នាពេលបច្ចុប្បន្ន គេអាចសង្កេតឃើញថាហាងកាហ្វេ ហាងលក់ទំនិញ និងភោជនីយដ្ឋានជាច្រើននៅទូទាំងប្រទេសកម្ពុជាបានដាក់តាំងនូវកូដ QR សម្រាប់ឱ្យអតិថិជនរបស់ខ្លួនស្កេនដើម្បីទូទាត់ប្រាក់។ ប៉ុន្តែ បច្ចេកវិទ្យានេះមិនត្រូវបានប្រើប្រាស់ទូលំទូលាយនោះទេកាលពី៣ឆ្នាំមុន។ វាក៏មិនមានមនុស្សច្រើនទេដែលស្គាល់ថាអ្វីជាកូដ QR នោះ ទោះបីជានៅក្នុងចំណោមប្រជាជននៅទីប្រជុំជនក៏ដោយ។ ជាការពិតណាស់ ប្រទេសកម្ពុជាកំពុងដំណើរការធ្វើបរិវត្តកម្ម (Transformation) ឌីជីថលដ៏លឿនក្នុងវិស័យជាច្រើន ហើយរាជរដ្ឋាភិបាលមានផែនការជំរុញបរិវត្តកម្មនេះបន្ថែមទៀត តាមរយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន រួមមាន សេវាប្រកាសពន្ធអាជីវកម្មតាមប្រព័ន្ធអនឡាញ សេវាចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ និងសេវាកម្មសាធារណៈដទៃជាដើម។
នៅក្នុងវិស័យមួយចំនួន ការធ្វើបរិវត្តកម្មឌីជីថលកំពុងតែមានដំណើរការទៅមុខ។ ជាក់ស្តែង ធនាគារជាតិនៃកម្ពុជាបានសហការគ្នាជាមួយ Soramitsu ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា Blockchain ដើម្បីបង្កើតនូវកម្មវិធី Bakong សម្រាប់ការផ្ទេរប្រាក់អន្តរធនាគារតាមប្រព័ន្ធឌីជីថល។ យោងទៅតាមធនាគារជាតិនៃកម្ពុជា ការទូទាត់ប្រាក់តាមរយៈ Bakong សរុបមានចំនួន ៥,៧ លានដង ដែលស្មើជាង ២,៣ ប៊ីលានដុល្លារកាលពីឆ្នាំ២០២១។
ខណៈដែលការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានពន្លឿនការចាប់យកបច្ចេកវិទ្យាថ្មីៗ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់គោលការណ៍ជំរុញការធ្វើបរិវត្តកម្មនេះ សំដៅកសាងនូវសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើកត្រឹមឆ្នាំ២០៣៥ ។
ទោះជាយ៉ាងនេះក្តី ការសម្រេចបានគោលដៅនេះប្រកបដោយសមធម៌នឹងទាមទារឱ្យប្រទេសកម្ពុជាដោះស្រាយបញ្ហាខ្វះខាតមួយចំនួនក្នុងការរៀបចំ និងបង្កើតផលិតផល និងសេវាកម្មឌីជីថល។ ប្រសិនបើគម្លាតឌីជីថលបន្តមាននៅប្រទេសកម្ពុជា នោះការធ្វើបរិវត្តកម្ម (Transformation) ដែលរាជរដ្ឋាភិបាល និងវិស័យឯកជនចង់ធ្វើឱ្យបានជោគជ័យនោះ អាចបណ្តាលឱ្យវិសមភាពដែលមានស្រាប់កាន់តែធ្ងន់ធ្ងរឡើងបន្ថែមទៀតដោយហេតុថាបុគ្គលមួយចំនួននឹងមិនមានឱកាសចូលរួមក្នុងបច្ចេកវិទ្យាថ្មីនេះទេ។ ជាងនេះទៅទៀត ពួកគេនឹងបាត់បង់សិទ្ធិក្នុងការទទួលបានការអប់រំ ឱកាសការងារ និងការចូលរួមក្នុងសកម្មភាពនយោបាយ ក្នុងអំឡុងពេលដែលលំហឌីជីថល កាន់តែរីកចម្រើន។
