Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ បន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងពង្រឹងការ​តាម​ដាន​ការអនុវត្តវិធានការ

Sang Kim | May 27, 2020
រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ បន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងពង្រឹងការ​តាម​ដាន​ការអនុវត្តវិធានការ
Clinic narith

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ បន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងពង្រឹងការ​តាម​ដាន​ការអនុវត្តវិធានការការពារ ជាពិសេសហាមឃាត់ការជួបជុំឬការប្រមូលផ្តុំនានានៅក្នុងមូលដ្ឋាន​រហូត​ដល់​ខែ​កញ្ញា ដើម្បីការពាររលកទី២នៃការចម្លងមេរោគកូវីដ១៩នៅរាជធានីភ្នំពេញ។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ​បានលើកឡើងនៅក្នុងសេចក្តីណែនាំកាលពីថ្ងៃចន្ទថា នាពេលថ្មីៗនេះ ស្ថាន​​ការណ៍​នៃការចម្លង​​មេរោគ​កូវីដ១៩ បានធូរស្បើយមួយកម្រិ​ត ដោយ​អ្នកផ្ទុក​វីរុស​កូវីដ១៩ ចំនួន១២២នាក់ ត្រូវ​បានជាសះស្បើយ និងនៅសល់​អ្នក​ផ្ទុក​វីរុស​នេះចំនួន២​​នាក់ទៀត ដែលកំពុងសម្រាកព្យាបាល។ លោកបានបន្តថា ប៉ុន្តែ​​ទន្ទឹមនឹង​ការថម​ថយ​នៃការរីករាលដាលមេរោគនេះ ក៏អត្រា​អ្នកឆ្លង​​នៅលើពិភពលោកនៅតែមានកម្រិត​ខ្ពស់​នៅ​ឡើយ ដែល​ទាមទារ​ឲ្យ​មាន​ការ​បង្ការ និងទប់ស្កាត់បន្ថែមទៀត។

 

ដើម្បី​ធានា​បាននូវសុខមាលភាពសាធារណៈ ក៏ដូចជា​បញ្ចៀស​ហានិភ័យ​នៃរលក​ទី២ការចម្លង​វីរុស​​​​​កូវីដ​១៩ នៅលើ​ផ្ទៃ​ប្រទេស ជាពិសេសនៅតាមសហគមន៍នោះ លោកឃួង ស្រេង ​បានណែនាំដល់អាជ្ញាធរខណ្ឌ​ទាំង​អស់ ត្រូវ​បន្ត​ផ្សព្វ​​ផ្សាយ​ អប់រំ និងណែនាំ​ដល់ប្រជាពលរដ្ឋ​ ជា​ពិសេស​កម្មករ-កម្មការិនីនៅតាមបណ្តា​ររោងចក្រនានា អនុវត្តនូវវិធានការ​​អនាម័យ និងរក្សាគម្លាត​​សុវត្ថិភាព​សង្គមនិងបុគ្គលជាចាំបាច់។

 

 

លោកបានបន្តថា៖ «ត្រូវបន្តហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំ ដូចជា កម្មវិធី​ជប់លៀង​ឬ​ការជួបជុំបែប​សាសនា​​ទាំង​អស់ក្នុងមូលដ្ឋាន រហូតដល់ខែកញ្ញា ឆ្នាំ២០២០ និង​ត្រូវបន្តចុះពិនិត្យ​និងតាមដាន​ការអនុវត្ត​វិធានការ​​ផ្អាកបណ្តោះ​អាសន្ន​នូវទីតាំងអាជីវកម្ម​មួយ​ចំនួន ដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ​ក្លឹបកម្សាន្ត បៀរហ្គាឌិន អាជីវកម្ម​ម៉ាស្សា​សុខភាពនិងស្ប៉ា»។

 

លោកក៏បានណែនាំដល់អាជ្ញាធរ​ទាំងអស់ ត្រូវ​ចុះត្រួត​ពិនិត្យ​តាមដាន​នៅតាម​ភោជនីយ៍ដ្ឋាន​​ អាហារដ្ឋាន​​​ និងកន្លែង​លក់​​​ដូរ​នានា​ ឲ្យអនុវត្តវិធានការបង្ការ ដូចជា​ ត្រូវរៀបចំជែលឬអាល់កុលលាងដៃ​ នៅមុខច្រកទ្វារចេញ​ចូល​និងត្រូវ​ចាត់​បុគ្គលិកវាស់កម្តៅភ្ញៀវ​ទាំងអស់ ហើយក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មមិនអនុវត្តតាម ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​​អាជីវកម្ម​នោះ​ជាបណ្តោះអាសន្ន។

