ភ្នំពេញៈ ក្រសួងចំនួន ៣ មានគម្រោងជួបពិភាក្សា ដើម្បីកំណត់ពីអាយុអ្នកដែលអាចអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងដែលជាផ្នែកមួយ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឱ្យដឹងបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC កាលពីថ្ងៃទី ៤ ខែឧសភា។
យោងតាមការបង្ហោះលើបណ្តាញសង្គមរបស់ក្រសួងសាធារណការបានឱ្យដឹងថា ក្រសួងបាននិងកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗមួយចំនួន ដូចជាក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល ដើម្បីឈានទៅដល់ការពិចារណាលើការកំណត់អាយុអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹង សម្រាប់មនុស្សពេញវ័យ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
នៅក្នុងជំនួបនេះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការក៏បានលើកឡើងពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលសម្រេចបានគម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតផងដែរ។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ០៥ ខែឧសភា ថា ក្រសួងទាំង ៣ មិនទាន់បានជួបប្រជុំគ្នា ដើម្បីពិភាក្សាលើចំណុចនេះនៅឡើយទេ ដោយគ្រាន់តែគ្រោងសម្រាប់អនាគត ហើយឥឡូវក៏មិនទាន់បានចេញសេចក្តីព្រាងអ្វីនៅឡើយដែរ។
លោកមានប្រសាសន៍ថា៖ «ដូចយើងទាំងអស់គ្នាបានដឹងស្រាប់ហើយនូវបញ្ហានៃអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលយើងឃើញហើយនៅកម្ពុជាយើង បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនទទួលទានស្រា ឬគ្រឿងស្រវឹងច្រើនខុសពេលវេលាដែលធ្វើឱ្យការបើកបរបង្កការគ្រោះថ្នាក់មានច្រើនដែរ»។
លោក គង់ វិមាន បានបន្ថែមថា ដោយសារមូលហេតុនេះហើយបានជាក្រសួងបានគិតគូរថា ចំពោះមុខប្រសិនបើជាអាចអន្តរក្រសួងនឹងធ្វើការពិភាក្សាលើបញ្ហានេះ ដើម្បីកំណត់លើមនុស្សណាដែលអាចទទួលទានគ្រឿងស្រវឹងបាន។ លោកបញ្ជាក់ថា៖ «យើងមិនទាន់បានជជែកគ្នាជាផ្លូវការនៅឡើយទេ លើការងារនេះ អ៊ីចឹងខ្ញុំមិនទាន់អាចនិយាយអ្វីនៅឡើយទេ ហើយទាក់ទងនឹងជំនួបរវាងអន្តរក្រសួងនៅពេលណានោះនឹងចេញព័ត៌មាននៅពេលក្រោយ»។
ទាក់ទងនឹងគម្រោងលើការពិចារណាកំណត់អាយុមនុស្ស សម្រាប់ការអនុញ្ញាតឱ្យទទួលទានគ្រឿងស្រវឹងនេះដែរ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៥ ខែឧសភា ថា អវត្តមានគ្រឿងស្រវឹង និងគ្រឿងញៀនខុសច្បាប់នៅក្នុងគ្រឹះស្ថានសិក្សា ជាការចូលរួមលើកកម្ពស់សុខភាព បុគ្គល គុណភាពអប់រំ និងគុណភាពជីវិត។ លោកមានប្រសាសន៍ថា៖ «ក្រសួងអប់រំ យុវជន និងកីឡាស្វាគមន៍ និងថ្លែងអំណរគុណចំពោះការលើកទឹកចិត្ត និងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់សុខភាពរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធតាមរយ:គ្រប់រូបភាព»។ គ្រឿងស្រវឹង និងគ្រឿងញៀនខុសច្បាប់អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធ។
លោក រស់ សុវាចា បញ្ជាក់ថា៖ «ក្រសួងអប់រំ បាននិងកំពុងបន្តសហការជាមួយក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹង ហើយក្រសួងក៏សហការជាមួយដៃគូការងារផ្សេងៗ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ និងវិធានការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនខុសច្បាប់»។ សម្រាប់លទ្ធផលនៃដំណើរការ ពិភាក្សាលើបញ្ហាទាំងនេះលោក រស់ សុវាចា បានលើកឡើងថា ក្រសួងនឹងមានការជម្រាបជូននាពេលក្រោយ។
លោក សំ សំណាង អាយុ ២៩ ឆ្នាំបានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ជាការល្អប្រសើរបំផុត បើក្រសួងទាំងនេះអាចចេញនូវច្បាប់កំណត់អាយុសម្រាប់អ្នកផឹកស៊ីនេះ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយគ្រឿងស្រវឹងនេះបាននិងកំពុងកើតមានឡើងច្រើន។ លោកនិយាយថា៖ «ខ្ញុំគិតថា នេះជារឿងល្អដែលក្រសួងពាក់ព័ន្ធអាចកំណត់អាយុហាមប្រាមដាច់ខាតមិនឱ្យកុមារ និងយុវវ័យ ដែលមានអាយុក្រោម ១៨ ឆ្នាំទទួលគ្រឿងស្រវឹង ដើម្បីធានាដល់ការលូតលាស់ និងសុវត្ថិភាពរបស់ពួកគេ ក៏ដូចជាត្រួតពិនិត្យបន្ថែមទៅលើអ្នកបើកបរយានយន្តដែលប្រើប្រាស់គ្រឿងស្រវឹង»។
លោក សំ សំណាង បន្តថា ក្រសួងគួរមានវិធានការដាក់ពិន័យចំពោះអ្នកលក់គ្រឿងស្រវឹង ដែលបំពានគោលការណ៍ហើយលក់គ្រឿងស្រវឹងដល់អនីតិជន ដើម្បីកាត់បន្ថយភាពអនាធិបតេយ្យនៃការប្រើប្រាស់គ្រឿងស្រវឹង។ លោកបន្ថែមថា អាជ្ញាធរមូលដ្ឋានក៏គប្បីបង្កើន ការផ្សព្វផ្សាយ សារអប់រំពីផលប៉ះពាល់នៃគ្រឿងស្រវឹង ក៏ដូចជាជូនព័ត៌មានទៅកាន់អាណាព្យាបាល ដើម្បីបន្តអប់រំទៅកាន់កូនចៅរបស់ពួកគេផងដែរ៕