(ភ្នំពេញ)៖ គិតត្រឹមរយៈពេល២ថ្ងៃ ដែលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកឲ្យធ្វើចរាចរណ៍បណ្ដោះអាសន្ន មានយានយន្តជាង ២ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនមួយនេះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ បណ្ដាញផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថា នៅថ្ងៃទី២នៃការដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរថយន្តធ្វើចរាចរណ៍រហូតជាង១ម៉ឺន៤ពាន់៣រយគ្រឿង ដែលអត្រានេះ មានការកើនឡើងប្រមាណ ៥០ភាគរយ បើប្រៀបធៀបទៅនឹងថ្ងៃទី១ ដែលមានចំនួនប្រមាណជា ៩ពាន់គ្រឿងតែប៉ុណ្ណោះ។
លោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ចំពោះបញ្ហាដែលអ្នកដំណើររកកិច្ចអន្តរាគមន៍តាមរយៈការហៅទូរស័ព្ទចូល ក៏មានការកើនឡើងជាងថ្ងៃទី១ផងដែរ គឺពី៣០ករណី ឡើងមក៥០ករណី។
លោក បានឲ្យដឹងដែរថា នៅថ្ងៃទី២នៃការដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មន្ត្រីនគរបាលបានធ្វើការអន្តរាគមន៍ចំនួន ៣៦ករណី ដែលមានករណីល្មើសប្រមាណ ១០ករណី ភាពច្រើនគឺអ្នកប្រើប្រាស់ផ្លូវបានល្មើសដូចជា ចតនៅគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ ដើម្បីថតរូប ឬក៏ធ្វើសកម្មភាពផ្សេងៗ ដែលអាចបង្កទៅជាគ្រោះថ្នាក់បាន ប៉ុន្តែមិនទាន់មានគ្រោះថ្នាក់ណាមួយកើតឡើងនៅឡើយទេ។ ក្រៅពីនេះ ក៏មានករណីបញ្ហាយានយន្តដូចជា រថយន្តរលត់ ធ្លាយធុងទឹក ហើយនឹងបញ្ហាសំបកកង់យានយន្ត ដែលមានការបែកកង់ជាដើមក្ដី ដែលបញ្ហាទាំងអស់នេះសុទ្ធតែជាកត្តាដែលអាចឈានទៅរកការបង្កនូវគ្រោះថ្នាក់ចរាចរណ៍បាន ដូច្នេះហើយ ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមុននឹងឡើងលើផ្លូវល្បឿនលឿន ត្រូវពិនិត្យមើលឲ្យបានសព្វជ្រុងជ្រោយទៅលើបច្ចេកទេសយានយន្ត សំបកកង់យានយន្ត ប្រេងម៉ាស៊ីន ទឹកនៅក្នុងធុងទឹក សូម្បីតែប្រេងឥន្ធនៈជាដើមក្ដី ហើយសូមអ្នកបើកបរយានយន្តដែលបើកលើផ្លូវល្បឿនៗត្រូវតែមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលហៅថា ឆៀកឲ្យបានត្រឹមត្រូវនៅក្នុងសុពលភាព អ្នកបញ្ជាយានយន្តក៏ត្រូវតែមានប័ណ្ណបើកបរផងដែរ ដែលនេះគឺជាការចូលរួមជាទំនួលខុសត្រូវសង្គមមួយ តាមរយៈការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានបើកឲ្យធ្វើចរាចរណ៍បណ្ដោះអាសន្នរយៈពេលមួយខែតុលា ដោយឥតបង់ប្រាក់ ក្នុងនោះដែរសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀតក៏មានយានយន្តដឹកជញ្ជូនបានធ្វើចរាចរណ៍លើផ្លូវនេះដែរ។ ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឲ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ចូលរួមសហការក្នុងការស្វែងយល់ឲ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍៕