ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) រំពឹងថា ការអភិវឌ្ឍគម្រោងសាងសង់ព្រលានយន្តហោះថ្មីខ្នាតតំបន់នៅខេត្តមណ្ឌលគិរី ដែលមានតម្លៃប្រហែល ៨០ លានដុល្លារ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១០ ខែកុម្ភៈ បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី។
គណៈកម្មការនេះមានភារកិច្ចសំខាន់ៗមួយចំនួនដូចជា ដឹកនាំ និងចរចាលើការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) ជាមួយក្រុមហ៊ុន Powerchina International Group (PIG) ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មីនៅខេត្តមណ្ឌលគិរី។
គណៈកម្មការនេះក៏មានតួនាទីដឹកនាំ ពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ទៅលើការសិក្សាទាំងឡាយណាពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ហើយក៏ដឹកនាំ និងចរចាលើការរៀបចំកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជនរហូតដល់ចុះកិច្ចសន្យាជាស្ថាពរជាដើម។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការសិក្សាពីការអភិវឌ្ឍអាកាសយានដ្ឋានថ្មីនេះនឹងបញ្ចប់នៅចុងខែកុម្ភៈនេះដើម្បីដាក់ការសិក្សាជូនរដ្ឋាភិបាលធ្វើការសម្រេច។ លោកបន្តថា៖ «បច្ចុប្បន្នយើងកំពុងអនុវត្តនីតិវិធីដំណើររៀបចំលើកិច្ចការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះ»។
លោក ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា បន្ទាប់ពីការសិក្សាចប់សព្វគ្រប់ភាគីនឹងពិភាក្សាចរចាគ្នានៃកិច្ចព្រមព្រៀងទាំងអស់នោះទៅក្នុងកិច្ចព្រមព្រៀងសម្បទានដែលត្រូវការពេលជិត ១ ឆ្នាំទៀត ទើបអាចចាប់ផ្ដើមបានគម្រោងនេះ។
បើតាមលោក ចាន់សិរីវុត្ថា ព្រលានយន្ដហោះថ្មីនេះនឹងសាងសង់លើដី ៣០០ ហិកតា ដែលមានទុនវិនិយោគប្រហែល ៨០ លានដុល្លារ។
រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ជ្រើសរើសក្រុមហ៊ុន PIG ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍសំណើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីខ្នាតតំបន់នៅខេត្តមណ្ឌលគិរីដោយតម្រូវឱ្យក្រុមហ៊ុនទទួលរ៉ាប់រងលើចំណាយនៃការសិក្សាសមិទ្ធលទ្ធភាពគម្រោងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការកាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីធ្លាប់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អាជ្ញាធរខេត្តកំពុងធ្វើការកំណត់ព្រំដីព្រលានយន្តហោះថ្មីដែលមានផ្ទៃក្រឡាប្រមាណ ៦០០ ហិកតា ស្ថិតនៅចម្ងាយជាង ២០ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។
សព្វថ្ងៃប្រទេសកម្ពុជាកំពុងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ រួមមាន ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ដែលគ្រប់គ្រងដោយក្រុមហ៊ុន Cambodia Airports ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports។
កម្ពុជាក៏ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន ២ ទៀត គឺព្រលានយន្តហោះអន្តរជាតិសៀមរាប សាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co Ltd(AIAI) ជាមួយទុនវិនិយោគជិត ៩០០ លានដុល្លារ ដែលគ្រោងនឹងបញ្ចប់គម្រោងនៅឆ្នាំក្រោយ និងព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀតនៅក្នុងរាជធានីភ្នំពេញក្នុងតម្លៃ ១៥០០ លានដុល្លារ ហើយគ្រោងនឹងដាក់ឱ្យដំណើរការដំណាក់កាលទី ១ នៅក្នុងឆ្នាំ ២០២៣ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេស (OCIC) ជាមួយនិងក្រុមហ៊ុនចិន ដោយកាន់ភាគហ៊ុនរួម ៩០ ភាគរយ និង ១០ ភាគរយផ្សេងទៀតគ្រប់គ្រងដោយ SSCA៕