លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ក្នុងសន្និសីទសារព័ត៌មានព្រឹកនេះបានអះអាងថា នាពេលបច្ចុប្បន្ននេះ ទីផ្សារផ្លែចេកខេត្តកំពតនាំចេញទៅលក់នៅទីផ្សារបរទេសហាក់មានសក្ដានុពលខ្លាំង ដោយក្នុងមួយខែៗ អាចនាំចេញរហូតចន្លោះពី ២,០០០ តោន ទៅ ២,៥០០តោន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក ម៉ៅ ធនិន បានមានប្រសាសន៍ ខេត្តកំពតជាខេត្តដែលមានភាពសម្បូរបែបខាងវិស័យកសិកម្ម ក៏ដូចដំណាំសម្រាប់ការនាំចេញ។ ជាក់ស្តែង កាលដើមឡើយនៅក្នុងខេត្តកំពតតែងមានភាពល្បីល្បាញខាងដំណាំម្រេច ដែលមានទិន្នផលខ្ពស់សម្រាប់ការនាំចេញ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ខេត្តក៏មានដំណាំចេកមួយទៀតដែលកំពុងមានភាពរីកចម្រើនខ្លាំង សម្រាប់ការនាំចេញទៅកាន់ទីផ្សារបរទេស។ បើតាមលោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្មខេត្តកំពតបានបញ្ជាក់ថា មានក្រុមហ៊ុនពីរកំពុងដាំដុះដំណាំចេកលឿងនាំចេញទៅក្រៅប្រទេស។ ក្រុមហ៊ុនទាំងពីរអាចដាំដុះ ក្នុងមួយឆ្នាំអាចនាំចេញបានជាង ២០ ម៉ឺនតោន។
ខេត្តកំពតមានល្បីល្បាញលើដំណាំទុរេន និងម្រេច។ ក្រៅពីដំណាំដែលមានភាពល្បីល្បាញ ដំណាំចេកលឿងក៏កំពុងទទួលការពេញនិយម។ ដោយសារតែខេត្តកំពតជាខេត្តប៉ូលទេសចរណ៍ដ៏ទាក់ទាញ ដូច្នេះទិន្នផលដំណាំកសិកម្មស្ទើរតែទាំងអស់ដែលមាននៅក្នុងខេត្តផ្ទាល់ ត្រូវបានផ្គត់ផ្គង់តម្រូវការនូវនឹងកន្លែង ក៏ដូចជាចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