ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានប្រមូលសួយសារពីវិស័យរ៉ែ បានចំនួន ២០.២ លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ដោយរំពឹងថា ចំនួននេះ នឹងសម្រេចបានតាមការគ្រោងទុកនៃផែនការគៀងគរចំណូលមិនមែនសារពើពន្ធរបស់ក្រសួងឆ្នាំនេះ។
ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ចំណូលសួយសារពីវិស័យរ៉ែ មានការកើនឡើង បានមកពីចំណូលរ៉ែមាស រ៉ែខ្សាច់ ធនធានរ៉ែសំណង់ជាដើម។ ក្នុងឆ្នាំ២០១៩ ក្រសួងទទួលបានចំណូលសួយសារពីវិស័យរ៉ែ បានចំនួន ២០.៥ លានដុល្លារ ក្នុងឆ្នាំ២០២០ ២៧.៥ លានដុល្លារ និងក្នុងឆ្នាំ២០២១ ៣៥.៣ លានដុល្លារ។
ឯកឧត្តម បន្តថា ក្រសួងរ៉ែនិងថាមពល ពង្រឹងសមត្ថភាពមន្ត្រី លើការប្រមូលចំណូល មិនមែនសារពើពន្ធ ពីវិស័យរ៉ែ។
ក្រសួងកំណត់ថា ធនធានរ៉ែ ដែលជាធនធានធម្មជាតិមិនកកើតឡើងវិញ តម្រូវឱ្យមានការគ្រប់គ្រងប្រកបដោយប្រុងប្រយ័ត្នខ្ពស់បំផុត។
គោលនយោបាយជាតិស្តីពីធនធានរ៉ែ ឆ្នាំ២០១៩-២០២៨ ត្រូវបានដាក់ចេញដោយផ្អែកលើការគិតគូរយ៉ាងហ្មត់ចត់អំពីបច្ចុប្បន្នសេដ្ឋកិច្ច នយោបាយ និងសង្គមកម្ពុជា និងអនាគតនៃប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ៕