(អាមេរិក)៖ អតីតនគរបាលម្នាក់ដែលកំពុងប្រឈមនឹងបទចោទប្រកាន់ពាក់ព័ន្ធគ្រឿងញៀន បានសម្រុកចូលមណ្ឌលថែទាំកុមារពេលថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រទេសថៃសម្លាប់កុមាររាប់សិបនាក់ និងគ្រូបង្រៀន ក្រោយមកបានបាញ់ប្រហារលើមនុស្សជាច្រើនទៀត មុនពេលបាញ់សម្លាប់ខ្លួនឯង។
មនុស្សយ៉ាងហោចណាស់ ៣៧នាក់បានស្លាប់ក្នុងការបាញ់ប្រហារដ៏សាហាវបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ការបាញ់ប្រហារនេះបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន នៅក្នុងសហគមន៍ថៃធំបំផុតរបស់ទីក្រុង Los Angeles មានការតក់ស្លុត។ ព្រះសង្ឃព្រះនាម ព្រះវិទេសធម្មវុន្ទ Phra Vides Dhammavond ព្រះចៅអធិការនៅវត្តថៃ (Wat Thai temple) ក្នុងតំបន់ North Hollywood នៃទីក្រុង Los Angeles រដ្ឋ California បានមានសង្ឃដីកាថា មនុស្សគ្រប់គ្នាបានតក់ស្លុត ព្រោះជារឿងដែលនឹកស្មានមិនដល់ ពិសេសកើតឡើងចំពោះកុមារ។ ហើយហេតុការណ៍នេះក៏ធ្វើឲ្យប្រទេសទាំងមូលរន្ធត់ផងដែរ។
គ្រូបង្រៀនម្នាក់បានប្រាប់សារព័ត៌មានថៃ PBS ថា ជនល្មើសបានចេញពីរថយន្ត ហើយចាប់ផ្ដើមបាញ់ទៅលើបុរសម្នាក់ដែលកំពុងទទួលទានអាហារថ្ងៃត្រង់នៅខាងក្រៅ បន្ទាប់មកបានបាញ់រះជាច្រើនគ្រាប់ទៀត។ អ្នកឃើញហេតុការណ៍ម្នាក់ទៀតនិយាយថា បុគ្គលិកមជ្ឈមណ្ឌលថែទាំកុមារបានចាក់សោទ្វារ ប៉ុន្តែជនសង្ស័យបានបាញ់រះចូលទៅខាងក្នុង។ ការស្លាប់ទាក់ទងនឹងការបាញ់ប្រហារក្នុងប្រទេសថៃ មានចំនួនទាបជាប្រទេសនានាដូចជាសហរដ្ឋអាមេរិក និងប្រេស៊ីល ប៉ុន្តែខ្ពស់ជាងនៅក្នុងប្រទេសជប៉ុន និងសិង្ហបុរីដែលមានច្បាប់គ្រប់គ្រងការប្រើប្រាស់អាវុធដ៏តឹងរ៉ឹង៕