សៀមរាប៖ សត្វបង្កួយ Calotes និងសត្វតុកកែ Bent-toed ប្រភេទថ្មីចំនួន ២ ត្រូវបានរកឃើញនៅលើទឹកដីស្រុកបន្ទាយស្រីខេត្តសៀមរាប កាលពីពេលថ្មីៗនេះនៅក្នុងបរិវេណភ្នំក្បាលស្ពាននៃឧទ្យានជាតិភ្នំគូលែន ខណៈសត្វទាំង ២ ប្រភេទនេះ គឺជាកំណត់ត្រាថ្មីនិងលើកដំបូងបង្អស់ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់បានជួបប្រទះកាលពីមុនមកឡើយ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ ACCB (Angkor Centre for Conservation of Biodiversity) បានអះអាងលើទំព័រហ្វេសប៊ុករបស់ខ្លូនកាលពីពេលថ្មីៗនេះថា ក្រុមការងាររបស់ ACCB បានចូលរួមជួយសិក្សាស្រាវជ្រាវហើយបានរកឃើញនូវសត្វបង្កួយថ្មីមួយប្រភេទ គឺ Calotes goetzi ដែលមានវត្តមាននៅភ្នំក្បាលស្ពានក្នុងឧទ្យានជាតិភ្នំគូលែនស្ថិតក្នុងខេត្តសៀមរាប។ សត្វបង្កួយប្រភេទនេះមានរបាយរស់នៅតាមតំបន់ធំៗនៃឥណ្ឌូចិន រួមមាន ប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា និងថៃ ។
ACCB ក៏បានឲ្យដឹងទៀតថា ចំពោះសត្វតុកកែ Bent-toed Gecko ប្រភេទថ្មីមួយទៀតឈ្មោះ Bent-toed Gecko ភ្នំគូលែន(Cyrtodactylus kulenensis )ក៏ត្រូវបានរកឃើញលើទឹកដីស្រុកបន្ទាយស្រី កាលពីពេលថ្មីៗនេះ នៅក្នុងបរិវេណភ្នំក្បាលស្ពាននៃឧទ្យានជាតិភ្នំគូលែននេះផងដែរ។
សត្វតុកកែ Bent-toed gecko មានច្រើនជាង ៣០០ ប្រភេទ គឺជាពពួកសត្វតុកកែដែលមានចំនួនច្រើនប្រភេទជាងគេ។ ពួកវាមានរបាយរស់នៅតាមតំបន់តូចៗមួយចំនួនដូចជា តំបន់ភ្នំដាច់ៗពីគេ និងតំបន់ជួរភ្នំជាច្រើនផ្សេងទៀត នៅទ្វីបអាស៊ី និងអូស្ត្រាលី។ នេះបើតាម ACCB។
បន្ថែមពីនេះ សត្វតុកកែប្រភេទម្រាមកោង (Bent-toed) នេះ មានឈ្មោះតាមបែបវិទ្យាសាស្ត្រថា Cyrtodactylus ហើយត្រូវបានគេប្រសិទ្ធនាមឈ្មោះពេញថា Cyrtodactylus kulenensis ឬ“តុកកែម្រាមកោងភ្នំគូលែន” ក្នុងនោះពាក្យ Kulenensis តំណាងឱ្យភ្នំគូលែន និងកន្លែងដែលគេបានរកឃើញវាជាលើកដំបូង។
ចំណែកឯសត្វបង្កួយ Calotes វិញ ត្រូវបានគេហៅឈ្មោះថា Calotes goetzi ដោយដាក់ឈ្មោះតាម Dr. Goetz ដែលជាអ្នកទ្រទ្រង់ធំជាងគេមួយរបស់ ACCB។ ក្រុមការងារមជ្ឈមណ្ឌល ACCB បានជួយដល់កិច្ចការស្រាវជ្រាវ ដែលនាំឲ្យមានការរកឃើញនូវរបកគំហើញថ្មីនៃសត្វទាំង ២ ប្រភេទនេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ ACCB។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ ACCB បានលើកឡើងថា៖«ពួកយើងមិនត្រឹមតែធ្វើការផ្តោតទៅលើការអភិរក្សសត្វនៅក្រៅជម្រកធម្មជាតិប៉ុណ្ណោះទេ។ប៉ុន្តែពួកយើងក៏ចូលរួមក្នុងការអភិរក្សសត្វនៅក្នុងជម្រកធម្មជាតិផងដែរ»។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ២០ ឧសភាថា សត្វទាំង២ប្រភេទថ្មីនេះ គឺត្រូវបានរកឃើញនៅតាមដើមឈើ និងផ្ទាំងថ្មភក់នៅក្នុងឧទ្យានជាតិភ្នំគូលែន ហើយត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ ACCB ដែលមានមូលដ្ឋានផ្ទាល់នៅក្នុងស្រុកបន្ទាយស្រីតែម្តង។
ជាមួយគ្នានេះ លោកអភិបាលស្រុកបានអំពាវនាវដល់សាធារណជន ជាពិសេសភ្ញៀវទេសចរ គួរចំណាយពេលវេលាមកលេងស្រុកបន្ទាយស្រី និងឆៀងចូលរមណីយដ្ឋានភ្នំក្បាលស្ពានដើម្បីមកមើលឲ្យបានឃើញសត្វដ៏កម្រនិងស្រស់ស្អាតទាំង ២ ប្រភេទនេះនៅ ACCB ផងដែរ។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា៖ «អរគុណដល់ ACCB ដែលបានខិតខំប្រឹងប្រែងលើការងារអភិរក្សជីវចម្រុះ និងការងារស្រាវជ្រាវក្នុងរយៈកាលកន្លងមក ព្រមទាំងបានសហការ និងចែករំលែកព័ត៌មានដ៏គួរឲ្យរំភើបនេះជាមួយរដ្ឋបាលស្រុក ដើម្បីបានផ្សព្វផ្សាយជាចំណេះដឹងដល់សាធារណជនទូទៅ និងអ្នកទេសចរ»៕