Alynana Media Cambodia
Icon Collap
clinic narit

ពន្ធដារខេត្តព្រះសីហនុ រកឃើញយានយន្តជិត ៧០០ គ្រឿង មិនបង់ពន្ធប្រចាំឆ្នាំ ២០២២

Admin Alynana | Feb 02, 2023
ពន្ធដារខេត្តព្រះសីហនុ រកឃើញយានយន្តជិត ៧០០ គ្រឿង មិនបង់ពន្ធប្រចាំឆ្នាំ ២០២២
Clinic narith
ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ លោក សន ស៊ីផល បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​រយៈពេល ១៦ ថ្ងៃ (ថ្ងៃ​ទី ១៥ -៣១ ខែ​មករា ឆ្នាំ ២០២៣) សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ត្រួតពិនិត្យ​លើ​មធ្យោបាយ ដឹកជញ្ជូន និង​យានជំនិះ​នៅ​លើ​ដង​ផ្លូវ ក្នុង​ក្រុងព្រះសីហនុ រក​ឃើញ​រថយន្ត​គ្រប់​ប្រភេទ​មិនបាន​បង់ពន្ធ​ផ្លូវ​សម្រាប់​ឆ្នាំ ២០២២ មាន ៦៩១ គ្រឿង ក្នុង​ចំនួន​នេះ មន្ត្រី​សាខា​ពន្ធដារ ធ្វើការ​ផាក​ពិន័យ​ប្រាក់​ចូល​ថវិកា​ជាតិ​សរុប ៦១២ លាន ៥ សែន ៤ ម៉ឺន​រៀល។
លោក សន ស៊ី​ផល បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​ត្រួតពិនិត្យ​យានជំនិះ​គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ​ក្នុង​ក្រុង​ព្រះសីហនុ មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​មន្ត្រី​កងរាជអាវុធហត្ថ បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចល័ត​លើ​មធ្យោបាយ​មិន​បាន​ចូល​បង់ពន្ធ​ប្រចាំ​ឆ្នាំ ២០២២ និង​តម្រូវ​ឲ្យ​បង់ពន្ធ។

លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បាន​បន្ថែម​ថា ការ​ចុះ​អនុវត្ត​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២២ គឺ​អនុវត្ត​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ដីពី​ការ​ចុះ​ត្រួតពិនិត្យ​ការ​ប្រកាស​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ ២០២២។ ចំពោះ​ការ​ចុះ​អនុវត្ត​ត្រួតពិនិត្យ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ចូល​មក​បង់ពន្ធ និង​ធ្វើការ​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់ និង​ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​របស់​ខ្លួន​ទៅតាម​ឆ្នាំ​និមួយៗ ដែល​សាខា​ពន្ធដារ​បាន​ប្រកាស​បង់ពន្ធ។ 

ក្រុមការងារ​ចម្រុះ នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​លើ​មធ្យោបាយ​យានជំនិះ​គ្រប់​ប្រភេទ​លើ​ដង​ផ្លូវ​សាធារណៈ នៅ​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ សម្រាប់​ឆ្នាំ ២០២២ តាម​គោលដៅ​ក្រុង ស្រុក ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ។

លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ ២០២២ នេះ បាន​ចំនួន​ជាង ២១ ម៉ឺន​គ្រឿង ហើយ​កាលពី​ឆ្នាំ ២០២១ ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ដែល​បាន​ចូល​មក​បង់ពន្ធ​ប្រចាំ​ឆ្នាំ​មាន​ជាង ២០ ម៉ឺន​គ្រឿង​តែប៉ុណ្ណោះ។ ហើយ​ឆ្នាំ ២០២២ យានយន្ត​ចូល​មក​បង់ពន្ធ​មាន​ការ​កើន​ឡើង។

លោក សន ស៊ីផល បាន​ឲ្យ​ដឹង​ថា នៅ​ពាក់កណ្ដាល​ខែ​មករា និង​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២៣ នេះ សាខា​ពន្ធដារ​ខេត្ត សហការ​ជាមួយ​កម្លាំង​ចម្រុះ បន្ត​ចុះ​ត្រួតពិនិត្យ​ពន្ធ​លើ​មធ្យោបាយ​ប្រចាំ​ឆ្នាំ ២០២២ លើ​យានជំនិះ​គ្រប់​ប្រភេទ យើង​សង្កេត​ឃើញ​ថា មាន​រថយន្ត​មួយ​ចំនួន​បាន​បង់ពន្ធ​ផ្លូវ​រួចរាល់ ក៏ប៉ុន្តែ​ពួកគាត់​មិនបាន​យក​មក​បិទ​លើ​កញ្ចក់​រថយន្ត​របស់​ខ្លួន ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួកគាត់​តាម​ចំណុច​គោលដៅ​ថែម​ទៀត​ផង។ ជាមួយ​គ្នា​នេះ មន្ត្រី​សាខា​ពន្ធដារ ដែល​ចុះ​តាម​គោលដៅ ក៏បាន​ស្នើសុំ​ឲ្យ​ម្ចាស់​យានជំនិះ​គ្រប់​ប្រភេទ ពេល​បង់ពន្ធ​ផ្លូវ​ប្រចាំ​ឆ្នាំ​រួចរាល់ សូម​បិទ​ពន្ធ​ប្រចាំ​ឆ្នាំ​លើ​កញ្ចក់​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ភ្នាក់ងារ​របស់​យើង​មាន​ការ​ងាយស្រួល​ក្នុង​ការ​ត្រួតពិនិត្យ​ពន្ធ​ប្រចាំ​ឆ្នាំ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​មន្ត្រី​អ្នក​ចុះ​អនុវត្ត​ច្បាប់ ក៏ដូចជា​ម្ចាស់​រថយន្ត និង​អ្នកបើកបរ​ផង​ដែរ។ ម្យ៉ាងទៀត វា​មិន​រំខាន​ដល់​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​នៅ​តាម​ចំណុច​គោលដៅ​ត្រួតពិនិត្យ​ថែមទៀត​ផង៕