អ៊ីស្រាអែល៖ កាលពីថ្ងៃពុធក្រុមមន្ត្រីជាន់ខ្ពស់ទូទាំងអង្គការសហប្រជាជាតិ កំពុងអំពាវនាវឲ្យបើកការស៊ើបអង្កេតក្នុងករណីស្លាប់អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់ របស់សារព័ត៌មានដ៏ល្បីល្បាញ Al Jazeera គឺលោកស្រី Shireen Abu Akleh។
អ្នកសារព័ត៌មានជើងចាស់ជនជាតិប៉ាឡេស្ទីនសញ្ជាតិអាមេរិកវ័យ ៥១ឆ្នាំត្រូវបានបាញ់សម្លាប់ ខណៈកំពុងរាយការណ៍ស្ដីពីប្រតិបត្តិការសឹករបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Jenin នៃតំបន់ West Bank។ យោងតាមសេចក្ដីរាយការណ៍ព័ត៌មានផលិតកររបស់ជនរងគ្រោះគឺលោកស្រី Ali Samoudi ក៏បានរងរបួសផងដែរ។ លោកស្រី Audrey Azoulay ប្រមុខអង្គការខាងអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ហៅកាត់ថា (UNESCO) បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការស្លាប់របស់អ្នកសារព័ត៌មានរូបនេះ។ លោកស្រីបាននិយាយថា អ្នកសារព័ត៌មាន Abu Akleh នៅតែត្រូវបានបាញ់ ទោះបីជាលោកស្រីពាក់អាវសរសេរពាក្យថា អ្នកសារព័ត៌មានក៏ដោយ។ ប្រមុខអង្គការនេះបាននិយាយថា ការសម្លាប់បុគ្គលិកសារព័ត៌មានដែលបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់ នៅក្នុងតំបន់ជម្លោះគឺជាការរំលោភច្បាប់អន្តរជាតិ។ ខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេតឧក្រិដ្ឋកម្មនេះ ហើយនាំអ្នកប្រព្រឹត្តមកផ្ដន្ទាទោស។
ចំណែកលោក Benny Gantz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានសន្យាបើកឲ្យមានការស៊ើបអង្កេតពេញលេញលើករណីស្លាប់អ្នកសារព័ត៌មាននេះ ហើយត្រូវការការសហការណ៍ជាមួយប៉ាឡេស្ទីន។ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិលោក Riyad Mansour និយាយថា ប្រទេសរបស់លោកនឹងមិនទទួលយកការស៊ើបអង្កេតរបស់អ៊ីស្រាអែលលើការសម្លាប់លោកស្រី Shireen Abu Akleh របស់សារព័ត៌មាន Al Jazeera នោះទេ ហើយថា កងទ័ពអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ចំពោះការធ្វើឃាតអ្នកកាសែតជើងចាស់រូបនោះ៕