មន្ត្រីរាជរដ្ឋាភិបាលកាលពីម្សិលមិញបានការពារការរៀបចំបង្កើត «ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន» និងបានពន្យល់ត្រឡប់ទៅអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ៤ រូបរបស់អង្គការសហប្រជាជាតិដែលបានសរសេរលិខិតបង្ហាញក្ដីបារម្ភថា ច្បាប់នេះរឹតត្បិតសេរីភាពពលរដ្ឋ។
មុនពេលព្រឹទ្ធសភាគ្រោងនឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃសុក្រនេះ ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី "ការគ្រប់គ្រងប្រទេសស្ថិតក្នុងភាពអាសន្ន" អ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសរសេរលិខិតមួយមកកាន់រដ្ឋាភិបាលកម្ពុជាស្នើសុំការពន្យល់អំពីការបង្កើតច្បាប់នេះ ដោយក្នុងនោះពួកគេបានបង្ហាញក្ដីបារម្ភលើការរឹតត្បិតសេរីភាពពលរដ្ឋ។
លិខិត ៤ ទំព័រដែលចុះថ្ងៃទី ៩ មេសា ត្រូវបានធ្វើឡើងរួមគ្នាដោយលោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី Leigh Toomey អនុប្រធានក្រុមការងារស្ដីពីការឃុំឃាំងតាមទំនើងចិត្តលោក Dainius Puras អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិសម្រាប់មនុស្សគ្រប់រូបក្នុងការទទួលបានសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងស្ដង់ដាខ្ពស់បំផុត និងលោកស្រី Fionnuala NiAolain អ្នករាយការណ៍ពិសេសស្ដីពីការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សេរីភាពមូលដ្ឋានក្នុងពេលប្រយុទ្ធនឹងភេរវកម្ម។
ក្រុមអ្នកជំនាញដដែលថ្លែងថា ច្បាប់ដែលនឹងត្រូវអនុម័តឆាប់ៗនេះនឹងផ្ដល់ការការពារយ៉ាងខ្លាំងលើសិទ្ធិស្ដីពីការទទួលបានសុខភាពក្នុងពេលជំងឺកូវីដ១៩កំពុងរាតត្បាត។
ពួកគេបន្ថែមថា៖ «ប៉ុន្តែយើងបារម្ភថា នៅពេលច្បាប់នេះត្រូវអនុម័តច្បាប់នេះអាចរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពក្នុងការជួបជុំ និងការប្រមូលផ្ដុំដោយសន្តិវិធី សិទ្ធិក្នុងការដើរហើរដូចដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលកម្ពុជាបានធ្វើសច្ចាប័នកាលពីថ្ងៃទី ២៦ ឧសភា ឆ្នាំ ១៩៩២»។
លិខិតដដែលបន្តថា៖ «លើសពីនេះទៀតក្ដីបារម្ភក៏មានទៅលើភាសាដែលប្រើពាក្យទូលំទូលាយពាក់ព័ន្ធនឹងអំណាច និងការដាក់ទោសទណ្ឌរួមមានទាំងការផ្ដន្ទាទោស ដែលមានរហូតដល់ ១០ ឆ្នាំសម្រាប់អ្នកដែលរំលោភច្បាប់នេះ»។
ក្រុមអ្នកជំនាញបន្តថា សេចក្ដីព្រាងច្បាប់នេះហាក់ដូចជាមិនបានផ្ដោតជាសំខាន់ទៅលើភាពចាំបាច់ក្នុងការដោះស្រាយសេចក្ដីត្រូវការផ្នែកសុខភាពពលរដ្ឋដោយស្របច្បាប់ទេ។ ភាសាច្បាប់នេះត្រង់ចំណុចស្ដីពីការការពារសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ ជីវិត និងសុខភាពរបស់ពលរដ្ឋ ក៏ដូចជាស្ដីអំពីទ្រព្យសម្បត្តិ និងបរិស្ថានត្រូវបានសរសេរយ៉ាងទូលំទូលាយ ហើយហាក់ដូចគំរាមថា នឹងរំលោភកាតព្វកិច្ចរបស់កម្ពុជាក្នុងការគោរពតាមសិទ្ធិមនុស្សជាអន្តរជាតិ។
