Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋ​ដាក់ចេញ​ផែនការ​ធំៗ ​២​ ដើម្បី​ស្តារ​កំណើន​ភ្ញៀវ​ទេសចរ​អន្តជាតិ​ឡើងវិញ ​សម្រាប់​ឆ្នាំ​ ២០២៣

Admin Alynana | Nov 04, 2022
រដ្ឋ​ដាក់ចេញ​ផែនការ​ធំៗ ​២​ ដើម្បី​ស្តារ​កំណើន​ភ្ញៀវ​ទេសចរ​អន្តជាតិ​ឡើងវិញ ​សម្រាប់​ឆ្នាំ​ ២០២៣
Clinic narith

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍​បានកំណត់​ទិសដៅ​សំខាន់ៗ​ចំនួន ២ ដើម្បី​ជំរុញ​ការស្តារ​កំណើន​ភ្ញៀវ​អន្តរជាតិ​ឡើងវិញ​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ ខណៈ​ទន្ទឹមគ្នានេះ​ក្រសួង​ក៏​អំពាវនាវ​ឱ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម​ឱ្យបាន​សកម្ម​ក្នុង​ការបង្កើន​សក្តានុពល​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​ផងដែរ​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​ ៣១ ខែតុលា ស្តីពី​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឆ្នាំ​ ២០២៣ បាន​លើកឡើងថា ក្នុងដំណាក់កាល​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ ស្របតាម​យុទ្ធសាស្ត្រ​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ក្រសួងទេសចរណ៍​នឹង​នៅតែ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​តាមរយៈ​ការចូលរួម​ដោយផ្ទាល់​ក្នុង​ «​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​» នៅក្រៅ​ប្រទេស​ចំនួន ១០​ លើក ​(​ទីផ្សារ​អាស៊ាន​, ឥណ្ឌា ចិន ជប៉ុន កូរ៉េ និង​ទីផ្សារ​អឺរ៉ុប​) ព្រមទាំង​រៀបចំ​កម្មវិធី​ «​ផ្សព្វផ្សាយ​បង្ហាញផ្លូវ​ទេសចរណ៍​កម្ពុជា​» ​ដើម្បី​អបអរសាទរ និង​ផ្សព្វផ្សាយ​យុទ្ធនាការ​ទស្សនា​កម្ពុជា​ឆ្នាំ​ ២០២៣ ក៏ដូចជា​ផ្សព្វផ្សាយ​យុទ្ធនាការ «​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​កីឡា​» ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ និង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ឆ្នាំ​ ២០២៩ ​។ បន្ថែម​ពីលើ​នេះ​ក្រសួង​ក៏បាន​ស្នើឱ្យ​ផ្នែក​ពាក់ព័ន្ធ​ចូលរួម​ឱ្យបាន​សកម្ម​ក្នុងការ​ផ្សព្វផ្សាយ​ផងដែរ​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា​៖ «​ក្រសួងទេសចរណ៍​សូម​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​គ្រប់​សមាគម​ទេសចរណ៍ ស្ថាប័នរដ្ឋ​-​ឯកជន​ពាក់ព័ន្ធ អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ និង​សាធារណជន​មេត្តា​ជ្រាប និង​សហការ​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍​ឱ្យបាន​ច្រើន និង​សកម្ម​បំផុត​ក្នុងការ​ចាប់យក​ឱកាស​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ក៏ដូចជា​បង្កើន​ការលក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​កម្ពុជា​នៅលើ​ទីផ្សារ​អន្តរជាតិ​»​។​

​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ីវ​លីន បាន​ប្រាប់​ថា​ក្នុង​ថ្ងៃទី​ ២ ខែវិច្ឆិកា​ថា បន្ទាប់ពី​ធ្លាក់ចុះ​ក្បែរ​ដល់​សូន្យ​នា​រយៈពេល​ជាង ២​ ឆ្នាំ​ដោយសារ​វិបត្តិ​កូ​វីដ​ ១៩ នៅពេលនេះ​វិស័យ​ទេសចរណ៍​កម្ពុជា​បានចាប់ផ្តើម​មានដំណើរ​ល្អ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ជាពិសេស​ចរន្ត​ភ្ញៀវទេសចរ​ក្នុងស្រុក​។ នៅមុន​ពេល​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ វិស័យ​ទេសចរណ៍ ​(​ទេសចរណ៍​អន្តរជាតិ​) បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរកចំណូល​ចូលជាតិ ព្រមទាំង​មាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​ប្រយោល​ជាច្រើន​។​

​លោកស្រី ស៊ីវ​លីន បាន​ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​ដែល​ក្រសួង​បានដាក់​ចេញ​ខាងលើ គឺ​ពិត​ជាមាន​ភាពចាំបាច់​ក្នុងការ​ធ្វើឱ្យ​ជនបរទេស​ស្គាល់​កម្ពុជា​កាន់តែច្រើន និង​អាច​ទាក់ទាញ​ពួកគេ​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​ផងដែរ​។ ប្រទេស​កម្ពុជា គឺជា​ទីតាំង​ទេសចរណ៍​មួយ​ដ៏​ល្អ​នៅលើ​ពិភពលោក​»​។​