ការយកលទ្ធភាពក្នុងការប្រើប្រាស់ជាធំ
ដើម្បីជួយឱ្យប្រទេសកម្ពុជាធ្វើបរិវត្តកម្មឌីជីថលបានសម្រេចគួរតែមានកិច្ចការមួយចំនួនត្រូវធ្វើ ដូចជាការរៀបចំ និងបង្កើតផលិតផល និងសេវាកម្មឌីជីថល ។ ផលិតផល និងសេវាកម្មឌីជីថលមួយភាគធំត្រូវបង្កើតឡើង និងផ្សព្វផ្សាយដោយផ្តោតលើក្រុមយុវជនដែលរស់នៅក្នុងទីប្រជុំជន និងមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗនេះ។ ក្រុមអ្នកប្រើប្រាស់វ័យក្មេងនេះត្រូវបានចាត់ទុកថាជាក្រុមមនុស្សឆាប់ចាប់បាន (រៀនឆាប់ចេះ Early Adopter)។ ហេតុដូចនេះ គេនឹងមិនប្រើគោលការណ៍សកល ឬគោលការណ៍ Universal ដែលផ្តោតលើមនុស្សគ្រប់រូបនោះទេ។ ដូច្នេះតម្រូវការរបស់ក្រុមមនុស្សដែលមានការអប់រំទាប អ្នកដែលមិនចេះភាសាអង់គ្លេស មនុស្សវ័យចំណាស់ រួមទាំងតម្រូវការរបស់ជនមានពិការភាពនឹងត្រូវគេមើលរំលង។ ក្រុមមនុស្សដែលងាយទទួលរងផលប៉ះពាល់ទាំងនេះនៅមិនទាន់អាចប្រើប្រាស់សេវាកម្មរដ្ឋាភិបាលឌីជីថលនានានៅឡើយទេ ។ ចូរពិនិត្យមើលសេវាកម្មរដ្ឋាភិបាលឌីជីថលចំនួន ៣ រួមមាន សេវាប្រកាសពន្ធអាជីវកម្មតាមប្រព័ន្ធអនឡាញ សេវាចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ និងវាយតម្លៃសេវាកម្មទាំងនេះដោយផ្អែកលើស្តង់ដារអន្តរជាតិ ។
ជាក់ស្តែងសេវាកម្មទាំងនេះមានចំណុចជាច្រើនដែលមិនសមស្របទៅតាមគោលការណ៍មូលដ្ឋានរបស់សេចក្តីណែនាំអន្តរជាតិ ដូចជាក្នុងវីឌីអូដែលណែនាំពីសេវាចុះបញ្ជីអាជីកម្មតាមអនឡាញ មានតែអក្សរខ្មែរ និងអក្សរអង់គ្លេសប៉ុន្តែមិនមានសម្លេងដែលអាចជំនួសការអានសម្រាប់អ្នកដែលមិនចេះអក្សរ ឬជនមានពិការភាពភ្នែកជាបណ្តោះអាសន្ន ឬអចិន្រ្តៃយ៍។ បុគ្គលទាំងនេះមិនអាចប្រើប្រាស់សេវាកម្មខាងលើបានឡើយ បើគ្មានជំនួយពីអ្នកដទៃ។ ម្យ៉ាងទៀតអ្នកប្រើប្រាស់ក៏មិនអាចប្រើសេវាកម្មទាំងនេះដោយប្រើប្រាស់តែក្តារចុចបានដែរ ។ ការប្រើប្រាស់តែក្តារចុចសុទ្ធនៅលើគេហទំព័រនានា ឬនៅពេលប្រើប្រាស់សេវាកម្មណាមួយ មានសារៈសំខាន់ណាស់សម្រាប់ជនដែលមិនអាចប្រើប្រាស់កូនកណ្តុរ(mouse) ដែលរួមមាន ជនពិការភ្នែក ឬមនុស្សវ័យចំណាស់ ដែលមិនអាចមើលឃើញទ្រនិចព្រួញ(Cursor) បានច្បាស់ ។
