យា កុំរឹតបណ្តឹងលើការនាំចេញរបស់ខ្លួន ក្នុងពេលវេលាដ៏លំបាកនេះ៕