ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតនៅអាស៊ី ក្នុងឆ្នាំនេះ បានចុះខ្សោយមកជាព្យុះត្រូពិកកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបង្កការបំផ្លិចបំផ្លាញនៅភាគខាងជើងប្រទេសវៀតណាម ជាកន្លែងដែលព្យុះនេះបានបំផ្លាញរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មដែលផ្តោតលើការនាំចេញ។
ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសវៀតណាម បានចេញផ្សាយពីការចុះខ្សោយកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានព្រមានអំពីហានិភ័យដែលនៅតែបន្តនៃទឹកជំនន់ និងបំណាក់ដី។
កាលពីថ្ងៃសៅរ៍ ព្យុះទីហ្វុងYagi បានបង្អាក់ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងទូរគមនាគមន៍នៅក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ ផ្តួលរលំដើមឈើរាប់ពាន់ដើម និងបំផ្លាញលំនៅឋានច្រើនខ្នង។
ព្យុះទីហ្វុង និងបំណាក់ដីជាបន្តបន្ទាប់ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២១នាក់ស្លាប់ នៅក្នុងប្រទេសវៀតណាម និង២២៩នាក់រងរបួស នេះបើយោងតាមការប៉ាន់ស្មានបឋមរបស់រដ្ឋាភិបាល បន្ទាប់ពីព្យុះនេះបានឆក់យកជីវិតមនុស្ស៤នាក់នៅលើកោះហៃណានភាគខាងត្បូងប្រទេសចិន និង២០នាក់នៅក្នុងប្រទេសហ្វីលីពីន ជាប្រទេសដំបូងគេដែលព្យុះបានវាយបោកបក់កាលពីសប្តាហ៍មុន៕