ដើម្បីជៀសវាងឧបសគ្គទាំងនេះ អ្នករៀបចំ និងបង្កើតផលិតផល និងសេវាកម្មឌីជីថលត្រូវតែរួមបញ្ចូលគោលការណ៍ដើម្បីធ្វើឱ្យមនុស្សវ័យចំណាស់ អ្នកមានការអប់រំទាប និងជនមានពិការភាពទទួលបានផលប្រយោជន៍ក្នុងការប្រើប្រាស់ផលិតផល និងសេវាកម្មឌីជីថល ។
គួរកត់សម្គាល់ដែរថា ការប្រើប្រាស់គោលការណ៍នេះមិនត្រឹមតែជួយដល់ជនដែលងាយទទួលរងផលប៉ះពាល់ទាំងនេះនោះទេ តែវាក៏អាចនាំមកនូវផលប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់បានដែរ។ ជាក់ស្តែងការសិក្សាស្រាវជ្រាវបានប្រទះឃើញថា Subtitle លើវីឌីអូអាចជួយជំរុញដល់ការអានរបស់សិស្សានុសិស្សថែមទៀត។
ផលិតផលឌីជីថលដែលត្រូវបានរៀបចំ និងដាក់ឱ្យប្រើប្រាស់ដោយរាជរដ្ឋាភិបាលត្រូវតែផ្តល់ជាឧទាហរណ៍ល្អមួយសម្រាប់វិស័យឯកជន។ តួយ៉ាង គេហទំព័រ និងកម្មវិធីទូរស័ព្ទរបស់រាជរដ្ឋាភិបាល ដែលផ្តល់សេវាកម្មសំខាន់ៗត្រូវតែបញ្ចូលនូវមុខងារនានាដែលជួយដល់ជនដែលមានពិការភាព។ ចំណុចទាំងនេះអាចមានដូចជា ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពង្រីក ឬបង្រួមទំហំអក្សរ បង្កើន ឬបន្ថយពណ៌ និងពន្លឺ រៀបចំជា Subtitle សម្រាប់វីឌីអូ ឬអនុញ្ញាតឱ្យអ្នកប្រើប្រាស់បម្លែងអក្សរទៅជាសម្លេងជាដើម ។
ជាងនេះទៅទៀត ប្រទេសកម្ពុជាត្រូវការសេចក្តីណែនាំជាផ្លូវការពីរាជរដ្ឋាភិបាល ដើម្បីធានាថាគោលការណ៍ទាំងនេះត្រូវបានបញ្ចូលក្នុងការរៀបចំ និងបង្កើតផលិតផល និងសេវាកម្មឌីជីថលទាំងអស់ ។ ជាក់ស្តែង សេចក្តីណែនាំពីការប្រើប្រាស់គេហទំព័រ(Web Content Accessibility Guidelines) បានផ្តល់ជាក្របខណ្ឌដែលរាជរដ្ឋាភិបាលអាចយកមកសិក្សា និងកែសម្រួលឱ្យស្របទៅតាមបរិបទ ភាសា និងកម្រិតអក្ខរកម្មឌីជីថលរបស់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា។
ការរៀបចំកម្មវិធី និងសេវាកម្មឌីជីថលសម្រាប់អ្នកប្រើប្រាស់ដែលមានអក្ខរកម្មឌីជីថលនៅមានកម្រិត
ផលិតផលឌីជីថលថ្មីៗ ទោះជាត្រូវបានដាក់ចេញដោយវិស័យឯកជន ឬវិស័យសាធារណៈក៏ដោយ ត្រូវតែមានការគិតគូរពីអក្ខរកម្មឌីជីថលរបស់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា ដែលនៅមានកម្រិតនៅឡើយ។ អក្ខរកម្មឌីជីថលគឺជាសមត្ថភាពយល់ដឹងពីបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះនៅក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ។
យោងទៅតាមរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រជាជនកម្ពុជា ប្រមាណ ៣០%ប៉ុណ្ណោះដែលមានអក្ខរកម្មឌីជីថលកម្រិតមូលដ្ឋាន។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) បានធ្វើការស្ទង់មតិមួយនៅឆ្នាំ២០២០ ដែលមានការចូលរួមពីយុវជនចំនួន ១ ២៨៥នាក់ និងបានឃើញថា អ្នកចូលរួមទាំងនេះមានអក្ខរកម្មឌីជីថលកម្រិតទាបនៅ ៤ផ្នែកធំៗ ពោលគឺ ការប្រើប្រាស់ Hardware ឬ Software អក្ខរកម្មព័ត៌មាន ការបង្កើត Content និងសុវត្ថិភាព ដែលជាចំណុចគួរឱ្យព្រួយបារម្ភជាងគេ។ ការណ៍នេះមានន័យថា យុវជនជាច្រើននៅតែមិនទាន់មានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពក្នុងការគាំទ្រដល់ការបំពេញការងារ និងការសិក្សារបស់ពួកគេឡើយ។
ជាងនេះទៅទៀត អ្នកដែលមានជំនាញ និងចំណេះដឹងស្នូលផ្នែកឌីជីថលនៅមានកម្រិតមិនត្រឹមតែប្រឈមនឹងហានិភ័យក្នុងលំហឌីជីថល និង ឱកាសក្នុងសេដ្ឋកិច្ចនោះទេ តែថែមទាំងអាចងាយទទួលរងការវាយប្រហារតាមប្រព័ន្ធសាយប័រ(Internet) និងអំពើឆបោកតាម(Internet)នានាថែមទៀត ។ ជាពិសេសក្នុងអំឡុងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលជាពេលការទូទាត់ប្រាក់ភាគច្រើនត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ រាជរដ្ឋាភិបាលបានចេញជាការព្រមានដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះអំពើឆបោក និងការលួចចូលគណនី(Hack)។ ការព្រួយបារម្ភពីការវាយប្រហារតាមប្រព័ន្ធសាយប័រក៏បន្តមានការកើនឡើងដែរ ដោយការវាយប្រហារទាំងនេះកាន់តែមានភាពស្មុគស្មាញ និងត្រូវបានប្រព្រឹត្តទៅដោយមានការរៀបចំបានល្អខណៈដែលប្រទេសកម្ពុជាងាយរងគ្រោះដោយការវាយប្រហារតាមប្រព័ន្ធសាយប័រនៅឡើយ ។
ក្នុងរយៈពេលវែង រាជរដ្ឋាភិបាលកំពុងព្យាយាមបំពាក់ប្រជាពលរដ្ឋនូវអក្ខរកម្មឌីជីថល។ តួយ៉ាង ក្រសួងអប់រំ យុវជន និងកីឡាបានដាក់បញ្ចូលនូវវគ្គសិក្សាអំពីបច្ចេកវិទ្យាព័ត៌មានក្នុងកម្មវិធីសិក្សានៅកម្រិតថ្នាក់វិទ្យាល័យ ប៉ុន្តែការណ៍នេះមិនអាចនាំឱ្យមានការផ្លាស់ប្តូរភ្លាមៗនោះទេ ។ ហេតុដូចនេះ អ្នកបង្កើតកម្មវិធី និងសេវាកម្មឌីជីថលនៅកម្ពុជាត្រូវតែងាកទៅបង្កើតផលិតផល និងសេវាកម្មដោយគិតគូរពីអ្នកប្រើប្រាស់ដែលមិនមានអក្ខរកម្មឌីជីថលខ្ពស់វិញ ។
ជាការពិតណាស់ ក្រុមហ៊ុនមួយចំនួនបានបង្កើតឧបករណ៍ជាច្រើនដើម្បីសម្រេចបាននូវគោលបំណងនេះ ។ ដូចជាក្រុមហ៊ុន IDEO Goolge និងមូលនិធិ Bill and Melinda Gates Foundation បានបង្កើត Digital Confidence Design Toolsក្នុងគោលដៅបង្កើតផលិតផល និងសេវាកម្មឌីជីថលជាមួយអ្នកប្រើប្រាស់ ។ ការណ៍នេះជំរុញឱ្យមានការគិតគូរពីតម្រូវការ និងទស្សនៈជាច្រើនរបស់អ្នកប្រើប្រាស់ខុសៗគ្នា ។
