Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរខេត្ត​ចំនួន ១៥ បានសម្រេច​បិទ​ខ្ទប់​ក្រុង និង​ភូមិ​មួយចំនួន​ក្នុង​ដែនដី​របស់ខ្លួន

Admin Alynana | Apr 26, 2021
អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរខេត្ត​ចំនួន ១៥ បានសម្រេច​បិទ​ខ្ទប់​ក្រុង និង​ភូមិ​មួយចំនួន​ក្នុង​ដែនដី​របស់ខ្លួន
Clinic narith

ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរខេត្ត​ចំនួន ១៥ បានសម្រេច​បិទ​ខ្ទប់​ក្រុង និង​ភូមិ​មួយចំនួន​ក្នុង​ដែនដី​របស់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ទៅក្នុង​សហគមន៍ បន្ទាប់ពី​រកឃើញ​នៅ​តំបន់​នោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩។

ការសម្រេច​បិទខ្ទប់​នេះ បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច និង​បានផ្តល់​សិទ្ធិ​ឱ្យ​អភិបាល​រាជធានី-ខេត្ត បិទខ្ទប់​ទីតាំង ភូមិ ឃុំ/សង្កាត់ ក៏ដូចជា​ស្រុក/ខណ្ឌ/ក្រុង​ទាំងឡាយ​ណា ដែល​មាន​ការឆ្លង​ជំងឺ​កាចសាហាវ​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ។

បើ​គិត​ត្រឹម​ថ្ងៃទី ២៦ មេសា​នេះ​មាន​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ក្រុង​ប៉ោយប៉ែត​នៃ​ខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ នៃ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​ត្រូវបាន​បិទ​ខ្ទប់​ទាំងស្រុង។

ក្រៅពីនេះ​នៅតាម​បណ្តា​ទីតាំង ភូមិ និង​ឃុំ/សង្កាត់ ក្នុង​បណ្តា​ខេត្ត​ជាច្រើន​ទៀត​ក៏​ត្រូវ​បាន​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ផងដែរ។ ទីតាំង​ដែល​ត្រូវបាន​បិទ​ខ្ទប់​ទាំងនោះ​រួមមាន សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង ភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃបាក់ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង សង្កាត់​ស្វាយដង្គំ សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប។

ក្រៅពីនេះ នៅ​មាន​ឃុំ​ពោធិ៍ទី ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង មួយផ្នែក​នៃ​ភូមិ​អូរស្ពាន សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី ភូមិ​បន្ទាយរកា ឃុំ​ក្រាំង ដីវ៉ាយ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ ភូមិ​ខ្នាច​អំពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខគីរី ខេត្ត​បាត់ដំបង។

ខេត្ត​តាកែវ មាន ២ ភូមិ គឺ ភូមិ​ព្រៃស្តៅ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី និង​ភូមិ​ស្នោរ ឃុំ​ស្នោរ ស្រុក​ព្រៃកប្បាស។

ទីតាំង​ដែល​ត្រូវបាន​បន្ត​បិទខ្ទប់ រួមមាន ភូមិ​តាំងស្ទោង ឃុំ​តាំង​ក្រសៅ ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ឃុំ​ភ្ញីមាស ស្រុក​គិរីសាគរ ខេត្តកោះកុង ភូមិ​កោងកាង១ និង​ភូមិ​កោងកាង២ ក្នុង​ឃុំ​កោងកាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

ចំណែក​ខេត្ត​កំពង់ចាម​បាន​សម្រេច​បិទ​ខ្ទប់​រហូត​ដល់ ៤ ភូមិ រួមមាន ភូមិ​ទ្រា ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ ភូមិ​កំផ្លាក់ ឃុំ​បារាយណ៍ ស្រុក​ស្រីសន្ធរ ភូមិ​ថ្មីខ ស្ថិតក្នុង​ឃុំ​រកាគយ ស្រុក​កងមាស និង​ភូមិ​សំបូរ ស្ថិតក្នុង​ឃុំ​សំបូរ ស្រុក​បាធាយ។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត​នេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដោយសារ​បារម្ភ​ខ្លាច​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ ទើប​រដ្ឋបាលខេត្ត​សម្រេច​បិទខ្ទប់​ភូមិ​ដែលមាន​អ្នក​ឆ្លង​រយៈពេល ១៤ ថ្ងៃ។

លោក​ថា៖ «ពេល​គាត់​មាន​វិជ្ជមាន​កូវីដ១៩ គាត់​បាន​បន្ត​ចម្លង​ដល់​សមាជិក​គ្រួសារ​គាត់។ ដូចនេះ​ហើយ​ទើប​សម្រេច​បិទ​ភូមិ​មិនឱ្យ​មាន​ការចេញចូល​រយៈពេល ១៤ ថ្ងៃ ហើយ​ឃើញថា បន្ទាប់ពី​មាន​ការបិទ​ភូមិ​មក​ដល់​ពេល​នេះ​មាន​ភាពធូរស្រាល ពុំមាន​អ្នក​ឆ្លង​បន្តទៀត​ទេ»។

ទោះយ៉ាងណា លោក​ថា ក្នុង​អំឡុងពេល​បិទ​ខ្ទប់ អាជ្ញាធរ​បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ក្នុង​តំបន់​នោះ ដោយ​បាន​រៀបចំ​ក្រុមការងារ​លក់ដូរ​ចល័ត។ បន្ថែម​ពីនេះ ក្រុម​ការងារ​ក៏បាន​ផ្តល់​គ្រឿង​បរិភោគ​មួយចំនួន​ដល់​គ្រួសារ​ដែល​ជួបប្រទះ​ការខ្វះខាត​ផងដែរ។

ទន្ទឹម​នឹងនេះ អភិបាល​ខេត្ត​តាកែវ លោក អ៊ូច ភា បាន​ថ្លែងថា អំឡុងពេល​បិទ​ខ្ទប់​ភូមិ អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​កំពុង​ស្វែងរក​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​បន្ថែមទៀត។

 

 

លោក​ថា៖ «យើង​កំពុង​ស្រាវជ្រាវ​រុករក​អ្នកពាក់ព័ន្ធ​ផ្សេងៗ ព្រោះ​យើង​មិនទាន់​ដឹងថា​មាន​អ្នកពាក់ព័ន្ធ​ប៉ុន្មាន​ទៀត​ទេ។ នៅពេល​ស្ថានភាព​ធូរស្រាល​យើង​នឹង​បើក​ភូមិ​វិញ»។

ក្នុង​អំឡុងពេល​នៃ​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់ បុគ្គល​គ្រប់រូប​មាន​កាតព្វកិច្ច​អនុវត្ត​វិធានការ​សុខាភិបាល រួមមាន ការពាក់​ម៉ាស់ និង​ការរក្សា​គម្លាត​សុវត្ថិភាព​ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ ដើម្បី​សម្លាប់​មេរោគ និង​ការវាស់​កម្ដៅ និង​មិន​អនុញ្ញាត​ឱ្យ​ចេញ-ចូល ឡើយ ដើម្បី​ប្រយុទ្ធ​នឹង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

បុគ្គល​ទាំងឡាយ​ណា​ដែល​មិន​គោរព​វិធាន​របស់​អាជ្ញាធរ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​មាន​កំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺឆ្លង​កាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន៕