ធនាគារកណ្តាលរបស់ប្រទេសចិន បានបង្កើននូវការបម្រុងទុកមាសរបស់ខ្លួនច្រើនបំផុតជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ដែលជាសញ្ញាបញ្ជាក់ច្បាស់ៗថា វាជាការប៉ុនប៉ងរបស់ក្រុងប៉េកាំង ក្នុងការបង្កើតជម្រើសផ្សេងចេញពីឥទ្ធិពលប្រាក់ដុល្លារអាមេរិក ចំពេលដែលវិបត្តិសាកលកំពុងកើតឡើង ដូចជាការដំឡើងអត្រាការប្រាក់គោល អតិផរណាឡើងខ្ពស់ និងការដាក់ទណ្ឌកម្មផ្សេងៗមកលើប្រទេសរុស្ស៊ីជាដើម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
ធនាគារកណ្តាលចិន បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា ខ្លួនបានបង្កើនចំនួនមាសបម្រុងទុកប្រមាណ ៣២តោនបន្ថែមទៀតក្នុងខែវិច្ឆិកាកន្លងទៅនេះ ដែលមានតម្លៃប្រហែលជិត២ពាន់លានដុល្លារ ដែលវាគឺជាការកើនឡើងខ្ពស់ជាលើកដំបូង គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក។
សរុបជារួម ធនាគារកណ្តាលចិន បានរក្សាទុកមាសដល់ចំនួនជិត២ពាន់តោនហើយ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានតម្លៃប្រហែល ១១២ពាន់លានដុល្លារ ពោលគឺធនាគារកណ្ដាលចិន ត្រូវបានចាត់ទុកថា ជាធនាគារកណ្តាលធំបំផុតទី៦ក្នុងពិភពលោក ដែលមានការរក្សាទុកមាសច្រើនបំផុតបន្ទាប់ពីរុស្ស៊ី អាល្លឺម៉ង់ និងអាមេរិក។ នេះបើតាមទិន្នន័យបញ្ជាក់ដោយសារព័ត៌មាន Bloomberg។
ក្នុងអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ មានមនុស្សជាច្រើនដែលគេមិនស្គាល់ប្រភព បានប្រមូលទិញមាសយ៉ាងច្រើនសម្បើមនៅក្នុងទីផ្សារ ហើយក្នុងចំណោមនោះ មានមនុស្សតិចតួចប៉ុណ្ណោះ បានបង្ហាញការទិញជាសាធារណៈ។ គេបានប៉ាន់ស្មានថា ប្រភពដែលទិញមាសនោះ អាចជាចិន ឬ រុស្ស៊ី។
ក្នុងពេលជាមួយគ្នានេះដែរ ទុនបម្រុងអន្តរជាតិ ដែលរក្សាកាន់កាប់ដោយធនាគារកណ្តាលចិន ដែលរួមមានទាំងមាសផងនោះ គឺបានកើនឡើងបន្ថែមជាង ៦៥ ពាន់លានដុល្លារទៀតកាលពីខែមុន នាំឲ្យទុនបម្រុងអន្តរជាតិសរុបបានកើនដល់ជាង ៣ទ្រីលានដុល្លារ ដែលខ្ពស់ជាងការរំពឹងទុក។
កាលពីថ្ងៃទី៧ ខែធ្នូ តម្លៃមាសបច្ចុប្បន្នមានដល់ជិត ១ពាន់៨រយដុល្លារ ក្នុង១អោន ឬស្មើនឹងជាង៨ជីមាស ហើយតម្លៃមាសនេះ បើធៀបនឹងខែមុន គឺកើនឡើងជាង ៥%។
គួរដឹងដែរថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនការរើខ្លួនចេញពីប្រព័ន្ធហិរញ្ញវត្ថុដែលគ្របដណ្តប់ដោយអាមេរិក ខណៈដែលភាពតានតឹងភូមិសាស្រ្តនយោបាយ រវាងមហាអំណាចទាំងពីរគឺនៅតែខ្ពស់ ហើយផលប៉ះពាល់ដែលបណ្តាលមកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុងវ៉ាស៊ីងតោន ទៅលើរុស្ស៊ី ប្រៀបដូចជាសំឡេងកណ្តឹងដាស់តឿនឱ្យក្រុងប៉េកាំង ត្រូវត្រៀមដកខ្លួនចេញពីឥទ្ធិពលរបស់លោកខាងលិចដូច្នោះដែរ។
សូមរំលឹកថា ក្រុមប្រឹក្សាមាសពិភពលោក បាននិយាយកាលពីខែមុនថា ធនាគារកណ្តាលសាកល បានទិញមាសចំនួន ៣៩៩តោន ក្នុងឆមាសទី៣ ឆ្នាំ២០២២ ដោយវាជាចំនួនច្រើនបំផុតក្នុងការទិញមាសតែត្រឹមរយៈពេល ៣ខែ។ ក្នុងនោះ ធនាគារដែលទិញមាសច្រើនៗ មិនបានទម្លាយឱ្យជាសាធារណៈឡើយ ដែលធ្វើឱ្យមានការប៉ាន់ស្មានថា ធនាគារទាំងនោះ អាចជារបស់ចិន និងរុស្ស៊ី៕