Alynana Media Cambodia
Icon Collap
clinic narit

អគ្គនាយកដ្ឋាន​ពន្ធដារ៖ ការប្រមូល​ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​វិច្ឆិកា

Sang Kim | Jun 02, 2021
អគ្គនាយកដ្ឋាន​ពន្ធដារ៖ ការប្រមូល​ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងខែ​វិច្ឆិកា
Clinic narith

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ (GDT) ​បាន​ឱ្យដឹងថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២១ បានចាប់ផ្តើម​ដំណើរការ​ហើយ​កាលពី​ថ្ងៃទី​ ១ ខែមិថុនា ដោយ​នឹងត្រូវ​បញ្ចប់​នៅត្រឹម​ដំណាច់ខែ​វិច្ឆិកា​។

យោងតាម​លិខិត​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​ ២៨ ខែឧសភា របស់ GDT ឱ្យដឹងថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២១ នឹង​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែមិថុនា ដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១​។ ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​មក​ដាក់​លិខិត​ប្រកាស ឬ​យកមក​ជាមួយ​នូវ​បណ្ណ​សម្គាល់​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ និង​ធ្វើការ​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត-ខណ្ឌ ឬ​នៅ​ធនាគារ​ដែល​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

ដោយឡែក​សម្រាប់​យានយន្ត​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា ត្រូវ​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួលបាន​នូវ​លតាបត្រ​បង់ពន្ធ​ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)​។

ចំពោះ​យានយន្ត​របស់​ក្រសួង ស្ថាប័ន ឬ​អង្គភាព​ដែល​ត្រូវ​ទទួលបាន​លតាបត្រ​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ឬ​បង់​តាម​អាណត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ​ (​តារាង​កើនឡើង និង​ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​) ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លិខិត​បញ្ជាក់ថា​៖ «​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ តទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ និង​ធ្វើការ​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយណា​ដែល​មិនទាន់​បាន​ប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំកន្លងមក តាមច្បាប់​ស្តីពី​សារពើពន្ធ​ជា​ធរមាន​»​។

 

បើតាម GDT យានជំនិះ​គ្រប់​ប្រភេទ​ដែលជាប់​កាតព្វកិច្ច​បង់ពន្ធ​អាចធ្វើ​ការបង់ប្រាក់​ពន្ធ​តាមរយៈ​ធនាគារ​កាណាឌីយ៉ា ធនាគារ​អេស៊ីលីដា ធនាគារ​វឌ្ឍនៈ ធនាគារ​កម្ពុជា​សាធារណៈ ធនាគារ ៨ ត្រាស់ រ៉ូយ៉ាល់ ធនាគារ​ស្ថាបនា ធនាគារ​ប្រៃសណីយ៍​កម្ពុជា ព្រមទាំង​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ប្រាប់ទៅបណ្ដាញព័ត៌មាន ​ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១ ខែមិថុនា​ថា ដោយសារ​ការប្រមូល​ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​តែង​អនុវត្ត​ជា​រៀងរាល់ឆ្នាំ ព្រម​នឹង​ការកែលម្អ និង​ការអភិវឌ្ឍ​វិធីសាស្ត្រ​ប្រមូល​ពន្ធ​ជា​បន្តបន្ទាប់​លោក​គិតថា យុទ្ធនាការ​ប្រមូល​ពន្ធ​ឆ្នាំនេះ​នឹងធ្វើ​ទៅដោយ​រលូន ហើយ​ចំណូល​ពន្ធ​ដែល​រដ្ឋ​ប្រមូលបាន​ក៏​កើន​ផងដែរ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

លោក​ថ្លែងថា​៖ «​បើទោះបី​មិនមាន​តួលេខ ប៉ុន្តែ​ខ្ញុំ​គិតថា ប្រាក់ចំណូល​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​ពី​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំនេះ​នឹង​កើនឡើង​ធៀប​ឆ្នាំ​ ២០២០»​។ លោក​បន្ថែមថា​៖ «​ទោះបី​ចំណូល​ពន្ធ​នេះ​មិន​ច្រើន​ដូច​ពី​វិស័យ​ទេសចរណ៍​ដែល​កម្ពុជា​បាត់បង់​ដោយសារ​ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​ក្នុងការ​បង្កើន​ប្រាក់ចំណូល​ជាតិ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបាន​មាន​ចំនួន ២ ៨៨៩,០២ ​លាន​ដុល្លារ កើនឡើង ១០៤,៤៩ លាន​ដុល្លារ ស្មើនឹង ៣,៧៣ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩​។

ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ការ​នាំចូល​រថយន្ត​គ្រប់​ប្រភេទ​មក​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​មួយកម្រិត ដែល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ចុះ​អត្រា​អាករ​ពិសេស​លើ​មុខទំនិញ​រថយន្ត​ចន្លោះ​ពី ១០-២០ ​ភាគរយ​ចាប់ពី​ខែមីនា ឆ្នាំ​ ២០២១ ​មក ដើម្បី​ស្តារ​ទីផ្សារ និង​គាំទ្រ​ដល់​វិស័យ​ដឹកជញ្ជូន​ឡើងវិញ​៕