(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែននិងតួកគីនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែន នាំចេញគ្រាប់ធញ្ញជាតិដោយសុវត្ថិភាពឆ្លងកាត់សមុទ្រខ្មៅ ចំពោះមុខសង្រ្គាមជាមួយរុស្ស៉ី គឺត្រូវបានបន្តសុពលភាពរយៈពេល ១២០ថ្ងៃបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
អ៊ុយក្រែនគឺជាប្រទេសកំពូលមួយ ខាងនាំចេញគ្រាប់ធញ្ញជាតិ ប៉ុន្តែការនាំចេញបានជួបបញ្ហារាំងស្ទះ ដោយសារតែការឈ្លានពានរបស់រុស្ស៉ី កាលពីចុងខែកុម្ភៈ។ មកដល់ខែកក្កដា កិច្ចព្រមព្រៀងរវាងភាគីជម្លោះ ត្រូវសម្រេចបានក្រោម ការសម្របសម្រួលរបស់តួកគី និងអង្គការសហប្រជាជាតិ (UN) ជាមួយគោលដៅបើកឡើងវិញ នូវការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន ពីកំពង់ផែចំនួន៣ នៅជាប់សមុទ្រខ្មៅ។
គួរបញ្ជាក់ថា មុនការបន្តសុពលភាព កិច្ចព្រមព្រៀងខាងលើ នឹងត្រូវផុតកំណត់នៅត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ចាប់តាំងពីដើមខែសីហាមក ផលិតផលកសិកម្មសរុបប្រហែល ១១.១លានតោន ត្រូវបានដឹកជញ្ជូនចេញពីអ៊ុយក្រែន តាមសមុទ្រខ្មៅ ក្នុងនោះរួមមានទាំងពោត ៤.៥លានតោន និងស្រូវសាលី៣.២លានតោន៕