នៅក្នុងជំនួបទល់មុខគ្នាដ៏កម្រ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រាប់អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល ថា ប្រទេសទាំងពីរគួរតែសម្លឹងមើលកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀតចំពេលដែលពិភពលោកកំពុង «មានភាពវឹកវរ និងចលាចល» ដោយលោកបានទាញការពិភាក្សាទៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ក្រុមអ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ស្កូល នៅថ្ងៃសុក្រ ទី ៤ វិច្ឆិកានេះគឺជាលើកទីមួយដោយមេដឹកនាំនៃប្រទេស G7 បានធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងរយៈពេលបីឆ្នាំ កន្លងមកនេះ ដែលវាក៏ជាការស្ទាបស្ទង់ផងដែរ នៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងលោកខាងលិច បន្ទាប់ពីភាពតានតឹងរវាងគ្នាជាច្រើនឆ្នាំមកនេះ។
បើតាមទូរទស្សន៍រដ្ឋចិន CCTV ក្នុងអំឡុងពេលនៃកិច្ចប្រជុំទល់មុខគ្នាជាលើកដំបូងរបស់មេដឹកនាំទាំងពីរនៅក្នុងមហាសាលប្រជាជនចិននៅរដ្ឋធានីប៉េកាំង លោក ស៊ី បាននិយាយថា៖ «ក្នុងនាមជាប្រទេសធំ និងមានឥទ្ធិពល ប្រទេសចិននិងអាល្លឺម៉ង់គួរតែធ្វើការជាមួយគ្នាថែមមួយកម្រិតទៀតក្នុងអំឡុងពេលដែលពិភពលោកកំពុងមានការផ្លាស់ប្តូរ និងភាពចលាចលនោះ»។
យ៉ាងណាមិញ យោងតាមអ្នកយកព័ត៌មានរ៉យទ័រ ដែលអមដំណើរគណៈប្រតិភូរបស់លោក អូឡាហ្វ ស្កូឡ បានឱ្យដឹងថា លោក Scholz បានប្រាប់លោក Xi វិញថា៖ «វាជាការល្អដែលមេដឹកនាំទាំងពីរបានជួបប្រជុំគ្នាក្នុងគ្រាដ៏តានតឹង ដោយសារតែប្រទេសរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយវាបានបង្កើតបញ្ហាចាក់ស្រេះជាច្រើនសម្រាប់សណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់»។
លោក Scholz ក៏បាននិយាយផងដែរថា អ្នកទាំងពីរនឹងពិភាក្សាអំពីបញ្ហាទាក់ទងនឹងទំនាក់ទំនងអឺរ៉ុប-ចិន ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងភាពអត់ឃ្លានជាសកល ក៏ដូចជារបៀបធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងសេដ្ឋកិច្ចចិន-អាល្លឺម៉ង់ ក៏ដូចជាប្រធានបទផ្សេងទៀត ដែលប្រទេសទាំងពីរមានទស្សនៈផ្ទុយគ្នាផងដែរ។
មែនទែនទៅ ដំណើរទស្សនកិច្ចរបស់លោក Scholz ទំនងជាមានគោលបំណងស្វាគមន៍ថ្នាក់ដឹកនាំចិន ដែលនឹងស្វែងរកទំនាក់ទំនងជាមួយពិភពខាងក្រៅ បន្ទាប់ពីការបញ្ចប់នៃសមាជបក្សលើកទី២០ ដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេមើលឃើញថា បានពង្រឹងអំណាចកាន់តែណែនក្នុងជួរបក្សកុម្មុយនិស្តចិនផងនោះ។
មួយវិញទៀត បើយោងតាមប្រភពរដ្ឋាភិបាលទីក្រុងបែរឡាំង ក្រៅតែជួបប្រធានាធិបតីចិន លោក ស្កូល ក៏នឹងជួបនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ដែលនឹងត្រូវផុតអាណត្តិនៅឆ្នាំក្រោយនេះ ព្រមទាំងត្រូវគេរំពឹងថា អធិការបតីអាល្លឺម៉ង់រូបនេះ ក៏នឹងលើកឡើងពីបញ្ហាដ៏ចម្រូងចម្រាសដូចជា បញ្ហាសិទ្ធិមនុស្ស បញ្ហាដ៏រសើបតៃវ៉ាន់ និងការលំបាកដែលក្រុមហ៊ុនអាល្លឺម៉ង់ប្រឈមមុខក្នុងការជ្រៀតខ្លួនចូលទៅកាន់ទីផ្សារចិនជាដើម។
ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរទស្សនកិច្ចនេះដែរ ក៏មានផ្ទុះការរិះគន់មិនតិចទេពីសំណាក់ប្រទេសមួយចំនួននៃសហភាពអឺរ៉ុប និងបក្សសម្ព័ន្ធរដ្ឋាភិបាលអាល្លឺម៉ង់ ដែលភាគច្រើនមកពីគណបក្សបៃតង និងសេរីនិយម។
គួរជម្រាបថា ភាពតានតឹងទាំងនេះត្រូវបានកើតឡើងមុនកិច្ចព្រមព្រៀងមួយកាលពីសប្តាហ៍មុន ដែលក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ចិន Cosco បានទទួលភ្លើងខៀវពីទីក្រុងប៊ែរឡាំង ដើម្បីទទួលបានភាគហ៊ុននៅក្នុងស្ថានីយដឹកជញ្ជូនទំនិញក្នុងកំពង់ផែ Hamburg ទោះបីជាមានការជំទាស់ពីដៃគូនៃបក្សប្រឆាំងផ្សេងទៀតក្នុងប្រទេសអាល្លឺម៉ង់ក៏ដោយ៕