Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក ​បៃដិន ថា ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ជា​ពេល​កំណត់​ប្រជា​ធិបតេយ្យ​អាមេរិក

Admin Alynana | Nov 05, 2022
លោក ​បៃដិន ថា ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ជា​ពេល​កំណត់​ប្រជា​ធិបតេយ្យ​អាមេរិក
Clinic narith

ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកលោក ចូ បៃដិន បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ ទី ២ ខែ​វិច្ឆិកា​ថា ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ គឺ​ជា​ពេលវេលា​កំណត់សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​អាមេរិក ខណៈដែល​ការ​គំរាមកំហែង​នៃ​អំពើហិង្សា​ផ្នែក​នយោបាយនិង​ការ​បំភិតបំភ័យ​អ្នក​បោះឆ្នោតបាន​កើតមាន​ឡើង ជុំវិញ​ការបោះឆ្នោតដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សប្ដាហ៍​ក្រោយ។

ក្នុងពេល​ជាមួយគ្នា​នោះលោក បៃដិន បាន​ហៅ​អ្នកដែល​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត កាលពី​ឆ្នាំ ២០២០ ថា ជាការ​គំរាមកំហែងចំពោះ​លទ្ធិ​ប្រជា​ធិបតេយ្យដោយ​ភ្ជាប់​ការបះបោរនៅ​វិមាន​កាពីតូល កាល​ពី​ថ្ងៃទី ៦ ខែ​មករា​ ទៅនឹង​ការវាយប្រហារកាល​ពី​សប្តាហ៍​មុន ទៅ​លើ​លោកប៉ូលប៉េឡូស៊ីដែល​ជា​ប្ដី​របស់​លោកស្រី​ប្រធាន​សភា ណាន់ស៊ី ប៉េឡូស៊ី។

លោក​ប្រធានា​ធិបតី បៃដិន ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យើង​ត្រូវតែ​ឈរ​ជាមួយនឹង​សំឡេង​ដ៏​លើសលប់​ប្រឆាំងនឹង​អំពើ​ហិង្សា​ផ្នែក​នយោបាយ និង​ការបំភិត​បំភ័យ​អ្នកបោះឆ្នោត។ សូម​ក្រោកឈរ​ឡើងហើយ​និយាយ​ប្រឆាំង​នឹង​បញ្ហា​នេះ»។

លោក​បន្ត​ថា​៖ «យើង​មិន​ដោះស្រាយ​ភាពខុសគ្នា​របស់​យើងនៅ​អាមេរិក​ជាមួយនឹង​ការប្រមូល​ផ្ដុំ​មនុស្សឬ​ការប្រើ​គ្រាប់​កាំភ្លើងឬ​ញញួរ​នោះទេ។ យើង​ដោះស្រាយ​ដោយ​សន្តិវិធី ក្នុង​ប្រអប់​ឆ្នោត។យើង​ត្រូវតែ​ស្មោះត្រង់​ជាមួយ​ខ្លួន​យើង។ យើង​ត្រូវ​ប្រឈម​នឹង​បញ្ហា​នេះហើយ​មិនអាច​ងាក​ចេញពី​វា​បានទេ។យើង​មិន​អាចធ្វើ​ពុត​ថា វា​នឹង​ដោះស្រាយ​ដោយឯងៗ​បាន​នោះទេ»។

គួរ​បញ្ជាក់ថា សុន្ទរកថា​របស់លោក បៃដិន​ លើក​នេះ គឺជា​ការ​បន្ទរ​បន្ថែម​ពីលើ​អ្វីដែល​លោក​បាន​ព្រមាននាពេល​កន្លងមកអំពី​ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​សុពលភាព​នៃ​ការបោះឆ្នោត​ឆ្នាំ​ ២០២០ និង​អំណះអំណាង​របស់លោក​ដែល​ថាអ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​របស់​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​ជំរុញ​ឱ្យ​មាន​ភាព​ជ្រុល​និយម។

 

លោក បៃដិន ថ្លែង​យ៉ាង​ដូច្នេះ​ទៀត​ថា៖ «យើង​កំពុង​ប្រឈមមុខ​នឹង​ពេលវេលា​កំណត់យើង​ត្រូវតែ​ប្រើ​សំឡេង​បង្រួបបង្រួម​ដ៏​លើសលប់​មួយក្នុងនាម​ជា​ប្រទេសមួយហើយ​និយាយ​ប្រឆាំងនឹង​ការបំភិតបំភ័យ​អ្នក​បោះឆ្នោត ឬ​អំពើ​ហិង្សា​នយោបាយនៅ​អាមេរិកមិន​ថា វា​សំដៅ​ទៅលើ​គណបក្ស​ប្រជា​ធិបតេយ្យ ឬ​គណបក្ស​សាធា​រណ​រដ្ឋ​នោះទេ»។

ទោះបីជា​យ៉ាងណា​ក៏ដោយលោកស្រី Taylor Budowich អ្នក​នាំពាក្យ​របស់លោកត្រាំបាន​ប្រតិកម្ម​នឹង​ការលើកឡើង​បែបនេះដោយ​អះអាង​ថា​៖ «គោល​នយោបាយ​របស់លោកបៃដិនកំពុង​បំផ្លាញ​អាមេរិកហើយ​សកម្មភាព​របស់​លោកកំពុង​ធ្វើឱ្យ​ប្រទេស​របស់​យើង​បែកបាក់​គ្នា​ជាង​អ្វីដែល​យើង​ធ្លាប់មាន»។

យ៉ាងណា​មិញលោក បៃដិន ដែល​ថា ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​មាន​សារៈសំខាន់ក្នុងការ​រក្សា​តម្លៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេសក្នុង​រយៈពេល​វែងនោះបាន​ថ្លែង​ថា៖ «លទ្ធិ​ប្រជា​ធិបតេយ្យ​អាមេរិកកំពុង​រង​ការវាយប្រហារដោយសារតែ​អតីត​ប្រធានា​ធិបតី​អាមេរិកដែល​ចាញ់ឆ្នោតបាន​បដិសេធ​មិន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​ ២០២០ ដែល​ស្មើនឹង​ការបដិសេធ​មិន​ទទួលយក​ឆន្ទៈ​របស់​ប្រជាជន។ លោក (ត្រាំ) បដិសេធ​មិន​ទទួលយក​ការពិតដែល​លោក​ចាញ់ដោយ​ដាក់​ភក្ដីភាព​ចំពោះ​ខ្លួនឯង​មុន​រដ្ឋធម្មនុញ្ញ»។

ឆ្លើយតប​នឹង​ការលើកឡើង​បែបនេះមន្ត្រី​បក្ស​សាធារណ​រដ្ឋបាន​លើកឡើង​ថា លោក បៃដិន កំពុង​ត្រដាប​ត្រដួសក្នុងការ​ផ្លាស់ប្ដូរ​ការចាប់​អារម្មណ៍​ពី​អតិផរណាឧក្រិដ្ឋកម្ម និង​ព្រំដែន​បើកចំហហើយ​ឥឡូវនេះអះអាង​ថា លទ្ធិ​ប្រជា​ធិបតេយ្យ​ដំណើរការ​បានលុះត្រាតែ​គណបក្ស​របស់​ខ្លួនឯង​ឈ្នះ៕