User Context Cards ជំរុញឱ្យអ្នកបង្កើតផលិតផល និងសេវាកម្មឌីជីថលឈ្វេងយល់ពីភាពតភ្ជាប់ទៅកាន់បណ្តាញ ថវិកា វប្បធម៌ បទដ្ឋានយេនឌ័រ អក្ខរកម្មទូទៅ និងអក្ខរកម្មឌីជីថលរបស់អ្នកប្រើប្រាស់របស់ពួកគេ។ ជាក់ស្តែង Youtube បានដាក់ចេញនូវ Voice Commands ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដែលមិនចេះអាន និងសរសេរអក្សរ អាចស្វែងរកវីឌីអូដោយប្រើប្រាស់សម្លេង។ ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ដែលមិនមានអក្ខរកម្មឌីជីថលខ្ពស់ជាទូទៅមិនយល់ដឹងច្រើនពីគណនីឌីជីថល ឬ Profile ទេ ដូច្នេះ TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថ្មីៗរបស់ខ្លួនប្រើប្រាស់កម្មវិធីនេះដោយមិនចាំបាច់បង្កើតគណនីជាមុនសិននោះឡើយ។
អង្គការ UNESCO បានធ្វើការសិក្សាទៅលើគម្រោងចំនួន៣២ និងបានគាំទ្រដល់គោលការណ៍នេះដូចគ្នាដែរ ព្រមទាំងជំរុញឱ្យបញ្ចូលអ្នកប្រើប្រាស់ដែលមិនមានជំនាញ និងអក្ខរកម្មខ្ពស់ទៅក្នុងការបង្កើត និងសាកល្បងប្រើប្រាស់ផលិតផល និងសេវាកម្មឌីជីថលថែមទៀត។ អង្គការនេះបានបន្ថែមថា ការផ្គួបផ្សំទាំងអក្សរ សម្លេង និងវីឌីអូ ត្រូវបានចាត់ទុកជាវិធីសាស្រ្តមួយដែលអាចជួយដល់អ្នកប្រើប្រាស់ដែលមានកម្រិតអក្ខរកម្មខុសៗគ្នា ។
លទ្ធភាពក្នុងការទទួលបានឧបករណ៍ប្រើប្រាស់
កង្វះខាតលទ្ធភាពក្នុងការទទួលបានបច្ចេកវិទ្យាព័ត៌មានគឺជាឧបសគ្គសំខាន់មួយទៀតសម្រាប់ការសម្រេចបាននូវបរិដ្ឋានឌីជីថលក្នុងប្រទេសកម្ពុជា ។
ជាការពិតណាស់ ប្រទេសកម្ពុជាដើរទៅមុខយ៉ាងលឿននូវផ្នែកទូរស័ព្ទដៃ ដោយមាន ១២៤% នៃប្រជាជនសរុបមានទូរស័ព្ទដៃប្រើប្រាស់ ស្របពេលដែល ៨០% នៃអ្នកប្រើប្រាស់អាចទទួលបានសេវា 4G ហើយកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដែលមានថ្លៃសេវាអ៊ីនធឺណិតទាបជាងគេក្នុងចំណោមប្រទេសនានានៅអាស៊ីអាគ្នេយ៍ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនមួយភាគធំនៅតែមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលបានបច្ចេកវិទ្យាសំខាន់ៗ ។ តួយ៉ាង ចំនួនគ្រួសារដែលមានកុំព្យូទ័រប្រើប្រាស់ស្ថិតនៅកម្រិតយ៉ាងទាប ពោលគឺ នៅត្រឹម ១២,៥% នេះបើយោងទៅតាមអង្គការទូរគមនាគមន៍អន្តរជាតិនៅឆ្នាំ២០១៨។
