ភ្នំពេញៈ ក្រសួងទេសចរណ៍ប្រកាសថា នីតិវិធីផ្តល់ឥណទាននៃ «គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» បានចាប់ដំណើរការជាផ្លូវការហើយពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ២០២២ តទៅ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ១៩។
គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ ក្នុងទំហំទឹកប្រាក់ ១៥០ លានដុល្លារ ដែលបានមកពីបដិភាគរាជរដ្ឋាភិបាល ៧៥ លានដុល្លារ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន ៧៥ លានដុល្លារ ដោយផ្តល់អាទិភាពទាំងស្រុងដល់អាជីវកម្មទេសចរណ៍ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ ១៩។
លិខិតជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១ ខែកក្កដា ទៅដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍នៅប្រទេសកម្ពុជាបានឱ្យដឹងថា នីតិវិធីផ្តល់កម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានចាប់ផ្តើមដំណើរការហើយកាលពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២២ ដោយមានគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមចំនួន ១៩។
លិខិតបន្តថា ដើម្បីចូលរួមជំរុញការអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស ម្ចាស់អាជីវកម្មទេសចរណ៍ ត្រូវធ្វើតាមលក្ខខណ្ឌមួយចំនួនដូចជា អាចធ្វើការស្នើសុំតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFI) ដែលជាដៃគូរបស់ SME Bank ក្នុងទំហំទឹកប្រាក់អតិបរមា ៤០០ ០០០ ដុល្លារ ក្នុងអត្រាការប្រាក់ ៦,៥ ភាគរយ ក្នុង ១ ឆ្នាំ និងមានរយៈពេលឥណទានដល់ ៧ ឆ្នាំ និងរយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ១៦ ខែ, ម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំឥណទានក្នុងគោលបំណងស្តារប្រតិបត្តិការអាជីវកម្មទេសចរណ៍ឡើងវិញ និងការពង្រីកបន្ថែម និងធ្វើពិពិធកម្មសេវាកម្មទេសចរណ៍ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ, ការផ្តល់ឥណទាននឹងត្រូវស្ថិតលើមូលដ្ឋាន «មកមុន ផ្ដល់ឱ្យមុន» រហូតដល់អស់ប្រាក់ដែលបានបម្រុងទុក។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ៣ ខែកក្កដាថា ការប្រកាសចាប់ផ្តើមអនុវត្តនីតិវិធីផ្តល់កម្ចីនេះ គឺត្រូវចំពេលវិស័យទេសចរណ៍នៅកម្ពុជាកំពុងចាប់ផ្តើមរៀបចំខ្លួនឡើងវិញដើម្បីត្រៀមទទួលភ្ញៀវទេសចរបរទេស ដែលនឹងចូលមកកម្សាន្តនៅកម្ពុជាច្រើនចាប់ពីត្រីមាសទី៤ តទៅ។
លោកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថា គម្រោងនេះនឹងមានអតិថិជនច្រើនដាក់ពាក្យស្នើសុំដើម្បីយកកម្ចីទៅប្រើប្រាស់ត្រៀមទទួលភ្ញៀវទេសចរបរទេសដែលនឹងមកដល់កម្ពុជាច្រើនចាប់ពីខែតុលាតទៅ ខណៈការកក់ដំណើរកម្សាន្តមានជាបណ្តើរៗហើយនាពេលនេះ»។
ទោះជាយ៉ាងណា លោកស្រី ស៊ីវលីន អះអាងថា ដើម្បីទទួលបានឥណទានពី «គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍» នេះក៏មិនមែនមានភាពងាយស្រួលទេ ព្រោះនីតិវិធីបានតម្រូវឱ្យមានទ្រព្យបញ្ចាំ ហើយបើគ្មានទ្រព្យបញ្ចាំ គឺតម្រូវឱ្យមានការទិញធានារ៉ាប់រងពីសាជីវកម្មធានាឥណទានកម្ពុជា ខណៈតម្លៃទិញធានារ៉ាប់រងនោះក៏ខ្ពស់គួរសមដែរ។
លោក ណូ លីដា អគ្គនាយករងនៃសាជីវកម្មធានាឥណទានកម្ពុជា កន្លងមកធ្លាប់ប្រាប់ថា ដើម្បីទទួលបានលិខិតបញ្ជាក់ការធានាឥណទាន (Letter of Guarantee-LG) អាជីវកម្មទេសចរណ៍អាចធ្វើទំនាក់ទំនងទៅគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីស្នើសុំកម្ចីក្នុងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ដោយគ្រាន់តែបញ្ជាក់ថា អាជីវកម្មមានតម្រូវការស្នើសុំលិខិតធានាឥណទានឬទេ? ក្រោមការអនុម័តកម្ចី គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម និងដាក់ពាក្យស្នើសុំមកសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់លិខិតធានាឥណទានជាការស្រេច។
បើតាមក្រសួងទេសចរណ៍ គ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៩ រួមមាន ធនាគារជីប ម៉ុង, ហត្ថា, អេស៊ីលីដា, វឌ្ឍនៈអាស៊ីចំកាត់, ស្ថាបនា, ប្រៃសណីយ៍កម្ពុជា, វីង, ព្រីនស៍, ហ្វីលីព, អេស៊ាប៉ាស៊ីហ្វិក ឌីវេឡុបមេន, កាណាឌីយ៉ា, ភ្នំពេញពាណិជ្ជ, ស៊ីអាយអិមប៊ី, សាខម ខេមបូឌា, អ អេច ប៊ី, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, គ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់, និងខេមា មីក្រូហិរញ្ញវត្ថុ៕