នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយនឹងក្រុមការងារ Alynana លោក Bastien SBROVAZZO អ្នកគ្រប់គ្រប់គម្រោងក្រុមហ៊ុន Startec Dynamics បានលើកឡើងថា Calypsoនឹងធ្វើដំណើរជុំវិញបឹងទន្លេសាប (បឹងដ៏ធំបំផុតក្នុងប្រទេសកម្ពុជា) ដើម្បីទស្សនាតំបន់ប្រវត្តសាស្រ្តសំខាន់ៗ និងជួបជាមួយបងប្អូនមួយចំនួនដែលពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណី និងរបៀបរស់នៅរបស់ពួកគេនៅក្នុងជុំវិញតំបន់បឹងទន្លេសាបនៃប្រទេសកម្ពុជា។
លោក Bastien SBROVAZZO បានបន្តថា កម្ពុជាជាប្រទេសដែលកំពុងមានការរីកចម្រើនខ្លាំងគួរអោយចាប់អារម្មណ៍ជាមួយនឹងប្រពៃណីដ៏ល្អ ឆ្លុះបញ្ចាំងពីបុព្វហេតុប្រវត្តិសាស្ត្រដ៏យូលង់មកហើយ។ ម៉ូតូ Calypso គឺជាមធ្យោបាយដ៏ល្អឥតខ្ចោះដើម្បីស្វែងរកមរតកដ៏សម្បូរបែប និងតួអង្គដែលចូលរួមក្នុងការអភិរក្ស និងការអភិវឌ្ឍន៍របស់ប្រទេសមួយនេះ។
លោក Bastien SBROVAZZO បានបន្តទៀតថា ប្រទេសកម្ពុជា គឺជា ទីផ្សារដែលមានសក្តានុពលនៅក្នុងតំបន់អាស៊ាន ដែលមានចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជារៀងរាល់ឆ្នាំ។
ម៉ូតូសេរីទំនើបៗ ប្រភេទអូតូត្រូវបានកត់សម្គាល់ឃើញមានកំណើនកើនឡើងច្រើនក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសនៅរាជធានីភ្នំពេញ ខណ:ពេលដែលប្រទេសកម្ពុជាមានសន្តិភាព ស្ថិរភាព និងកំណើនប្រាក់ចំណូល។
លោកបញ្ជាក់បន្ថែមទៀតថា “ក្រុមហ៊ុន Startec Dynamics Inc. ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Startec Ltd ដែលជាក្រុមហ៊ុនបង្កើតឡើងនៅហុងកុងក្នុងឆ្នាំ 1999 ដែលបានផ្តោតលើអាជីវកម្មម៉ូតូអស់រយៈពេលជាង 20 ឆ្នាំមកហើយ ចាប់ពីការជួញដូរម៉ូតូ រហូតដល់ផលិតផល R&D ។ យើងបានដាក់ឱ្យដំណើរការប្រព័ន្ធចាក់ប្រេងដែលបានអភិវឌ្ឍដោយខ្លួនឯងនៅឆ្នាំ 2019 នៅក្នុងប្រទេសចិន។ ឥឡូវនេះ យើងមាន វត្តមានក្នុងប្រទេសផ្សេងៗដូចជា តៃវ៉ាន់ កាណាដា កម្ពុជាជាដើម យើងផ្តោតលើការលក់ម៉ូតូនៅក្នុងតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។”
លោកពន្យល់បន្ថែមទៀតថា ក្រុមហ៊ុន Startec Dynamic Inc. គឺជាក្រុមហ៊ុនអន្តរជាតិមួយដែលផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មយានយន្ត។ យើង កំពុងច្នៃប្រឌិត ដើម្បីធ្វើអោយការបើកបរតាមផ្លូវមានសុវត្ថិភាព និង ងាយស្រួលជាងមុន។
មហិច្ឆិតារបស់យើងរបស់យើងគឺចូលរួមអភិវឌ្ឍវិស័យម៉ូតូកង់ពីរនៅកម្ពុជា មិនត្រឹមតែស្តង់ដារផលិតកម្មខ្ពស់ ប៉ុណ្ណោះទេ តែសកម្មភាពស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាផងដែរ។
“លោករំពឹងថា ការលក់ម៉ូតូរបស់ក្រុមហ៊ុននៅទីផ្សារកម្ពុជានឹងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា យុទ្ធសាស្រ្តទីផ្សារដោយ ផ្តោតលើគុណភាពម៉ូតូ ដោយផ្អែកទៅការស្រាវជ្រាវ និង អភិវឌ្ឍនវានុវត្ត។ ចំពោះតម្លៃម៉ូតូវិញ ចន្លោះពី ៣០០០ ដុល្លារទៅ ៤០០០ដុល្លារ ក្នុងមួយគ្រឿង ទៅតាមម៉ាកនិមួយៗ។ ជាងនេះទៀត ក្រុមហ៊ុនមានគម្រោងបើករោងចក្រតម្លើងនៅក្នុងប្រទេស កម្ពុជា ជាមួយនឹងវិស្វករនៅក្នុងស្រុក និង ក្រៅស្រុកផងដែរ។”
បើយោងតាមអ្នកចែកចាយលក់ម៉ូតូនៅកម្ពុជា បានលើកឡើងថា តំរូវការម៉ូតូនៅតែជាជម្រើសទីមួយ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែតម្លៃ ពេលវេលានិង ការថែទាំ។
បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចំនួនរថយន្តដែលបានចុះបញ្ជីនៅកម្ពុជា បានកើនឡើងដល់ប្រមាណ ៩២០,០០០គ្រឿង ខណៈម៉ូតូមានចំនួនប្រមាណ ៥,២លានគ្រឿង។ ចាប់តាំងពីឆ្នាំ១៩៩៨ ចំនួនរថយន្តបានកើនឡើងពី៦៥,០០០ ដល់៩២០,០០០ ហើយចំនួនម៉ូតូបានកើនឡើងពី២០០,០០០ ទៅ ៥,២ លានគ្រឿង៕