(ភ្នំពេញ)៖ កម្ពុជានឹងជំរុញការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណែកទីផ្សារកាន់តែធំ ស្របពេលទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងសហគមន៍អឺរ៉ុបកាន់តែល្អប្រសើរ។
ផែនការនេះត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងទៅកាន់បណ្តាក្រុមហ៊ុននាំចេញនៅក្នុងជំនួបរវាងផ្នែករដ្ឋ និងឯកជនដើម្បីជំរុញវិស័យស្រូវអង្ករនៅកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈនៅទីស្តីការក្រសួង។
លោកលើកឡើងថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាពីលទ្ធភាព ដើម្បីជំរុញទំនិញពីកម្ពុជារួមទាំងអង្ករដែលអាចធ្វើការជ្រៀតចូលទីផ្សារក្រៅប្រទេសឱ្យបានកាន់តែទូលំទូលាយ ជាពិសេសការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
លោកបញ្ជាក់ថា៖ «សហព័ន្ធស្រូវអង្ករកម្ពុជាពិនិត្យនូវយន្តការអនុវត្តបច្ចុប្បន្ន និងកត្តាផ្សេងៗដែលពាក់ព័ន្ធដូចជា ប្រភព បរិមាណ និងតម្លៃ ដែលកត្តាទាំងនេះគឺជាមូលហេតុអាចជះឥទ្ធិពលដល់ទីផ្សារអង្ករក្នុងទីផ្សារសហភាពអឺរ៉ុប»។
លោក សូរស័ក្តិ ក៏បានណែនាំវិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងសហភាពអឺរ៉ុប តាមរយៈការផ្លាស់ប្តូរនូវព័ត៌មានទីផ្សារ និងលក្ខខណ្ឌតម្រូវការសម្រាប់ការនាំចេញ ព្រមទាំងបទពិសោធន៍នានាសំដៅជំរុញវិស័យស្រូវអង្ករកម្ពុជា ឱ្យកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀត។
លោក សុខ ពុទ្ធិវុធ សហប្រធានក្រុមការងារ «ឈ» ផ្នែកស្រូវអង្ករ និងជាប្រធានកិត្តិយសសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងពីសក្តានុពលទីផ្សារនាំចេញស្រូវអង្ករកម្ពុជាទៅទីផ្សារក្រៅប្រទេស ពិសេសសហភាពអឺរ៉ុប។
លោកប្រាប់ថា៖ «សហព័ន្ធស្រូវអង្ករកម្ពុជា និងសហភាពអឺរ៉ុបបានបង្កើតនូវភាពជាដៃគូកាន់តែស៊ីជម្រៅជាងមុន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកនូវព័ត៌មាន ព្រមទាំងបានសហការជាមួយសហភាពអឺរ៉ុបលើគ្រប់ផ្នែក ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ពិសេសស្វែងយល់ពីវិស័យស្រូវអង្ករកម្ពុជា ក៏ដូចជាពីទីផ្សារអង្ករនៅសហភាពអឺរ៉ុប»។
លោក សុង សារ៉ន ប្រធានក្រុមហ៊ុនអេមរុរ៉ាយ បានបញ្ជាក់ក្នុងថ្ងៃទី ២៣ ខែកុម្ភៈថា ចាប់តាំងពីអង្ករកម្ពុជារួចកាតព្វកិច្ចបង់ពន្ធនាំចូលទៅទីផ្សារអឺរ៉ុប ការនាំចេញអង្ករកម្ពុជាទៅប្លុកនេះចាប់ផ្តើមមានកំណើនជាបណ្តើរៗ ប៉ុន្តែសន្ទុះនៃកំណើនហាក់មិនទាន់ខ្ពស់ដូចមុនឆ្នាំ ២០១៩ ឡើយ។
លោកថ្លែងថា៖ «សហគមន៍អឺរ៉ុប គឺជាទីផ្សារសំខាន់ណាស់សម្រាប់វិស័យស្រូវអង្ករកម្ពុជា ដោយបានជួយដល់កសិករយើងច្រើនដាំដុះស្រូវប្រភេទម្លិះ និងស្រូវសរីរាង្គផ្តោតលើទីផ្សារអឺរ៉ុប។ ជាមួយការរួចពន្ធនាំចូលនេះ ធ្វើឱ្យតម្លៃអង្ករយើងមានការប្រកួតប្រជែងខ្ពស់សម្រាប់ទីផ្សារអង្ករក្រអូប និងលក់ក្នុងតម្លៃធូរថ្លៃជាងប្រទេសផ្សេងៗ។ ឆ្នាំ ២០២៣ នេះយើងនឹងព្យាយាមជំរុញការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបបន្ថែមទៀត។ យើងក៏នឹងអញ្ជើញអ្នកទិញពីអឺរ៉ុបមកទស្សនកិច្ចនៅកម្ពុជាផងដែរ»។
សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករនាំចូលពីប្រទេសកម្ពុជាសម្រាប់រយៈពេល ៣ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ដោយក្នុងឆ្នាំដំបូង (២០១៩) តម្លៃពន្ធគឺ ១៧៥ អឺរ៉ូក្នុង ១តោន, ឆ្នាំទី២ តម្លៃ ១៥០អឺរ៉ូ, និងឆ្នាំទី៣ តម្លៃ ១២៥ អឺរ៉ូ។ ការសម្រេចយកពន្ធនេះធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដែលជាប្រទេសនាំចេញអង្ករទៅកាន់អឺរ៉ុប។ ចាប់ពីដើមខែមករា ឆ្នាំ២០២២ មកការនាំចេញអង្កររបស់កម្ពុជាបានរួចពន្ធនាំចូល។
យោងតាមរបាយការណ៍របស់ CRF ក្នុងខែមករា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦ ៩០០តោន ដែលគិតជាប្រាក់មានចំនួន ២៨,៨៣លានដុល្លារទៅទីផ្សារអន្តរជាតិចំនួន ៣៤គោលដៅ ដោយក្នុងនោះទៅកាន់ប្រទេសក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន ២០ ប្រទេសស្មើនឹង ៤៨ ភាគរយនៃការនាំចេញសរុប គិតជាបរិមាណមានចំនួន ១៧ ៧៩៥ តោន ដែលស្មើនឹងទឹកប្រាក់ ១៣,៤៤ លានដុល្លារ ខណៈប្រទេសចិន និងហុងកុង គ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជា ចំនួន ៤១ ភាគរយ ដែលមានបរិមាណ ១៥ ០៤៥ តោន ស្មើនឹងទឹកប្រាក់ ១១,៧៧ លានដុល្លារ ប្រទេសអាស៊ានចំនួន ២ (ម៉ាឡេស៊ី និងសិង្ហបុរី) ចំនួន ១ ៨៧១តោន គិតជាប្រាក់មានចំនួន ១,០៩លានដុល្លារ និងគោលដៅផ្សេងៗចំនួន ៧ រួមមាន ប្រទេសហ្គាបុង សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ រុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត ចំនួន២ ១៨៩តោន គិតជាប្រាក់ចំនួន ២,៥៣ លានដុល្លារ។
ចំពោះប្រភេទអង្ករនាំចេញ កម្ពុជាបានធ្វើការនាំចេញអង្ករក្រអូបប្រណីត «ម្លិះអង្គរ» ចំនួន ២២ ៨១០តោន អង្ករសែនក្រអូបចំនួន ៩ ៣៥៨តោន អង្ករសធម្មតា ១ ៧២១តោន អង្ករចំហុយ ១ ៨៦៧តោន អង្ករសរីរាង្គចំនួន ១ ១៤៤តោន និងបាននាំស្រូវចេញចំនួន ២៥២ ៧១៤តោន។ សរុបតម្លៃនៃការ នាំចេញអង្ករស្រូវបានទឹកប្រាក់ចំនួន ៩២ លានដុល្លារសហរដ្ឋអាមេរិក៕