សហរដ្ឋអាមេរិក និងអឺរ៉ុប អាចនឹងកាត់បន្ថយ ឬបញ្ឈប់ការពឹងផ្អែករបស់ពួកគេលើដង្ហើមប្រទេសចិន សម្រាប់អាគុយរថយន្តអគ្គិសនី ដោយតាមរយៈការចំណាយទុនថ្មីប្រមាណ ១៦០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០។ ជាមួយគម្រោងទឹកប្រាក់ដ៏ច្រើនសម្បើមរបស់លោកខាងលិចនេះ គឺដើម្បីកាត់បន្ថយក្តីបារម្ភ ខណៈបច្ចុប្បន្ននេះ មហាយក្សចិន បានត្រួតត្រាទីផ្សារអាគុយយានយន្ដអគ្គិសនីបានច្រើនបំផុតក្នុងពិភពលោក ក៏ដូចជា វត្ថុធាតុដើម និងគ្រឿងបង្គុំសម្រាប់ផលិតអាគុយ។
បើតាមការចុះផ្សាយរបស់ Financial Times ដែលដកស្រង់ការព្យាកររបស់ Goldman Sachs ដែលជាធនាគារវិនិយោគសាកល និងជាក្រុមហ៊ុនសេវាហិរញ្ញវត្ថុអាមេរិក បានឲ្យដឹងថា អាគុយរថយន្តអគ្គិសនី គឺជាបច្ចេកវិទ្យាដ៏សំខាន់បំផុតមួយ ដែលបង្កើនក្តីបារម្ភដល់លោកខាងលិច ដោយសារតែការពឹងផ្អែកលើប្រទេសចិនខ្លាំងពេក ខណៈដែលប្រទេសមួយនេះ បានផលិតអាគុយប្រមាណ ៣ ភាគ ៤ នៃអាគុយក្នុងពិភពលោក ហើយក៏គ្របដណ្តប់លើការផលិតរ៉ែ និងគ្រឿងបង្គុំសម្រាប់អាគុយផងដែរ។
អ្នកវិភាគរបស់ធនាគារវិនិយោគ Goldman Sachs ជឿជាក់ថា តម្រូវការសម្រាប់អាគុយអាចនឹងបំពេញគ្រប់គ្រាន់ ដោយគ្មានការផ្គត់ផ្គង់ពីប្រទេសចិន ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំក្រោយ ដោយសារតែការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ LG និង SK Hynix នៅលើទឹកដីអាមេរិក។
បើតាមស្ថាប័នហិរញ្ញវត្ថុដដែលនេះ បានគណនាឃើញថា ដើម្បីសម្រេចបាននូវខ្សែចង្វាក់ផ្គត់ផ្គង់ខ្លួនឯង គឺបណ្តាប្រទេសដែលកំពុងប្រជែងជាមួយចិន ត្រូវការចំណាយទឹកប្រាក់ជាង ៧៨ពាន់លានដុល្លារ ទៅលើអាគុយ ជាង៦០ពាន់លានដុល្លារទៅលើគ្រឿងបង្គុំ និងជាង ១៣ពាន់លានដុល្លារ លើរ៉ែលីចូម នីកែល និងកូបាល ព្រមទាំងចំណាយជាង ១២ពាន់លានដុល្លារសម្រាប់ការកែច្នៃរ៉ែទាំងនោះ។
ក្រុមហ៊ុន LG បានឱ្យដឹងថា ខ្លួននឹងវិនិយោគជាង ៣ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រអាគុយកាហ្សូតនៅរដ្ឋ Tennessee សហរដ្ឋអាមេរិក។ Goldman ព្យាករថា ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតអាគុយកូរ៉េនៅអាមេរិក នឹងកើនឡើងដល់ប្រហែល ៥៥% នៅក្នុងរយៈពេល ៣ឆ្នាំ ពោលគឺកើនឡើងពី ១១% ក្នុងឆ្នាំ២០២១។
សម្រាប់បច្ចុប្បន្ននេះ ចិនបានគ្របដណ្តប់លើការផលិតអាគុយ ដោយរួមមានទាំងការរុករក និងកែច្នៃវត្ថុធាតុដើម។ ក្រុមអ្នកវិភាគបាននិយាយថា ការគ្របដណ្តប់របស់ចិននេះ គឺនឹងមិនប៉ះពាល់ដោយគោលនយោបាយគាំពារនិយម នៅអឺរ៉ុប និងអាមេរិកឡើយ។ ប៉ុន្តែដើម្បីអាចកាត់បន្ថយការពឹងផ្អែកទៅលើចិន នូវគ្រឿងបង្គុំ និងវត្ថុធាតុដើមសម្រាប់ផលិតអាគុយបាន គឺពួកគេត្រូវស្វែងរកជម្រើសប្រើអាគុយដែលត្រូវការវត្ថុធាតុដើមកាន់តែតិចជាងមុនពីប្រទេសចិន ព្រមទាំងបង្កើននូវការកែច្នៃអាគុយប្រើប្រាស់ឡើងវិញផងដែរ៕