Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ខេត្តភាគខាងត្បូងប្រទេសចិនរងការវាយប្រហារដោយព្យុះYagiបង្ខំឱ្យមនុស្សជិត ១លាននាក់ជម្លៀស

Media LNN | Sep 07, 2024
ខេត្តភាគខាងត្បូងប្រទេសចិនរងការវាយប្រហារដោយព្យុះYagiបង្ខំឱ្យមនុស្សជិត ១លាននាក់ជម្លៀស
Clinic narith

(ចិន)៖ ខេត្តមួយចំនួននៃភាគខាងត្បូងប្រទេសចិន ក្នុងនោះមានខេត្ត Guangdong និង Hainan បានរងការវាយប្រហារដោយព្យុះ Yagi បង្ខំចិត្តឱ្យប្រជាពលរដ្ឋប្រមាណជិត១លាននាក់ត្រូវជម្លៀសចេញពីខេត្តទៅកាន់ទីកន្លែងមានសុវត្តិភាព។កម្លាំងព្យុះ Yagi ដែលវាយប្រហារនៅប្រទេសចិន គឺលើសពី ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង រំខានដល់ផ្លូវដឹកជញ្ជូន បិទសាលារៀន និង ផ្អាកប្រតិបត្តិការនៅទូទាំងខេត្ត។

ការិយាល័យឧតុនិយមចិន បានគូសបញ្ជាក់ថា Yagi បានវាយប្រហារ ក្នុងទីក្រុង Zhanjiang ខេត្ត Guangdong ដែលមានល្បឿនខ្យល់អតិបរមាជាង២០០ គីឡូម៉ែត្រក្នុងមួយម៉ោងដែលមិនធ្លាប់មាន ហើយខេត្ត Hainan ដែលមានកម្លាំងខ្យល់បក់លើសពី ២៣៤គីឡូម៉ែត្រក្នុងមួយម៉ោង។

គិតត្រឹមរសៀលថ្ងៃសុក្រម្សិលមិញ ព្យុះ Yagi បានបង្ខំឱ្យមានការផ្លាស់ទីលំនៅរបស់អ្នកស្រុកជិត៦០ម៉ឺននាក់ នៅក្នុងខេត្តក្វាងទុង ទូកនេសាទទាំង ៨៤.៨៧៣ គ្រឿងក្នុងខេត្តបានស្វែងរកជម្រកនៅកំពង់ផែ។

ផ្លូវដឹកអ្នកដំណើរផ្លូវទឹកចំនួន៧២ នៃផ្លូវទឹកចំនួន ៩៤ របស់ក្វាងទុងត្រូវបានផ្អាក ហើយយ៉ាងហោចណាស់រថភ្លើងល្បឿនលឿនចំនួន ១៤១ ត្រូវបានលុបចោល សាលាក្នុងក្រុងទាំង១០ទូទាំងខេត្តក៏ត្រូវបានបិទជាបណ្ដោះអាសន្ន។

ចំពោះខេត្ត ហៃណាន បានផ្លាស់ប្តូរទីលំនៅប្រជាជនចំនួនជាង៤០គ្រួសារ មុនពេលព្យុះទីហ្វុង Yagi បោកបក់ក្នុងខេត្តនេះ។ ប្រតិបត្តិការនៅតំបន់ទេសចរណ៍ចំនួន ៨៩ នៅទូទាំងខេត្ត Hainan ត្រូវបានផ្អាក ហើយចរាចរណ៍នៅលើផ្លូវ ស្ពាន និងផ្លូវរូងក្រោមដីទាំងអស់ ត្រូវបានបិទជាបណ្តោះអាសន្ន។បច្ចុប្បន្ននេះ ព្យុះ Yagi បានធ្វើដំណើរមកដល់ភាគខាងជើងប្រទេសវៀតណាម បាននឹងកំពុងវាយប្រហារតំបន់ និង ទីក្រុងសំខាន់ៗមួយចំនួនដូចជា ទីក្រុងហាណូយ ហាឡុង ជាដើម៕