អ្នកផ្តល់ផលិតផល និងសេវាកម្មឌីជីថលទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈយល់ដឹងច្បាស់ពីបរិបទនេះ និងបានជំរុញដល់ការប្រើប្រាស់កម្មវិធីលើទូរស័ព្ទដៃ។ សេវាកម្មរដ្ឋាភិបាលឌីជីថលភាគច្រើនក៏មានទម្រង់ជាទូរស័ព្ទដៃផងដែរ។ ទោះជាយ៉ាងនេះក្តី ដើម្បីឱ្យប្រជាជនអាចប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សកម្មភាពសំខាន់ៗមួយចំនួន ដូចជា ការបង្កើតឯកសារ ការធ្វើបទបង្ហាញ ការរៀបចំ និងវិភាគទិន្នន័យ ពួកគេត្រូវតែមានកុំព្យូទ័រ។ ជាងនេះទៅទៀត ការកសាងបានកម្លាំងពលកម្មដែលមានអក្ខរកម្មឌីជីថលខ្ពស់ក៏ស្របទៅនឹងផែនការរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវសេដ្ឋកិច្ចដែលពឹងផ្អែកលើពលករមានជំនាញខ្ពស់ និងសេដ្ឋកិច្ចឌីជីថលផងដែរ។
ការបង្កើនចំនួនប្រជាជនដែលមានលទ្ធភាពទទួលបានបច្ចេកវិទ្យា និងអ៊ីនធឺណិតគឺពិតជាមានសារៈសំខាន់ណាស់។ ថ្វីបើគោលដៅនេះអាចត្រូវបានសម្រេចដោយប្រយោលតាមរយៈការកើនឡើងនៃប្រាក់ចំណូល ជីវភាពរស់នៅល្អប្រសើរ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានក្តី ក៏រាជរដ្ឋាភិបាល និងភាគីជាប់ពាក់ព័ន្ធដទៃក៏អាចចូលរួមចំណែកបន្ថែមទៀតបានដែរ។ តួយ៉ាង ដំណោះស្រាយនៅថ្នាក់សហគមន៍ ដែលរួមមាន ការរៀបចំជាបន្ទប់កុំព្យូទ័រនៅតាមទីសាធារណៈ និងសាលារៀន ត្រូវបានអនុវត្តសាកល្បង និងបង្ហាញពីលទ្ធផលវិជ្ជមានក្នុងការបិទគម្លាតឌីជីថលតាមសហគមន៍នានាក្នុងប្រទេសម៉ាឡេស៊ី និងចក្រភពអង់គ្លេស។
បរិដ្ឋានឌីជីថលរយៈពេលវែង
ស្របពេលដែលផ្នែកជាច្រើននៃការរស់នៅប្រចាំថ្ងៃរបស់ពួកយើងមាននៅក្នុងលំហឌីជីថល ការលើកកម្ពស់បរិដ្ឋានឌីជីថលពិតជាមានសារៈសំខាន់ណាស់សម្រាប់ការទាញយកអត្ថប្រយោជន៍ពីការធ្វើបរិវត្តកម្មឌីជីថល ដើម្បីជៀសវាងបញ្ហាវិសមភាពសង្គម និងប្រាក់ចំណូលកាន់តែធ្ងន់ធ្ងរឡើង ។ ជោគជ័យនៃគោលដៅនេះមិនត្រឹមតែទាមទារការលើកកម្ពស់លទ្ធភាពក្នុងការទទួលបានបច្ចេកវិទ្យាព័ត៌មានដែលមានតម្លៃសមរម្យនោះទេ តែក៏ទាមទារឱ្យមានការរៀបចំផលិតផល និងសេវាកម្មឌីជីថលដែលអាចជំរុញដល់លទ្ធភាពក្នុងការប្រើប្រាស់ផងដែរ ។ ប្រសិនបើមិនមានការធ្វើដូច្នេះទេ ការធ្វើបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជាមានតែអាចធ្វើឱ្យគម្លាតរវាងអ្នកមានលទ្ធភាព និងអ្នកគ្មានលទ្ធភាពកាន់តែធំប៉ុណ្ណោះ៕