ភ្នំពេញ៖ ការផលិតមេដាយសម្រាប់ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំនេះ អាចចាត់ទុកជាគំរូមេដាយល្អឯកមួយ ដែលមានលក្ខណៈអស្ចារ្យជាប្រវិត្តិសាស្រ្តក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍តាមរយៈទូរទស្សន៍ BTV ថា មេដាយទាំងអស់នេះ ផលិតនៅប្រទេសិង្ហបុរី ដែលមានលក្ខណៈប្រណិតបំផុត និងមានធាតុផ្សុំពិសេសៗជាច្រើន ហើយតាមគ្រោងទុកការផលិតមេដាយក្នុងព្រឹក្តិការណ៍កីឡាអន្តរជាតិនេះ គឺសរុបប្រមាណជា ៦ពាន់មេដាយសម្រាប់កីឡាករ និងការផលិតមេដាយជាច្រើនទៀត ទុកជាអនុស្សាវរីយ៍ ផ្តល់ជូនគណៈប្រតិភូ ម្ចាស់ឧបត្ថម្ភ និងភ្ញៀវជាដើម។
ក្រៅពីនេះ ឯកឧត្តម បានលើកឡើងពីអត្ថន័យរចនាបថមេដាយ ដែលក្នុងនោះរួមមាន៖រូបភាពវិមានឯករាជ្យ តំណាងឱ្យឯករាជ្យជាតិ សន្តិភាព រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះៗ ផ្ការំដួល៧ទង តំណាងឱ្យ៧មករា និងមានរចនាបថពិសេសៗជាច្រើនទៀតផងដែរ។
ប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឫហៅថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវនឹងរយៈពេល៦៤ឆ្នាំ នៃព្រឹត្តិការណ៍ស៊ីហ្គេម ដោយមានរយៈ២ឆ្នាំរៀបចំម្តង។ ការប្រកួតស៊ីហ្គេមនៅឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាប្រកួត៣៨ប្រភេទ ដែលក្នុងនោះរួមមាន៖ ប៉េតង់ តេក្វាន់ដូ(WT) ប្រដាល់គុនខ្មែរ បាល់ទាត់ គុនល្បុក្កតោ និងកាយវប្បកម្មជាដើម។
ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ប្រទេសកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការប្រកួតកីឡា ចំនួន១២ប្រភេទ ក្នុងនោះរួមមាន៖ អត្តពលកម្មហែលទឹក អុក បាល់ទះអង្គុយ វាយសី និងវាយកូនឃ្លីលើតុជាដើម៕