Alynana Media Cambodia
Icon Collap
clinic narit

គម្រោង​វិនិយោគ​វិស័យ​វាយនភណ្ឌ​ចំនួន​ ៣ ដែលបានផ្ដល់ការងារ ២,០០៥​កន្លែង​ត្រូវបាន​(CDC) យល់​ព្រមឱ្យ​វិនិយោគ

Admin Alynana | May 02, 2022
គម្រោង​វិនិយោគ​វិស័យ​វាយនភណ្ឌ​ចំនួន​ ៣ ដែលបានផ្ដល់ការងារ ២,០០៥​កន្លែង​ត្រូវបាន​(CDC) យល់​ព្រមឱ្យ​វិនិយោគ
Clinic narith

ភ្នំពេញៈ គម្រោង​វិនិយោគ​វិស័យ​វាយនភណ្ឌ​ចំនួន​ ៣ ដែលមាន​ទុនវិនិយោគ​សរុប ១៨,៨ ​លាន​ដុល្លារ និង​បង្កើត​ការងារ ២ ០០៥​កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) យល់​ព្រមឱ្យ​វិនិយោគ​កាលពី​សប្តាហ៍​កន្លងមក​។

 យោងតាម CDC គម្រោង​វិនិយោគ​ទាំង​ ៣ នេះ​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Orient Hongye (Cambodia) Knitting Co., Ltd នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣ ខណ្ឌ​មានជ័យ មាន​ទុនវិនិយោគ ៣ ​លាន​ដុល្លារ បង្កើត​ការងារ ៥១៤ ​កន្លែង​, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន Kylin (Cambodia) Sports Co., Ltd. នៅ​ខណ្ឌដង្កោ មាន​ទុនវិនិយោគ ៥,៣ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ៧១៤ ​កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Spearhead Commodities (Cambodia) Co., Ltd នៅ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​មាន​ទុនវិនិយោគ ១០,៥​ លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៧៧៧ ​កន្លែង​។

 អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​នៅពេលនេះ​ចំនួន​គម្រោង​វិនិយោគ​ដែល​ដាក់ពាក្យ​ស្នើសុំ និង​ទទួលបាន​ការអនុម័ត​ពី CDC កើនឡើង​ជា​បន្តបន្ទាប់​។ ការកើនឡើង​នៃ​ចំណាប់អារម្មណ៍​របស់​​វិនិយោគិន​ក្នុងស្រុក និង​ក្រៅប្រទេស​នៅក្នុង​ការ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា អាចមកពី​ការរួម​ផ្សំ​មួយចំនួន​ដូចជា ច្បាប់​វិនិយោគ​ថ្មី​ដែលមាន​លក្ខណៈ​ងាយស្រួល និង​មាន​ភាពទាក់ទាញ​, សុខភាព​សាធារណៈ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ និង​ចៀស​-​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​, កម្លាំង​ពលកម្ម​មានតម្លៃ​សមរម្យ និង​សម្បូរ និង​មាន​ទីផ្សារ​ជាមួយ​ប្រទេស​ធំៗ​ជាច្រើន​លើ​ពិភពលោក​។ លោក​បន្ថែមថា កំណើន​នៃ​ការបណ្តាក់ទុន​វិនិយោគ​បាននិង​កំពុង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្ដាសោភា កន្លងមក​ធ្លាប់បាន​និយាយថា កម្ពុជា គឺជា​ប្រទេស​ដែលមាន​កាលានុវត្តភាព​ច្រើន​សម្រាប់​ការវិនិយោគ ខណៈ​កម្ពុជា​ក៏​ទើបបាន​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​វិនិយោគ​ថ្មី​ដែលមាន​ភាព​ទាក់ទាញ និង​អំណោយ​សម្រាប់​ការចូលមក​បណ្តាក់ទុន​។

លោក​ថ្លែងថា​៖​ «​តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ដ៏មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ទើប​កម្ពុជា​អាច​បើក​ដំណើរការ​ប្រទេស​ពេញលេញ និង​ឈានដល់​ការដាក់ចេញ​នូវ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូវីដ​ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​»៕