ភ្នំពេញៈ ក្រោយពីគណៈពាណិជ្ជកម្មសហភាពអឺរ៉ុបបានបញ្ចប់ការយកពន្ធនាំចូលអង្ករពីកម្ពុជាកាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ ការនាំអង្ករកម្ពុជាទៅកាន់តំបន់អឺរ៉ុបមានបរិមាណសរុប ៦៨ ៥៥៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៥១,០២ លានដុល្លារកើនឡើង ៣១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅក្នុងថ្ងៃទី ៩ ខែឧសភាថា ក្រោយពីគណៈកម្មការពាណិជ្ជកម្មអឺរ៉ុបបញ្ចប់ការយកពន្ធនាំអង្ករពីកម្ពុជាកាលពីអំឡុងខែមករា ឆ្នាំ ២០២២ ការនាំចេញអង្ករទៅកាន់តំបន់អឺរ៉ុបបានកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសស្ថានភាពនៃការដឹកជញ្ជូនតាមទូកុងតឺន័រក៏កាន់តែល្អប្រសើរបើធៀបនឹងឆ្នាំ ២០២១ កន្លងមក។
លោកបន្ថែមថា ទូកុងតឺន័រនៅតែមានតម្លៃខ្ពស់ដដែល គឺប្រមាណពី ៧ ទៅ ៨ ពាន់ដុល្លារក្នុង ១ ទូកុងតឺន័របើធៀបនឹងឆ្នាំ ២០១៩ (មុនការផ្ទុះឡើងជំងឺកូវីដ ១៩) គឺមានតម្លៃប្រមាណពី ៨០០ ទៅ ១ ០០០ ដុល្លារ ពោលកើនពី ៨ ទៅ ៩ ដង។ ទោះយ៉ាងណានៅពេលនេះ គឺមិនខ្វះទូកុងតឺន័រសម្រាប់ការដឹកជញ្ជូននោះទេ។
លោកបានបញ្ជាក់ថា៖ «វាមានតម្លៃខ្ពស់ ប៉ុន្តែវាសម្បូរទូកុងតឺន័រ។ កុំតែវាមានតម្លៃថ្លៃទេ បើតម្លៃដឹកជញ្ជូនមានស្ថានភាពដូចមុនកូវីដ ១៩ កុំអីសម្ទុះនៃការនាំចេញអង្ករទៅកាន់តំបន់អឺរ៉ុបនឹងមានកំណើនខ្ពស់ជាងហ្នឹងទៀត។ ទោះយ៉ាងណា យើងនៅតែអាចបន្តនាំចេញបាន ព្រោះសម្ទុះទីផ្សារទៅកាន់អឺរ៉ុបមានការកើនឡើងខ្លាំង»។
បើតាម លោក សុង សារ៉ន នៅក្នុងឆ្នាំ ២០២១ ការនាំអង្ករទៅតំបន់អឺរ៉ុបមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែប្រព័ន្ធនៃការដឹកជញ្ជូនពីកម្ពុជាទៅកាន់តំបន់អឺរ៉ុបស្ទើរត្រូវបានកាត់ផ្តាច់ដោយសារបញ្ហាការរីករាលដាលជំងឺកូវីដ ១៩។ នៅពេលស្ថានភាពធូរស្រាលកម្ពុជាបានសម្រុកបញ្ជូនចេញអង្ករទៅភ្លាម ដើម្បីបំពេញសេចក្តីត្រូវការនៅក្នុងតំបន់អឺរ៉ុប និងស្របទៅនឹងការមិនយកពន្ធ។
លោកបានបន្តថា ការមិនយកពន្ធអង្ករដែលនាំចេញពីកម្ពុជាចាប់តាំងពីអំឡុងខែមករា ឆ្នាំ ២០២២ បានផ្តល់ផលវិជ្ជមានជាច្រើនដល់វិស័យស្រូវអង្ករកម្ពុជា និងលើកកម្ពស់ការប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងដែលមានការនាំចេញអង្ករក្រអូបទៅតំបន់អឺរ៉ុបដែរនោះកាន់តែល្អប្រសើរជាងមុន។ នៅក្នុងតំបន់អឺរ៉ុប តម្រូវការនាំចេញអង្ករពីកម្ពុជាប្រមាណ ១០ ទៅ ២០ ម៉ឺនតោន ក្នុង ១ ឆ្នាំ។
លោកបញ្ជាក់ថា៖ «ទីផ្សារតំបន់អឺរ៉ុបមានតម្រូវការ ១៨ ទៅ ២០ ម៉ឺនតោនក្នុង ១ ឆ្នាំ។ គាត់ត្រូវការអង្ករក្រអូបយើង អ៊ីចឹងសម្រាប់ការនាំចេញ យើងមិនមានបញ្ហាទេ គឺយើងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការផ្គត់ផ្គង់ និងផលិតបានអត់មានបញ្ហាទេ»។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានទទួលស្គាល់ថា ការនាំអង្ករទៅតំបន់អឺរ៉ុបមានការកើនឡើង បន្ទាប់ពីគណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបបញ្ឈប់ការយកពន្ធលើការនាំចូលអង្ករកម្ពុជា។
លោកបន្តថា គណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបបានសម្រេចគិតពន្ធលើការនាំចូលអង្ករពីកម្ពុជារយៈពេល ៣ ឆ្នាំជាប់គ្នា ដោយគិតចាប់ពីឆ្នាំ ២០១៩ មកដោយក្នុងនោះ ឆ្នាំទី ១ ត្រូវបង់ពន្ធ ១៧៥ ដុល្លារក្នុង ១ តោន ឆ្នាំទី ២ ថយមកនៅ ១៥០ ដុល្លារ និងឆ្នាំទី ៣ ត្រូវបង់ ១២៥ ដុល្លារក្នុង ១ តោន។ ប៉ុន្តែពន្ធនេះត្រូវបានបញ្ចប់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២។
លោកថ្លែងថា៖ «វាជាសញ្ញាមួយល្អចំពោះការនាំចេញរបស់យើងទៅតំបន់អឺរ៉ុប។ ការនាំចេញរបស់យើងកើនឡើងច្រើនដោយសារសម្ទុះនៃការទិញរបស់អតិថិជនអឺរ៉ុបគាត់ងាកមករក និងបរិភោគអង្ករកម្ពុជាច្រើន។
ជាមួយគ្នានេះ វាក៏ជាសញ្ញាល្អសម្រាប់វិស័យស្រូវអង្ករកម្ពុជាផងដែរ»។
គណៈកម្មការពាណិជ្ជកម្មសហភាពអឺរ៉ុបយកពន្ធលើអង្ករកម្ពុជាជាផ្លូវការចាប់ពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ ប៉ុន្តែត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ បានធ្វើឱ្យការនាំអង្ករចេញរបស់កម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ៕