ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យរ៉ែឱ្យបានល្អប្រសើរ និងរៀបចំបង្កើតស្តង់ដារនៃការអនុវត្ត និងអនុលោមភាព សម្រាប់គម្រោងវិនិយោគលើធនធានរ៉ែផ្សេងៗទៀត បន្ទាប់ពីគណៈប្រតិភូចុះទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីស្ថានភាពជាក់ស្តែង របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលជាក្រុមហ៊ុន រុករកធនធានរ៉ែ។
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីប្រតិបត្តិការរុករករ៉ែ នៅតំបន់អូខ្វាវ ខេត្តមណ្ឌលគីរី របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដើម្បីពិនិត្យមើលលើសក្តានុពលនការប្រមូលចំណូលពន្ធពីវិស័យរ៉ែ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះថា សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល បានជំរុញការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ចំពោះសង្គម និងបរិស្ថាន, ការយកចិត្តទុកដាក់អនវុត្តស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជាពិសេសសហគ្រាសមានតម្លាភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងបង្ហាញអំពីអនុលោមភាពសារពើពន្ធខ្ពស់ ដែលជាគុណប្រយោជន៍ នៃថវិកាជាតិ ទាំងទិដ្ឋភាពចំណូលសារពើពន្ធ ព្រមទាំងចំណូលមិនមែនសារពើពន្ធ។
ផ្អែកលើកម្រិតអនុលោមភាពសារពើពន្ធខ្ពស់នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងពិនិត្យលទ្ធភាពផ្ដល់ជូននូវ “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស (GOLD Certificate)" បញ្ជាក់នូវកម្រិតអនុលោមភាពខ្ពស់ ជូនក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ។
ឯកឧត្តម បន្តថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ ជួបប្រទះឧបសគ្គ និងបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះវិស័យធនធានរ៉ែ ដោយក្រុមហ៊ុនវិនិយោគលើវិស័យនេះមួយចំនួន ពុំបានផ្តល់កិច្ចសហការពេញលេញ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ និងមិនបានផ្ដល់នូវបញ្ចិកាគណនេយ្យ, របាយការណ៍ហិរញ្ញវត្ថុ, និងឯកសារពាក់ព័ន្ធ ប្រកាស និងការបង់ប្រាក់ពន្ធទាប ដែលពុំបានឆ្លុះបញ្ចាំងអំពីវិស័យមួយ ដែលកំពុងមានសក្តានុពល ព្រមទាំងពុំបានសហការ ឱ្យមន្ត្រីពន្ធដារចុះមកដោយផ្ទាល់ដូចក្រុមហ៊ុននេះឡើយ។
ឯកឧត្តម គង់ វិបុល បញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញក្រុមហ៊ុន និងសហគ្រាសដទៃផ្សេង ក្នុងវិស័យធនធានរ៉ែនេះ អនុវត្តប្រកបដោយស្តង់ដារ និងតម្លាភាព ប្រហាក់ប្រហែល ឬដូចទៅនឹងក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលអាចនិយាយបានថា ជាប្រតិបត្តិការការងារល្អប្រសើរ និងជាគំរូសម្រាប់ក្រុមហ៊ុន និងសហគ្រាសដទៃទៀតក្នុងវិស័យធនធានរ៉ែនេះ ដោយមានតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ។
តាមរយៈការសិក្សាដកពិសោធន៍ពីទស្សនកិច្ចសិក្សានេះ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំយន្តការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានល្អប្រសើរបន្ថែមទៀត ចំពោះវិស័យធនធានរ៉ែនេះ តាមរយៈការបង្កើតស្តង់ដារនៃការអនុវត្ត និងអនុលោមភាពសម្រាប់ គម្រោងវិនិយោគផ្សេងទៀតក្នុងវិស័យដូចគ្នានេះ ដែលជាវិស័យកំពុងមានសក្ដានុពល៕