សៀមរាប ៖ គ្រប់បណ្តាមណ្ឌលកំសាន្តមនុស្សពេញវ័យប្រមាណជាង៤០កន្លែងនៅក្រុងសៀមរាប បានផ្អាកអាជីវកម្មបណ្តោះអាសន្ន រក្សាបាននូវភាពស្ងប់ស្ងាត់ ដែលជាការចូលរួមរបស់ប្រតិបត្តិករទេសចរណ៍ពាក់ព័ន្ធ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាទប់ស្កាត់កូវីដ–១៩ ក្នុងសភាពការណ៍ថ្មី ( ៣វិច្ឆិកា ) ។
មណ្ឌលកំសាន្តមនុស្សពេញវ័យ ដែលសំដៅទៅលើរង្គសាល បៀរហ្គាឌិន ខេធីវី និង ឌីស្កូតេក ត្រូវបានបិទទ្វារផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្នទាំងអស់ នៅក្រុងសៀមរាប។ នេះបើយោងតាមលទ្ធផល នៃការចុះឃ្លាំមើលរបស់ប្រធានមន្ទីរទេសចរណ៍ និងសហការី នារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានកិច្ចប្រជុំរវាងអាជ្ញាធរខេត្ត ជាមួយប្រតិបត្តិករពាក់ព័ន្ធ កាលពីប៉ុន្មានថ្ងៃមុននេះ ទប់ស្កាត់រលកទី២ នៃការចម្លងវីរុសជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (កូវីដ–១៩)។
ការផ្អាកអាជីវកម្មក្លឹបកំសាន្តនេះ គឺជាការគោរពតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់នៃប្រមុខរាជរដ្ឋាភិបាល និងយោងតាមការណែនាំរបស់ក្រសួងទេសចរណ៍ រួមទាំងវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងសុខាភិបាល ដែលជាចំណាត់ការថ្មី ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា។
ជាមួយលទ្ធផលនៃការឃ្លាំមើលនោះ លោកប្រធានមន្ទីរទេសចរណ៍វាយតម្លៃថា ៖ នោះគឺជាស្ថានភាពមួយ ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីការចូលរួមរបស់ម្ចាស់ក្លឹបកំសាន្តដែលមានក្នុងក្រុងសៀមរាបប្រមាណជាង៤០កន្លែង ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពក្នុងវិស័យទេសចរណ៍ ដែលជាវិស័យងាយបង្កហានិភ័យ។
លោកក៏បានបញ្ជាក់ឲ្យដឹងដែរថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកានេះ ខេត្តសៀមរាប បានផ្សព្វផ្សាយនិងដាក់ឲ្យអនុវត្តភ្លាមៗ នូវសេចក្តីជូនដំណឹងរបស់ក្រសួងជំនាញ ក្រោមការចេញបទបញ្ជាដោយគណៈបញ្ជាការឯកភាពខេត្ត និងមានវត្តមាន លោកអភិបាលរងខេត្ត១រូប ទទួលបន្ទុកលើកិច្ចប្រតិបត្តិការនេះ។
គួររំលឹកដែរថា នៅក្នុងកិច្ចប្រជុំរវាងអាជ្ញាធរខេត្ត ជាមួយម្ចាស់មណ្ឌលកំសាន្តមនុស្សពេញវ័យកន្លងមកនេះ អាជ្ញាធរខេត្តព្រមានថា ម្ចាស់ក្លឹបកំសាន្តណាមួយដែលមិនអនុវត្តតាមវិធានការផ្អាកអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីទេនោះ នឹងត្រូវប្រឈមចំពោះការបញ្ឈប់អាជីវកម្មស្ថាពរ នឹងដកហូតអាជ្ញាប័ណ្ណអាជីវកម្មផងដែរ។
យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តសៀមរាប សង្ឃឹមថា ចាប់ពីពេលនេះទៅ ពុំមានក្លឹបកំសាន្តណាមួយ បំពានបំរាមបណ្តោះអាសន្ននេះឡើយ ហើយក៏មានជំនឿដែរថា ប្រតិបត្តិករ ម្ចាស់ក្លឹបកំសាន្តទាំងអស់ ពិតជាព្រមយល់ នឹងការអនុវត្តប្រកបដោយភាពស្មោះត្រង់ មិនធ្វើឲ្យមណ្ឌលកំសាន្តរបស់ខ្លួន ក្លាយជាមណ្ឌលចម្លងកូវីដ–១៩ បង្កឲ្យមានហានិភ័យក្នុងសហគមន៍នោះឡើយ៕