 

​លោកស្រី​ប្រាប់ទៀតថា ទន្ទឹមនឹង​ការខិតខំ​របស់​អាជ្ញាធ​រ បច្ចុប្បន្ន​វិស័យ​ឯកជន​ក៏​កំពុង​កែច្នៃ​ឱ្យមាន​កន្លែង​កម្សាន្ត​ជាច្រើន​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ផងដែរ​។​

​ដោយឡែក​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់ថា ទោះបី​ពេលនេះ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ លើ​ពិភពលោក​មាន​ភាព​ធូរស្រាល ប៉ុន្តែ​បញ្ហា​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​ធំៗ បានធ្វើឱ្យ​ទីផ្សារ​វិស័យ​ទេសចរណ៍​លើ​ពិភពលោក​មិនទាន់​ល្អប្រសើរ​ឡើងវិញ​ទេ​។​

​លោក​លើកឡើងថា​៖ «​បច្ចុប្បន្ន​ពិភពលោក​កំពុង​មានការ​ប្រះ​ស្រាំ និង​បែងចែក​និន្នាការ​គ្នា​ជាច្រើន ដែល​បញ្ហា​ទាំងអស់នេះ គឺ​សុទ្ធតែ​ផ្តល់​ភាពអវិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​។ សម្រាប់​ដើមឆ្នាំ ​២០២៣ ខាងមុខ​ខ្ញុំ​គិតថា​ចំនួន​ភ្ញៀវទេសចរ​បរទេស​មក​កម្ពុជា​នឹងមាន​កំណើន​បើ​ធៀប​នឹង​ឆ្នាំ​ ២០២២ នេះ ប៉ុន្តែ​ចាប់ពី​ពាក់កណ្តាល​ទៅ​ចុងឆ្នាំ​វា​នឹង​អាចមាន​ផលប៉ះពាល់​ប្រសិនបើ​សភាពការណ៍​សកល ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច នៅ​បន្ត​ភាពមិន​ចុះសម្រុង​គ្នា​»​។​

​ខណៈ​កន្លងមក​ភ្ញៀវទេសចរ​ចិន គឺជា​ចំណែក​ទីផ្សារ​សំខាន់​របស់​ពិភពលោក រួមទាំង​កម្ពុជា​ផង​នោះ លោក ស៊ីណាន បាន​បញ្ជាក់ថា បើ​រដ្ឋាភិបាល​ចិន​សម្រេច​ប​ន្ទូ​រ​បន្ថយ​លើ​វិធានការ​កូ​វីដ​សូន្យ​ក្នុងពេល​ឆាប់ៗ​នោះ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ប្រាកដជា​ទទួលបាន​ភាព​វិជ្ជមាន​ខ្លះ​ឡើងវិញ​។​

​ក្រសួងទេសចរណ៍ កាលពីដើម​ខែកញ្ញា​កន្ល​ង​មក បានដាក់​ចេញ​គោលនយោបាយ ផែនការ និង​យុទ្ធសាស្ត្រ​ធំៗ​ចំនួន ដោយ​រំពឹងថា នឹង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឱ្យបាន​ប្រមាណ ៧,៥ លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង​ប្រមាណ ១៦ លាន​នាក់​នៅ​ឆ្នាំ ២០២៨​។​

​យុទ្ធសាស្ត្រ​សំខាន់ៗ​ទាំងនោះ​មានដូចជា ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​នវានុវត្តន៍ និង​ភាព​ច្នៃប្រឌិត​, ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​ឱ្យ​ស្របតាម​ស្តង់ដា​, ការជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ជំនាញ​ថ្មីៗ​បន្ថែម​, និង​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ទេសចរណ៍​ឱ្យមាន​ភាពងាយស្រួល និង​សុវត្ថិភាព​។ ចំណុច​សំខាន់​ផ្សេងៗ​ទៀត រួមមាន ការពង្រឹង​សមត្ថភាព​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​, ការជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​វិស័យ​ទេសចរណ៍​, ការដាក់ចេញ​គោលនយោបាយ​សំខាន់ៗ​បន្ថែមទៀត​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​, និង​ពង្រឹង​យន្តការ​អភិបាលកិច្ច​ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។​

​ទិន្នន័យ​ផ្លូវការ​ពី​ក្រសួងទេសចរណ៍ ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ​ ២០២២ ភ្ញៀវ​បរទេស​ដែល​បាន​មកដល់​ប្រទេស​កម្ពុជា មាន​ចំនួន​សរុប ១ ២៦៥ ៧៧២​ នាក់ កើនឡើង ៨៦១,៣​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០២១៕