ក្រុមហ៊ុនផលិតឈីបដ៏ធំមួយនៃប្រទេសកូរ៉េខាងត្បូង គឺ SK Hynix អាចនឹងពិចារណាលក់រោងចក្រផលិតឈីបអង្គចងចាំក្នុងប្រទេសចិន ក្នុងសេណារីយ៉ូអាក្រក់បំផុត ដែលអាចកើតមានឡើងចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនខ្លួន ដោយសារតែការរឹតបន្ដឹងថ្មីៗនេះរបស់អាមេរិកជុំវិញការនាំចេញបច្ចេកវិទ្យាផលិតបន្ទះឈីបទៅកាន់ប្រទេសចិន។ ជាមួយគ្នានេះ ក្រុមហ៊ុន SK Hynix ក៏កំពុងរងគ្រោះនៃការធ្លាក់ចុះប្រាក់ចំណេញ ដោយសារតែបញ្ហាអតិផរណាផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
លោក Kevin Noh ប្រធានមន្រ្តីទីផ្សាររបស់ក្រុមហ៊ុន SK Hynik បានថ្លែងក្នុងសន្និសីទកាសែតមួយស្តីពីលទ្ធផលនៃប្រាក់ចំណូលប្រចាំត្រីមាសទី៣ថា ក្រុមហ៊ុនកូរ៉េនេះ នឹងលក់រោងចក្រនៅប្រទេសចិនចោល ចំណែកគ្រឿងបរិក្ខារ អាចនឹងលក់ ឬផ្ទេរទៅកូរ៉េខាងត្បូងវិញ។ វាជាផែនការមួយដែលមិនបានគ្រោងទុក ដោយលោកសង្កត់ធ្ងន់ថា ក្នុងស្ថានភាពនេះគឺមិនអាចឱ្យក្រុមហ៊ុនបន្តប្រតិបត្តិការទៀតឡើយ។
លោកបន្តថា ក្រុមហ៊ុនខ្លួនបានទទួលរងគ្រោះ ដោយសារមានការដាក់កំហិតជាច្រើនមកលើរោងចក្រដែលស្ថិតនៅក្នុងក្រុង Wuxi ជិតក្រុងសៀងហៃ។ រោងចក្រនេះ គឺផលិតឈីប DRAM តាមការបញ្ជាទិញពីក្រុមហ៊ុនដទៃ។
រោងចក្រក្នុងក្រុង Wuxi នេះផលិតបានជាង ៤០% នៃឈីប DRAM សរុបរបស់ក្រុមហ៊ុនកូរ៉េ SK Hyunix។ ឈីបប្រភេទនេះ ត្រូវបានប្រើប្រាស់នៅក្នុងឧបករណ៍អេឡិចត្រូនិច ដូចជា ស្មាតហ្វូន និងកុំព្យូទ័រ ព្រមទាំងបំពាក់លើរថយន្តទៀតផង។
កាលពី២សប្តាហ៍មុន ក្រុមហ៊ុន SK Hynix បានប្រកាសថា ខ្លួនទទួលបានភ្លើងខៀវពីក្រុងវ៉ាស៊ិនតោន ដែលអាចបន្តការប្រើប្រាស់បច្ចេកវិទ្យាអាមេរិក សម្រាប់ការផលិតឈីបអង្គចងចាំនៅក្នុងប្រទេសចិន រយៈពេល១ឆ្នាំទៀត។ ប៉ុន្តែលោក Noh ប្រធានមន្រ្តីទីផ្សាររបស់ក្រុមហ៊ុន SK Hynik មិនច្បាស់ទេថា ក្រុមហ៊ុននេះនឹងអាចបន្តប្រតិបត្តិការដល់ពេលនោះ ឬយ៉ាងណា។
ការលើកឡើងរបស់ប្រធានទីផ្សាររបស់ក្រុមហ៊ុន SK Hynik រូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក ចូ បៃឌិន បានរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិន ដើម្បីបង្អាក់ និងពន្យឺតដំណើរអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេសមួយនេះ។ ទន្ទឹមនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតឈីបធំទី២ ក្នុងលោកមួយនេះ គឺបានធ្លាក់ចុះដល់ ៦០% នៅក្នុងត្រីមាសទី៣ ដោយសារតែតម្រូវការសាកលទាប អតិផរណាខ្ពស់ និងការចុះខ្សោយសេដ្ឋកិច្ច។
យោងតាមទិន្នន័យរបស់ Refinitiv SmartEstimate បានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុន SK Hynix ក្នុងរយៈពេល៣ខែ ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួនសរុបជិត ១ពាន់២រយលានដុល្លារ ធ្លាក់ចុះពីចំនួនជិត ២ពាន់៣រយលានដុល្លារកាលពីឆ្នាំមុន។
អ្នកវិភាគមួយរូបនៅក្រុមហ៊ុន Daishin Securities លោក Wi-Min-bok បាននិយាយថា តម្លៃឈីប DRAM ត្រូវបានរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀត ដោយសារតែអតិថិជនរបស់ពួកគេមានឈីបស្តុកទុកសល់យ៉ាងច្រើនរួចមកហើយ៕