Alynana Media Cambodia
Icon Collap
clinic narit

សម្តេចនឹងអញ្ជើញ​ទៅ​ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប

Admin Alynana | Oct 22, 2022
សម្តេចនឹងអញ្ជើញ​ទៅ​ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប
Clinic narith

(សៀមរាប)៖ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ៣.២០០គ្រួសារ ដែលបាន​ស្ម័គ្រចិត្ត​រើ​លំនៅដ្ឋាន​ចេញ​ពីតំបន់រមណីដ្ឋានអង្គរមកនៅតំបន់ពាក់ស្នែង ក្នុងស្រុកអង្គរធំ នាព្រឹកថ្ងៃទី២២ខែតុលានេះ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា សម្តេចនឹងអញ្ជើញ​ទៅ​ចែក​ស្រូវពូជ​ដល់​ប្រជាពលរដ្ឋ តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប។

សម្តេចបញ្ជាក់ថា បើទោះបីយឺតពេលបន្តិច ប៉ុន្តែក្រុមការងារបាន​និងកំពុងចុះជួយអន្តរាគមន៍ផ្តល់​ការ​ជួយសង្គ្រោះដល់ផលប៉ះពាល់របស់បងប្អូនពីគ្រោះទឹកជំនន់នេះ​ជាបន្តបន្ទាប់​ដោយមិនរង់ចាំវត្ត​មាន​សម្តេចក្នុងពេលតែមួយបានទេ ក្នុងនោះ​ក្រុមការងារ និងសប្បុរសជនរួមទាំងព្រះសង្ឃ​បានចូលរួម​ជួយដោះស្រាយ​ឧបត្ថម្ភជាបន្តបន្ទាប់។

ទោះជាយ៉ាងណាក្រោយបញ្ចប់បេសកកម្ម​នៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ នឹង​បន្តអញ្ជើញ​ទៅជួប​សំណេះ​សំណាលសួរសុខទុក្ខ ​និងចែកស្រូវពូជដោយផ្ទាល់ ជូនប្រជាពលរដ្ឋ​នៅខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា។

សូមបញ្ជាក់ថា៖ ស្ថានភាពរងគ្រោះដោយទឹកជំនន់ឆ្នាំនេះក៏មានស្ថានភាពធ្ងន់ធ្ងរផងដែរ។ កាល​ពីថ្ងៃទី១៨តុលា ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រីក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ដោយមានការអញ្ជើញចូលរួមពីទេសរដ្ឋមន្ត្រី គន់ គីម​ អនុប្រធានទី១ គណៈកម្មាធិការ​ជាតិគ្រប់គ្រង​គ្រោះមហន្តរាយ, និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមក​ពីក្រសួងស្ថាប័ន​ពាក់ព័ន្ធ​បានជួប​ប្រជុំតាមប្រព័ន្ធហ្សូម ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃលើផលប៉ះពាល់ ការខូចខាត​ដំណាំស្រូវ ​និងដំណាំរួមផ្សំ ​ដោយសារទឹកជំនន់ ​និងដាក់ចេញវិធានការសង្គ្រោះបន្ទាន់។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោះទឹកជំនន់ក្នុង​រដូវ​វស្សាឆ្នាំនេះ មានប៉ះពាល់ខេត្តជាច្រើនទាំងតាមបណ្តោយដងទន្លេមេគង្គ និងខេត្តនៅជុំវិញបឹង​ទន្លេសាប។ ក្នុងនោះខេត្តនៅជុំវិញបឹងទន្លេសាបរងផលប៉ះពាល់ធ្ងន់ជាងគេរួមមាន៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ និងពោធិ៍សាត់។

ខេត្តបន្ទាយមានជ័យ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២,៤៩៧គ្រួសារ, លិចស្រូវ ៣១,៩៩៨ហិកតា និងលិចដំណាំរួមផ្សំ ២,៩៨៨ហិកតា។

ខេត្តបាត់ដំបង ប៉ះពាល់ប្រជាពលរដ្ឋ ១៥,៨១៤គ្រួសារ, លិចស្រូវ ១៨,៥៨៦ហិកតា ​និងលិចដំណាំរួមផ្សំ ២៤,៥០០ហិកតា។

ខេត្តកំពង់ធំ ប៉ះពាល់ប្រជាពលរដ្ឋ ១៨,៥៩២គ្រួសារ, លិចស្រូវ ២៦,៨៣៥ហិកតា និងលិចដំណាំរួមផ្សំ ៦៨៩ហិកតា។

ខេត្តសៀមរាប ប៉ះពាល់ប្រជាពលរដ្ឋ ២៥,០២៣គ្រួសារ លិចស្រូវប្រមាណ ៣៦,៥៨៦ហិកតា។

ខេត្តពោធិ៍សាត់ ប៉ះពាល់ប្រជាពលរដ្ឋ ៦,៦៧៦គ្រួសារ និងលិចស្រូវប្រមាណ ១១,៣៦៥ហិកតា។

ឆ្លើយតបនឹងផលប៉ះពាល់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញ​បទ​បញ្ជា​ឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ប្រញាប់សិក្សាវាយតម្លៃផលប៉ះពាល់ ​និងបញ្ចេញពូជស្រូវ ពូជ​ដំណាំរួមផ្សំផ្សេងៗ​ជូនប្រជាពលរដ្ឋ ដើម្បីស្តារការដាំដុះឡើងវិញ។ ជាពិសេសធានា​បាននូវការស្តារជីវភាពរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ណែនាំឱ្យ​បញ្ចេញ​កញ្ចប់​ថវិកាឧបត្ថម្ភដល់​ពលរដ្ឋ​រងផល​ប៉ះពាល់​ដោយគ្រោះទឹកជំនន់នេះរយៈពេល៣ខែថែមទៀតផង ​ដើម្បីសម្រាលការ​លំបាកក្នុង​ជីវភាព។

ដើម្បីពន្លឿនការដាំដុះឡើងវិញរបស់ប្រជាកសិកររយៈពេលប៉ុន្មាន​ថ្ងៃកន្លងទៅនេះ ​ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកស្រូវពូជសរុបជាង ​៦០០តោនរួចហើយទៅ ចែកជូន​​ប្រជាពលរដ្ឋនៅ​បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងកំពង់ចាម៕