លោកបានបន្ថែមថា​ ត្រូវចុះ​ស្រង់ស្ថិតិ​ប្រជាពលរដ្ឋដែលទើបមកពីក្រៅប្រទេស និងណែនាំឲ្យពួកគាត់​ធ្វើ​ចត្តាឡីស័ក​​​ និងតាមដានសុខភាព​ផ្ទាល់ខ្លួនជាប្រចាំ​​រយៈពេល​១៤ថ្ងៃ និងត្រូវ​ចុះពិនិត្យស្ថានភាព​នៅទីកន្លែងស្នាក់នៅ​របស់​ប្រជា​ពលរដ្ឋ​ដែលធ្វើចត្តាឡីស័កទាំងអស់ រួមនិងការអនុវត្តឲ្យបានម៉ឹងម៉ាត់បន្ថែមទៀត នូវវិធានការបង្ការ និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺនេះ​របស់ក្រសួងសុខាភិបាល និងស្ថាប័ន​ពាក់ព័ន្ធ។

អភិបាលខណ្ឌឬស្សីកែវ​ លោកជា ពិសី បានមានប្រសាសន៍កាលពីថ្ងៃអង្គារ​​ថា ក្រោយពីបាន​ទទួលការណែនាំ​នោះ ​អាជ្ញាធរខណ្ឌ បាននិងកំពុងអនុវត្តនូវវិធានការដែលបានដាក់ចេញនោះ ដូចជា ការផ្សព្វផ្សាយអប់រំ​​បន្ថែមដល់​ប្រជា​ពលរដ្ឋ ចុះទប់ស្កាត់​​​មិនឲ្យ​មានការបើកលួ​ចលាក់​នូវ​​ក្លឹបហាត់ប្រាណ KTV ​ក្លឹបកម្សាន្ត បៀរហ្គាឌិន និង​​ទីតាំង​​ផ្សេងៗទៀត​ រួមនឹង​ការត្រួតពិនិត្យតាមអាហារដ្ឋាននានាជាដើម។ លោកថា៖ «យើងបានប្រជុំ​ផ្សព្វផ្សាយ​សេចក្តី​ណែ​នាំ​នេះ ​​​ដល់​សង្កាត់​ទាំង៧ រួមនឹងអាជ្ញាធរ​ភូមិ និងយុវជន ហើយយើងនឹងបន្តពង្រឹងការងារនេះបន្ថែមទៀត ដើម្បី​​ចូល​រួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ​១៩នេះ»។

 

លោក ជា ពិសី​ បានកត់សម្គាល់ឃើញថា កាលពីមានករណី​ឆ្លងរាលដាលជំងឺនេះដំបូង ប្រជាពលរដ្ឋហាក់មានកា​រ​ភ័យ​ខ្លាចនឹងការឆ្លង ដោយ​បានអនុវត្តវិធាន​ការការពារខ្លួនបានយ៉ាងល្អ ប៉ុន្តែ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្លះ​​ហាក់​​មាន​ការ​ធូរ​រលុង​ខ្លះ​​ក្នុងការការពារ ប៉ុន្តែ​អាជ្ញាធរនឹងបន្តពង្រឹងការងារផ្សព្វផ្សាយបន្ថែមទៀតលើបញ្ហានេះ។

 

 

កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋ​ឲ្យបន្តការ​​ប្រុងប្រយ័ត្ន និង​អនុ​វត្ត​នូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល បើទោះជា​អ្នកជំងឺ​នេះបានព្យាបាលសះស្បើយ​ចំនួន​១២២នាក់ និង​មាន​ករណី​​​ឆ្លងថ្មីដែលនាំចូលពីក្រៅ ចំនួន២នាក់ក៏៏ដោយ​។ លោកបានបញ្ជាក់​ថា៖ «​ដូច្នេះ យើងមិន​ត្រូវមាន​ការ​​ធ្វេស​ប្រហែស មើលស្រាល​ចំពោះជំងឺឆ្លងដ៏កាចសាហាវនេះឡើយ…ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពី​​ជំងឺឆ្លងនេះ និងត្រូវបង្កើនអនាម័យ​សុខភាពរស់នៅឲ្យបានល្អ»៕