(អាមេរិក)៖ មនុស្សយ៉ាងហោចណាស់ ៣៨នាក់ស្លាប់រហូតមកដល់ពេលនេះ ដោយសារព្យុះព្រិលតំបន់អាកទិកដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រដែលបានបន្តគ្របដណ្ដប់សហរដ្ឋអាមេរិក និងកាណាដា។
ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៣៤នាក់បានស្លាប់នៅទូទាំងសហរដ្ឋអាមេរិក ក្នុងនោះតំបន់ដែលរងការវាយប្រហារខ្លាំងក្លាបំផុតគឺទីក្រុង Buffalo ក្នុងរដ្ឋ New York។ អ្នកស្លាប់ ៤នាក់ផ្សេងទៀតនៅក្នុងប្រទេសកាណាដា នៅពេលរថយន្តក្រុងមួយគ្រឿងបានក្រឡាប់នៅលើផ្លូវគ្របដណ្ដប់ដោយទឹកកកជិតទីក្រុង Merritt ក្នុងខេត្ត British Columbia ភាគខាងលិចប្រទេសនេះ។ ព្យុះនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងររយៈពេលជាច្រើនថ្ងៃ ប៉ុន្តែចរន្តអគ្គិសនីត្រូវបានតភ្ជាប់ឡើងវិញជាបណ្ដើរៗបន្ទាប់ពីបានដាច់។
សារព័ត៌មាន AP បានរាយការណ៍ថា អ្នកប្រើប្រាស់ជាង ២០០.០០០នាក់គ្មានអគ្គិសនីប្រើប្រាស់គិតត្រឹមរសៀលថ្ងៃអាទិត្យ ដែលបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន ១.៧លាននាក់។ ជើងហោះហើររាប់ពាន់ត្រូវបានលុបចោល ដែលបានរារាំងមនុស្សជាច្រើនមិនបានជួបជុំគ្រួសារថ្ងៃបុណ្យណូអែល។ ជនជាតិអាមេរិកជាង ៥៥លាននាក់នៅតែស្ថិតក្រោមការណែនាំឲ្យប្រុងប្រយ័ត្នចំពោះខ្យល់ខ្លាំងកាលពីថ្ងៃអាទិត្យ៕