(ភ្នំពេញ)៖ ទន្ទឹមនឹងភាពរីកចម្រើននៃប្រទេសកម្ពុជា យើងឃើញថាមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរីកដុះដាលឡើងត្រសងលម្អសម្រស់ឱ្យដែនដីមួយនេះ ដូចជាសំណង់អគារ ផ្លូវថ្នល់ រួមទាំងផ្លូវល្បឿនលឿនជាដើម។ ជាក់ស្ដែងបច្ចុប្បន្ននេះផ្លូវល្បឿនលឿននៅកម្ពុជាយចាប់ផ្ដើមចេញរូបរាង និងជិតដាក់ឲ្យដំណើរការផងដែរ នោះគឺផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ហើយក្រៅពីនេះ រដ្ឋាភិបាលក៏មានគម្រោងសាងសាងផ្លូវល្បឿនលឿនបន្ថែមទៀតផងដែរ ដោយសារតែផ្លូវល្បឿនលឿននេះជួយកាត់បន្ថយពេលវេលាធ្វើដំណើរបានច្រើន។
យ៉ាងណាក្រៅតែពីចំណេញពេលវេលាធ្វើដំណើរ ផ្លូវល្បឿនលឿនក៏មានគុណសម្បត្ដិជាច្រើនទៀតផងដែរ។ យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឱ្យដឹងថា ផ្លូវល្បឿនលឿនដើរតួនាទីយ៉ាងសំខាន់នៅក្នុងការពន្លឿនសេដ្ឋកិច្ចជាតិខ្មែរ ក្នុងនោះវាមានគុណសម្បត្តិមួយចំនួនដូចជា៖
១. សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោកទាំងមូល ដូចជា ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។ បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាពផ្នែកភស្តុភារនៅក្នុងប្រទេសពិសេស ពីភ្នំពេញទៅបណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស។
២. ពង្រឹង និងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា។ ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុងការទទួលបន្ទុកយានយន្តធ្ងន់ៗបម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង៕