សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលចិនដែលបង្កើត«ស្ថានីយប៉ូលិស»ដោយគ្មានការអនុញ្ញាតនៅក្នុងទីក្រុងនានារបស់សហរដ្ឋអាមេរិក ដែលអាមេរិកមើលឃើញថា វាអាចបន្តប្រតិបត្តិការឥទ្ធិពលរបស់ចិននៅលើទឹកដីអាមេរិក។ នេះបើតាមនាយកការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI) របស់អាមេរិក គឺលោក គ្រីស្ដូហ្វឺ វីរ៉េយ៍ (Christopher Wray) ដែលបានប្រាប់សមាជិកសភាកាលពីថ្ងៃទី ១៧ ខែវិច្ឆិកា និងត្រូវបានផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមការពារ Safeguard Defenders ជាអង្គការសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅអឺរ៉ុបបានចេញផ្សាយរបាយការណ៍មួយកាលពីខែកញ្ញាដែលបង្ហាញពីវត្តមានរបស់ប៉ូលិសចិនរាប់សិប «ស្ថានីយសេវាកម្ម» នៅក្នុងទីក្រុងធំៗជុំវិញពិភពលោករួមទាំងក្រុងញូវយ៉កផងដែរ។
គណបក្សសាធារណរដ្ឋនៅក្នុងសភាបានស្នើសុំចម្លើយពីរដ្ឋការរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកអំពីឥទ្ធិពលរបស់ស្ថានីយប៉ូលិសចិនទាំងនេះ។
របាយការណ៍នេះបាននិយាយថា ស្ថានីយប៉ូលិសចិនទាំងនេះ គឺជាការពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការដាក់សម្ពាធលើជនជាតិចិនមួយចំនួន ឬសាច់ញាតិរបស់ពួកគេនៅបរទេសឱ្យត្រឡប់ទៅប្រទេសចិនវិញ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌ។ វាក៏បានភ្ជាប់ពួកគេទៅនឹងសកម្មភាពនៃនាយកដ្ឋានរណសិរ្សរួបរួមរបស់ប្រទេសចិន ជាស្ថាប័នបក្សកុម្មុយនិស្តមួយដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយឥទ្ធិពល និងការឃោសនារបស់ខ្លួននៅក្រៅប្រទេស។
នាយកការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI) របស់អាមេរិក គឺលោក គ្រីស្ដូហ្វឺ វីរ៉េយ៍ បានលើកឡើងថា លោកមិនពេញចិត្តនោះទេនៅពេលគេគិតថា ប៉ូលិសចិននឹងព្យាយាមបង្កើតទីតាំងនៅក្នុងទីក្រុងញូវយ៉ក ដោយគ្មានការសម្របសម្រួលត្រឹមត្រូវនោះ។ លោកបន្ថែមថា ប្រសិនបើដូច្នេះមែន វាពិតជារំលោភលើអធិបតេយ្យភាព និងរារាំងដំណើរការកិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងស្តង់ដារច្បាប់ជាមិនខានឡើយ។
ដោយត្រូវបានចោទសួរពីលោក រិច ស្កត់ ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋថាតើស្ថានីយបែបនេះបានបំពានច្បាប់សហរដ្ឋអាមេរិកមែន ឬយ៉ាងណានោះ លោក វីរ៉េយ៍បាននិយាយថា ទីការិយាល័យស្រាវជ្រាវសហព័ន្ធ (FBI) កំពុងតែពិនិត្យមើលដែនសមត្ថកិច្ចផ្លូវច្បាប់។
គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្ត្រសហរដ្ឋអាមេរិករួមទាំងលោក ក្រេ មឺហ្វ៊ី (Greg Murphy) និងលោក ម៉ៃ វ៉ាល់ (Mike Waltz) បានផ្ញើលិខិតទៅកាន់ក្រសួងយុត្តិធម៌កាលពីខែតុលាដោយសួរថា តើរដ្ឋការរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងស៊ើបអង្កេតស្ថានីយបែបនេះ និងថាតើចិនអាចប្រើស្ថានីយនេះ ដើម្បីគំរាមកំហែងប្រជាជនអាមេរិក ដែលមានដើមកំណើតចិនដែរឬយ៉ាងណា។
ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីងតោនមិនទាន់អាចបំភ្លឺប្រាប់អ្នកសារព័ត៌មានបានទេ ជុំវិញរឿងនេះ ប៉ុន្តែកាលពីដើមខែនេះ ក្រសួងការបរទេសចិនបានបដិសេធថា ខ្លួនមានស្ថានីយបែបនេះនៅប្រទេសហូឡង់ក្រោយពីមានការស៊ើបអង្កេតរបស់អាជ្ញាធរហូឡង់ ហើយប្រទេសចិនបាននិយាយថា ស្ថានីយប៉ូលិសទាំងនេះ គឺជាការិយាល័យដើម្បីជួយពលរដ្ឋចិនក្នុងការរៀបចំឯកសារថ្មីតែប៉ុណ្ណោះ៕