Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រី​រដ្ឋាភិបាល​ច្រានចោល ការចោតប្រកាន់របស់ទូតអាមេរិកថា កម្ពុជា​មាន​​​ការរើសអើង​​​សេរីភាព​ខាង​សាសនា

Admin Alynana | May 17, 2021
មន្ត្រី​រដ្ឋាភិបាល​ច្រានចោល ការចោតប្រកាន់របស់ទូតអាមេរិកថា កម្ពុជា​មាន​​​ការរើសអើង​​​សេរីភាព​ខាង​សាសនា
Clinic narith

ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​របាយការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដែល​លើកឡើង​ថា កម្ពុជា​មាន​ការកើនឡើង​នូវ​ការរើសអើង​ខាង​​សេរីភាព​ខាង​សាសនា ក្នុង​អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ ​១៩​។

កាលពី​ថ្ងៃទី​ ១៣ ខែឧសភា​ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បានចេញ​ផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ ២០២០ ដោយ​លើកឡើងថា​៖ «​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​មេដឹកនាំ​សាសនា​មួយចំនួន​បាន​លើកឡើង​នូវ​អ្វីដែល​ពួកគេ​បាន​ថ្លែង​គឺ​ការកើនឡើង​នៃ​ការរើសអើង​ខាង​សាសនា​ក្នុង​អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ ​១៩»​។

 

លោក​ថ្លែងថា ក្នុងអំឡុង​ឆ្នាំ​ ២០២០ រដ្ឋាភិបាល​បាន​អញ្ជើញ​គណៈសង្ឃ​សាសនា​អ៊ិស្លាម ព្រះពុទ្ធសាសនា និង​គ្រិស្តសាសនា​មក​ពិភាក្សា​គ្នា​ដើម្បី​ត្រៀមលក្ខណៈ​ការពារ​ជំងឺ​កូវីដ​ ១៩ មិនឱ្យ​ឆ្លង​រីករាលដាល ដែល​នេះ​គឺជា​ច្បាប់​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩​។

 

លោក​បន្តថា​៖ «​ជាមួយ​បងប្អូន​ខ្មែរ​អ៊ិស្លាម​ហ្នឹង គេ​មិន​ឱ្យ​ជួបជុំគ្នា​ក៏ពិតមែន ក៏ប៉ុន្តែ​ការកប់ (​សព​) មិន​ឱ្យ​ដុត​នោះ​គឺ រាជរដ្ឋាភិបាល​បាន​ផ្តល់ឱកាស​ហ្នឹង​សម្រាប់​សាសនា​មូស្លីម​ដែរ​។ របាយការណ៍​ហ្នឹង​មិន​ស្តែង​ពី​ការពិត​ទេ​។ យើង​អត់​ទទួលយក​បានទេ​»​។

លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ដោយ​លោកស្រី​ប្រាប់ថា កំពុង​ជាប់រវល់​ការងារ​បន្ទាន់ ខណៈ​លោកស្រី​ យក់ សម្បត្តិ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​ ១៧ ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​មិនឱ្យ​មាន​ការជួបជុំ​សាសនា ដែល​ជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ ​១៩ ​របស់​រដ្ឋាភិបាល​។ 

 

របាយការណ៍​បញ្ជាក់ថា ព្រះវិហារ​គ្រិស្ត​មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​ការជួបជុំ​រវាង​អ្នក​កាន់សាសនា​គ្រិស្ត​នោះទេ​រហូត​ដល់​ថ្ងៃទី​ ១១ ខែកញ្ញា​ដែលជា​ពេល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ពួកគេ​មាន​ការជួបជុំ​ក្រោម​ការរឹតត្បិត​វិធានការ​សុខភាព​ដូចគ្នា​។

របាយការណ៍​បញ្ជាក់ថា កាលពី​ខែមីនា​នៅពេល​ដែល​រដ្ឋាភិបាល​បាន​អនុវត្ត​វិធានការ​សុខភាព​តឹងរ៉ឹង​ជាង​មុន​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ក្រសួង​សុខាភិបាល​បាន​ញែក​ប្រជាជន​មូស្លីម​កម្ពុជា​ចេញពី​ប្រជាជន​កម្ពុជា​ផ្សេងទៀត ឱ្យ​ចូល​ទៅជា​ប្រភេទ​ «​ខ្មែរ​អ៊ិស្លាម​» ​នៅក្នុង​ស្ថិតិ​នៃ​ការឆ្លង​ជំងឺ​កូវីដ​១៩​ផ្លូវការ​របស់​រដ្ឋាភិបាល​។ បន្ទាប់ពី​ទទួលរង​នូវ​ការរិះគន់​ជា​សាធារណៈ​ពី​ការបែងចែក​ក្រុម​ជនជាតិភាគតិច រដ្ឋាភិបាល​បានចាប់ផ្តើម​រាប់ការឆ្លង​ជំងឺ​កូវីដ​១៩​ជា​ផ្លូវការ​ថា​ជា​ «​ប្រជាជន​ខ្មែរ​» ​តែមួយ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​។

