រដ្ឋាភិបាលបាននិយាយនៅថ្ងៃពុធទី១១កញ្ញានេះថាចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាមដោយសារព្យុះទីហ្វុង Yagi បានកើនឡើងដល់ ១៤១ នាក់ ខណៈមានការព្រមានថាទឹកជំនន់បានធ្វើឱ្យទឹកក្នុងទន្លេក្រហមហក់ឡើងយ៉ាងឆាប់រហ័ស និងអាចជន់លិចស្រុកនានាភាគកណ្តាលនៃរដ្ឋធានីហាណូយ។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងដោយសារព្យុះទីហ្វុង Yagi បានបង្កឱ្យមានបំណាក់ដី និងទឹកជំនន់នៅទូទាំងភាគខាងជើងប្រទេសវៀតណាម ដោយបានសម្លាប់មនុស្ស ១៤១ នាក់ និង៥៩ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន
ក្រៅពីនោះក៏មានការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ និងការរំខានដល់អាជីវកម្ម និងឧស្សាហកម្មផងដែរ។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីល្ងាចថ្ងៃអង្គារ បាននិយាយថា កម្រិតទឹកនៃទន្លេក្រហមក្នុងទីក្រុងហាណូយ បាននឹងកំពុងកើនឡើង ១០ សង់ទីម៉ែត្ររៀងរាល់ម៉ោង។
យោងតាមប្រភពនានា រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា សាលារៀនមួយចំនួននៅទីក្រុងហាណូយ បានប្រាប់សិស្សឱ្យស្នាក់នៅផ្ទះពេញមួយសប្តាហ៍ ព្រោះព្រួយបារម្ភអំពីទឹកជំនន់ ស្របពេលក្រុមអ្នកស្រុករាប់ពាន់នាក់ ដែលរស់នៅក្នុងតំបន់ទំនាប ត្រូវបានជម្លៀសចេញពីទីលំនៅរបស់ពួកគេ៕