រហូតដល់ម៉ោង ៨:០០ព្រឹក ថ្ងៃទី ០៦ មិថុនា ២០២០ ប្រទេសកម្ពុជាយើងពុំមានរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ។ ហេតុដូចនេះចំនួនសរុបកូវីដ-១៩ មាន ១២៥នាក់ដដែល (ដែលរាប់ទាំងអ្នកជាសះស្បើយ) ក្នុងនោះចំពោះចំនួនអ្នកសំរាកពេទ្យវិញមាន ២ នាក់ ហើយចំនួនជាសះស្បើយសរុបចំនួន១២៣នាក់ និងស្លាប់គ្មាន ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងកម្ពុជា ហៅកាត់ថា (CDC)។
នាយដ្ឋានប្រយុទ្ធជំងឺឆ្លងក៏បានបញ្ជាក់ផងដែរថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ ។
នាយដ្ឋានបន្ដថា យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ ហើយក៏ត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យើងក៏ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមជម្របផងដែរថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ដែលជាបុរសជនជាតិចិន ដែលបានធ្វើដំណើរមកទឹកដីប្រទេសកម្ពុជា ស្ថិតនៅក្នុងខេត្ដព្រះសីហនុ ហើយរូបលោកក៏ត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ នេះដំបូងគេបង្អស់ផងដែរ។ បើតាមប្រភពដដែលគិតមកដល់ពេលនេះ ប្រទេសកម្ពុជាយើងបានធ្វើតេស្តរកមេរោគកូវីដ-១៩ សរុបចំនួន ២៣,១៥៦ ដែលស្មើនឹង ១,៣៩៤ ក្នុងចំណោមនុស្សចំនួន ១ លាននាក់។ ពត៌មានបន្ថែមសូមទាក់ទងលេខ 115