ពហុកីឡដ្ឋានជាតិមរតកតេជោដែលត្រៀមសម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវបានអូសបន្លាយបញ្ចប់ការសាងសង់ដល់ដើមឆ្នាំ ២០២១វិញ ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដ-១៩ នេះ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូនសំភារៈមួយចំនួនផងដែរ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)និងជាអគ្គលេខាធិការ CAMSOCបានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា មកទល់ពេលនេះ ដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានជាង៨០ ភាគរយហើយ ដោយការសាងសង់នេះគ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែមីនាឆ្នាំ២០២១។
លោកបានបញ្ជាក់ថា “ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩បានធ្វើឱ្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវអូសបន្លាយរហូតដល់ខែមីនា ឆ្នាំ២០២១ ខណៈពីដំបូងគណៈកម្មការវាយតម្លៃថា ការសាងសង់នឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២០នេះ។ លោកបន្តថា “សំណង់រឹងនៃពហុកីឡដ្ឋានខាងលើនេះបានធ្វើរួចរាល់ គឺនៅតែបំពាក់គ្រឿងបរិក្ខារដូចជាកៅអី បង្កាន់ដៃ ដំបូល កញ្ចក់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបំពាក់នៅក្រោមអគារប៉ុណ្ណោះ”។ សម្រាប់តែកៅអីអង្គុយបេតុង នៅក្នុងពហុកីឡដ្ឋានជាតិដ៏ទំនើបនេះ មានទម្ងន់ធ្ងន់ជាងគេរហូតដល់ទៅ ៩.៧៤តោន ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងបំពាក់ជាមួយប្រព័ន្ធ QR Code ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃកៅអី ដើម្បីត្រួតពិនិត្យគុណភាពបេតុងកៅអីនេះ ដូចជា ភាពស្មើក្នុងការលើកដាក់ជាដើម។
គួរបញ្ចាក់ផងដែរថា ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation លើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់៕