Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម រងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចទំហំ ១.៦ពាន់លានដុល្លារ ដោយសារតែព្យុះ Yagi

Media LNN | Sep 16, 2024
វៀតណាម រងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចទំហំ ១.៦ពាន់លានដុល្លារ ដោយសារតែព្យុះ Yagi
Clinic narith

 

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅវៀតណាម បានរាយការណ៍នាថ្ងៃចន្ទនេះថា ព្យុះទីហ្វុង Yagi បានបង្កការខាតបង់សេដ្ឋកិច្ច ក្នុងទំហំរហូតដល់១.៦ពាន់លានដុល្លារ នៅប្រទេសអាស៊ានមួយនេះ ក្រៅពីផ្តាច់ជីវិតមនុស្សរាប់រយនាក់។ នេះបើតាមការផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

ព្យុះកំណាចនេះ បានវាយប្រហារលើភាគខាងជើងវៀតណាម កាលពីជាងមួយសប្តាហ៍មុន កាត់ចំតំបន់ដីសណ្តរទន្លេក្រហម ដែល​មានមនុស្សរស់នៅប្រមូលផ្តុំច្រើន ហើយជាតំបន់កសិកម្ម និងជាមជ្ឈមណ្ឌលរោងចក្រឧស្សាកម្មដ៏ធំមួយ។ ដោយផ្អែកលើការវាយតម្លៃ​ជាបឋមរបស់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បាននិយាយថា ព្យុះទីហ្វុង Yagi បានបង្កការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ច គិតជាទឹកប្រាក់ស្មើនឹង៤០ទ្រីលានដុង (ពាន់ពាន់លាន) ឬស្មើនឹង១.៦ពាន់លានដុល្លារអាមេរិក។

បើតាមតួលេខចុងក្រោយបំផុតពីអាជ្ញាធរ ចំនួនអ្នកស្លាប់ដោយសារព្យុះ Yagi នៅវៀតណាម គឺ២៩២នាក់ និងបន្តបាត់ខ្លួន៣៨នាក់ ហើយលំនៅដ្ឋានជាង២៣០,០០០ខ្នង រងការខូចខាត ខណៈផ្ទៃដីដំណាំ២៨០,០០០ហិកតា ត្រូវបានបំផ្លាញ។ រីឯនៅមីយ៉ាន់ម៉ាឯណោះវិញ ទឹកជំនន់ដែលបង្កឡើងដោយឥទ្ធិពល របស់ព្យុះ Yagi បានសម្លាប់មនុស្សកើន​ដល់ ១១៣នាក់ ខណៈជាង៣២០,០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង។

គួរបញ្ជាក់ថា សរុបជារួមមក ព្យុះ Yagi បានជះឥទ្ធិពលលើវៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា ជាមួយខ្យល់បក់យ៉ាងខ្លាំងក្លា និងការធ្លាក់ភ្លៀងយ៉ាងជោគជាំបំផុត អំឡុងចន្លោះពេលជាង១សប្តាហ៍មកនេះ ដោយបានបង្កជាគ្រោះទឹកជំនន់និងរអិលបាក់ដី ដែលបានឆក់យកជីវិតមនុស្សជាង៤០០នាក់៕