យោងតាម​របាយការណ៍ ក្រុម​សង្គម​ស៊ីវិល និង​មេដឹកនាំ​មូស្លីម​មួយចំនួន​បានលើក​ឡើង​អំពី​ការបែងចែក​ខ្មែរ​អ៊ិស្លាម​របស់​ក្រសួង​សុខាភិបាល​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ពី​ប្រជាជន​មូស្លីម​កម្ពុជា​ក្នុង​ចំនួន​ជាច្រើន​នាក់​ដែល​បាន​វិលត្រឡប់​ពី​ជួបជុំ​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី​ហើយ​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​។ មួយផ្នែក​ធ្វើឱ្យ​គេ​យល់ឃើញថា ប្រជាជន​មូស្លីម​កម្ពុជា​បាន​នាំ​វីរុស​នេះ​មក​ប្រទេស​កម្ពុជា​ដែល​បង្ក​ឱ្យ​មាន​ការរើសអើង​ទាំងនេះ​។

 

 

លោក​ សេង សុមុនី​អ្នកនាំពាក្យ​ក្រសួង​ធម្មការ និង​សាសនា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ថា រាជរដ្ឋាភិបាល​បាន​ប្រតិបត្តិ​បាន​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ​ដែល​ទទួល​ពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ និង​យកចិត្តទុកដាក់​គ្រប់​ជំនឿ​សាសនា​ទាំងអស់​ដែល​មាន​វត្តមាន​នៅ​កម្ពុជា​។ «​អ៊ីចឹង ការប្រតិបត្តិ​សាសនា​ហ្នឹង​មិន​មានអី​មើល​ឱ្យឃើញថា លម្អៀង​គ្នា​ទេ​នៅក្នុង​រដ្ឋធម្មនុញ្ញ​»​។ 

លោក​ថ្លែងថា ក្នុងសម័យកាល​កូវីដ​ ១៩ ​នេះ គ្រប់​សាសនា​ទាំងអស់​បានទទួល​ការយកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​ស្មើគ្នា​ទាំង​ពុទ្ធសាសនា អ៊ិស្លាម​សាសនា គ្រិស្តសាសនា និង​សាសនា​ដទៃទៀត​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៤ ខែឧសភា ថា ប្រទេស​កម្ពុជា​ពោរពេញ​ទៅដោយ​ភាពសុខដុមរមនា​នៃ​សេរីភាព​ខាង​សាសនា​។ «​ខ្ញុំ​វាយតម្លៃ​ទៅ​របាយការណ៍​ហ្នឹង​ហាក់ដូចជា​មិនបាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​អំពី​សេរីភាព​ខាង​សាសនា​នៅក្នុង​ប្រទេស​យើង​ទេ​»​។

លោក​បញ្ជាក់ថា ការបញ្ចេញ​អត្តសញ្ញាណ​ខ្មែរ​អ៊ិស្លាម​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​គឺ​មិនមែន​ធ្វើឡើង​សម្រាប់តែ​ខ្មែរ​អ៊ិ​ស្លាម​នោះទេ ប្រជាជន​ខ្មែរ​ដទៃទៀត​ក៏​ត្រូវ​បានបង្ហាញ​ដែរ​។ ប្រជាជន​ខ្លះ​ត្រូវបាន​បង្ហាញ​ទាំង​រូបថត និង​ឈ្មោះ​ក្នុងន័យ​បង្ហាញ​អត្តសញ្ញាណ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ឱ្យ​រួសរាន់​ដាក់ខ្លួន​ដាច់​ដោយឡែក ឬ​ទៅពិនិត្យ​សំណាក​ ដើម្បី​ចៀសវាង​ការឆ្លង​រីក​រាលដាល​។ នេះ​ជា​វិធានការ​សុខាភិបាល​។

កាលពី​ថ្ងៃទី​ ២៣ ខែ មេសា ឆ្នាំ​ ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​សុំ​ការយោគយល់​ពី​សាសនិក​ខ្មែរ​អ៊ិស្លាម​ដែល​ត្រូវ​លុប​កម្មវិធី​ជួបជុំ​ស្រាយ​បួសរ៉ាម៉ាដន​ថ្នាក់ជាតិ​លើក​ទី​ ៧ ដែល​បានគ្រោង​ថ្ងៃទី ​២៩ ខែ មេសា ២០២០​។

លោក​ ហ៊ុន សែន ​សរសេរថា​៖ «​ការផ្អាក​ការថ្វាយ​បង្គំ​នៅតាម​វិហារ ស៊ូរ៉ាវ ការជួបជុំ​លក្ខណៈ​សាសនា និង​សុំ​បន្ត​ការអនុវត្ត​តាម​សារាចរ​ណែនាំ​ពី​វិធី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ក៏ដូចជា​សេចក្តី​ណែនាំ​របស់​ចាងហ្វាង​នៃ​គណៈដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​កម្ពុជា​ទៅតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ បើទោះបី​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ហាក់​មាន​សភាព​ធូរស្រាល​ ប៉ុន្តែ​យើង​មិនត្រូវ​ភ្លេចខ្លួន និង​ធ្វេសប្រហែស​មើលស្រាល​ដល់​ជំងឺ​ដ៏កាចសាហាវ​នេះឡើយ​គឺ​ត្រូវ​​រួមគ្នា​ការពារ​ជាប់​ជានិច្ច​»៕