Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន៖ «មេដាយផូសៃឡានសាង» ជាមោទនភាព​សម្រាប់​ប្រជាជាតិកម្ពុជាទាំងមូល និងជានិមិត្តរូបដ៏មានសារៈសំខាន់គ្មានពីរ

Admin Alynana | Feb 14, 2023
សម្តេចតេជោ ហ៊ុន សែន៖ «មេដាយផូសៃឡានសាង» ជាមោទនភាព​សម្រាប់​ប្រជាជាតិកម្ពុជាទាំងមូល និងជានិមិត្តរូបដ៏មានសារៈសំខាន់គ្មានពីរ
Clinic narith

 

(វៀងច័ន្ទ, ឡាវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុកគ្រឿង​ឥស្សរិយយស «មេដាយផូសៃឡានសាង ឬពរជ័យឡានសាង» គឺជាមោទនភាព​សម្រាប់​ប្រជាជាតិកម្ពុជាទាំងមូល និងជានិមិត្តរូបដ៏មានសារៈសំខាន់គ្មានពីរ នៃទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា-ឡាវ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះក្នុងសុន្ទរកថា​ ពេលអញ្ជើញទទួល​គ្រឿង​ឥស្សរិយយស ពីប្រមុខរដ្ឋឡាវ លោក ថងលុន ស៊ីសូលីត កាលពីថ្ងៃទី១៣ ខែកុម្ភៈ ម្សិលមិញនេះ។

គ្រឿងឥស្សរិយយស «មេដាយផូសៃឡានសាង» ជាមេដាយមានគុណ​តម្លៃខ្ពស់​បំផុត​​របស់ឡាវ សម្រាប់បំពាក់ជូនថ្នាក់ដឹកនាំបរទេស ដែលមានស្នាដៃក្នុងការ​ចូលរួមចំណែក​លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការល្អជាមួយប្រទេសឡាវ។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ​ពង្រឹង​ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយបណ្តា​ប្រទេស​ភូមិផងរបងជាប់កម្ពុជា។ សម្រាប់ប្រទេសឡាវ មិនត្រឹមទទួលបានការយកចិត្ត​ទុកដាក់ខ្ពស់ពីសម្តេចតេជោ ក្នុងការពង្រឹងចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការ​ប៉ុណ្ណោះទេ តែសម្តេចតេជោ តែងចូលរួមចំណែកដោះស្រាយរាល់ពេលឡាវ​ ជួបការ​លំបាកនានា។

កាលពីឆ្នាំ២០២១ នៅពេលឡាវ ជួបការលំបាកដោយសារការរាតត្បាតជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ជាបន្តបន្ទាប់នូវជំនួយជាថវិកា វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ ចំនួនជិត ១លានដូស គ្រឿងបរិក្ខារពេទ្យ និងរថយន្តសម្រាប់ដឹកវ៉ាក់សាំង​ប្រមាណជា ១០គ្រឿង។ ថវិកាដែលសម្តេចតេជោ បានជួយទៅប្រទេសឡាវ មានសរុប​ជាង ១៣លានដុល្លារ។ ក្នុងនោះថវិកាជាង ១លានដុល្លារ ជារបស់រាជរដ្ឋាភិបាល និង​១០លានដុល្លារ ជាការចូលរួមរបស់សប្បុរសជនតាមរយៈសម្តេចតេជោ។

ការជួយជ្រោមជ្រែងក្នុងគ្រាឡាវជួបការលំបាកនេះហើយ ទើបធ្វើឱ្យរដ្ឋាភិបាល និង​ប្រជាជនឡាវ ផ្តល់ការគោរពយ៉ាងធំធេងសម្រាប់សម្តេចតេជោ រាជរដ្ឋាភិបាល និង​ប្រជា​ជនកម្ពុជា ហើយឈានដល់ការផ្តល់គ្រឿងឥស្សរិយយសកម្រិតកំពូល​ជូន​សម្តេចតេជោ​នាយករដ្ឋមន្ត្រី។

សម្តេចតេជោ បានថ្លែងគូសបញ្ជាក់ថា «មោទនភាពដែលខ្ញុំទទួលបាននៅពេលនេះ គឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល ហើយជាការរួមចំណែកដ៏ធំធេង​របស់​រដ្ឋា​ភិបាល និងប្រជាជនឡាវ ជាបងប្អូនក្នុងការពូនជ្រុំទំនាក់ទំនងល្អជាប្រពៃណី និងកិច្ច​សហ​ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់​នៃប្រទេស​ទាំងពីរ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកផងដែរថា ចំណងមិត្តភាពជាប្រពៃណី ជាបងប្អូន​កម្ពុជា-ឡាវ រាប់សតវត្សរ៍មកនេះ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ និងយូរ​អង្វែង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសយើងទាំងពីរ ក្នុងការធ្វើឱ្យសម្រេច​បាន​នូវ​សមិទ្ធផល​ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេចតេជោ បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា គ្រឿងឥស្សរិយយសនេះ នឹងមាន​គុណតម្លៃជាប្រវត្តិសាស្ត្រ គឺជានិមិត្តរូបដ៏សំខាន់គ្មានពីរ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព​ដ៏រឹ​ង​​មាំរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្រៅតែពីការបំពាក់គ្រឿងឥស្សរិយយសកម្រិតកំពូលរបស់ឡាវ​ ជូនសម្តេច​តេជោ​ហើយនោះ រដ្ឋាភិបាលឡាវ ក៏បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់របស់ឡាវ ជូនអ្នកឧកញ៉ា ឧកញ៉ា របស់កម្ពុជា ៦រូប ដែលបានឧបត្ថម្ភថវិកា ជូនរដ្ឋាភិបាលឡាវ​ សម្រាប់ដោះស្រាយការលំបាកពីការរាតត្បាតជំងឺកូវីដ១៩ផងដែរ។

អ្នកឧកញ៉ា ឧកញ៉ាទាំង៦រូបនោះរួមមាន អ្នកឧកញ៉ា គិត ម៉េង អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ឧកញ៉ា Guy Chhay លោក៉កញ៉ា Ing Seav Meng និងឧកញ៉ា លី ហុង៕