ក្ដីបារម្ភក៏ត្រូវបានលើកឡើងអំពីអំណាចរបស់រដ្ឋាភិបាលក្នុងការពិនិត្យ ឃ្លាំមើល និងប្រមូលព័ត៌មានជាចាំបាច់ពីប្រព័ន្ធទំនាក់ទំនងគ្រប់ទម្រង់។ លើសពីនេះពួកគេក៏បារម្ភអំពីការរឹតត្បិតការចែករំលែក និងផ្សព្វផ្សាយព័ត៌មានដែលអាចបង្កការភ័យខ្លាចដល់សង្គមនិងបង្កចលាចលប៉ះពាល់ដល់សន្តិសុខជាតិ ឬបង្កការយល់ច្រឡំទៅលើស្ថានភាពប្រទេសស្ថិតក្នុងគ្រាអាសន្ន។ ក្ដីបារម្ភក៏មានលើការប្រើពាក្យទូលាយដែលអាចធ្វើឲ្យមានការបកស្រាយច្បាប់ និងការអនុវត្តខុសផងដែរ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ថ្លែងថាអ្វីដែលកម្ពុជាធ្វើនោះគឺធ្វើស្របទៅនឹងរដ្ឋធម្មនុញ្ញ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «នីតិរដ្ឋត្រូវការច្បាប់ ត្រូវការបំពេញបន្ថែមឲ្យគ្រប់ជ្រុងជ្រោយលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលនេះជាសិទ្ធិ និងអធិបតេយ្យភាពរបស់កម្ពុជាផ្ដាច់មុខ។ មិនមែនមានអង្គការណា ទោះជាអង្គការខ្នាតអន្តរជាតិក៏ដោយ ក៏មិនមានសិទ្ធិលូកលាន់កម្ពុជា ដែលរាជរដ្ឋាភិបាលអនុវត្តតាមរដ្ឋធម្មនុញ្ញនោះទេ»។
លោកលើកជាឧទាហរណ៍ថា ការបំពាក់អាវុធដល់កងកម្លាំង ឬប៉ូលិសដើម្បីបុព្វហេតុការពារសន្តិភាព និងសុវត្ថិភាពរបស់ប្រជាជាតិមិនមែនជាកំហុសទេ ប៉ុន្តែត្រូវធ្វើឡើងតាមវិធានត្រឹមត្រូវ។
លោកថ្លែងថា៖ «ដូច្នេះគេមិនគួរបារម្ភខ្លាំងទេ សូម្បីសហរដ្ឋអាមេរិកក៏មានច្បាប់នោះដែរ អង់គ្លេសមានច្បាប់នោះដែរ ហើយប្រទេសកំពុងតែអនុវត្តច្បាប់របៀបនេះនៅអាស៊ីមាន ៤ ឬ ៥ ប្រទេស តែកម្ពុជាអត់ដែលមានច្បាប់នេះទេ។ ដូច្នេះកម្ពុជាចង់បាននីតិរដ្ឋមួយដែលជាសក្ដានុពលស្របតាមច្បាប់ដែលតម្រូវឲ្យរាជរដ្ឋាភិបាលជាអង្គនីតិប្រតិបត្តិធ្វើតាម»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា CHRC បានថ្លែងកាលពីម្សិលមិញថា ក្រុមអ្នកជំនាញរបស់អង្គការ
សហប្រជាជាតិធ្វើការរិះគន់ដល់ការបង្កើតច្បាប់របស់កម្ពុជា ខណៈដែលប្រទេសរបស់ពួកគេមានច្បាប់នេះ ហើយក៏កំពុងអនុវត្តច្បាប់នេះទៀតផង។ លោកពន្យល់ថា កម្ពុជាត្រូវការច្បាប់នេះជាការចាំបាច់ ហើយច្បាប់នេះគួរតែមានតាំងពីឆ្នាំ ១៩៩៣មកម្ល៉េះ។
លោកបន្តថា ការធ្វើច្បាប់នេះធ្វើឡើងតាមស្ដង់ដាសិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ ក៏ដូចជាបទពិសោធដែលប្រទេសនានាបានអនុវត្ត។
លោកថ្លែងថា៖ «ពាក់ព័ន្ធនឹងការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋនោះគឺជាគោលការណ៍ច្បាប់អន្តរជាតិនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សក៏អនុញ្ញាតឲ្យមានការរឹតត្បិតនូវសិទ្ធិសេរីភាពរបស់ពលរដ្ឋដែរ នៅក្នុងស្ថានភាពគ្រាអាសន្ន។ ក៏ប៉ុន្តែការរឹតត្បិតត្រូវធ្វើឡើងដោយច្បាប់ ដើម្បីប្រយោជន៍សាធារណៈប្រយោជន៍រួមរបស់សង្គមជាតិ»។
លោកបន្តថា នៅពេលច្បាប់នេះចូលជាធរមាន ហើយបើសិនវាត្រូវបានប្រើដើម្បីដាក់ប្រទេសក្នុងគ្រាអាសន្ន រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការចាំបាច់ និងសមស្រប។ វិធានការនោះនឹងត្រូវបានពិនិត្យដោយរដ្ឋសភា និងព្រឹទ្ធសភា មិនមែនគ្មានដែនកំណត់នោះទេ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «បើរដ្ឋសភា និងព្រឹទ្ធសភាពិនិត្យឃើញថា វិធានការមិនសមស្រប មិនចាំបាច់ គឺរដ្ឋសភា និងព្រឹទ្ធសភាអាចប្រកាសបញ្ចប់កាលៈទេសៈនៃភាពអាសន្ននោះបាន។ អ៊ីចឹងបញ្ញត្តិនៃច្បាប់នេះមិនមែនបានន័យថាឲ្យអំណាចទៅរដ្ឋាភិបាលគ្មានដែនកំណត់ហើយជិះសេះលែងដៃទេ គឺស្ថិតក្រោមយន្តការត្រួតពិនិត្យរបស់សភាតាមប្រជាធិបតេយ្យបែបសភានិយម» ។
លោកបញ្ជាក់ថា ចំណុចពិសេសមួយទៀតនៃច្បាប់នេះគឺអាជ្ញាធរសាធារណៈមិនអាចប្រើអំណាចតាមទំនើងចិត្តនោះទេ ពួកគេនឹងទទួលខុសត្រូវតាមផ្លូវច្បាប់នូវទង្វើដែលពួកគេធ្វើខុសពីគោលបំណងនៃច្បាប់នេះ៕