(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត ឯ.ក (Khmer Real Estate Co., Ltd) របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ទទួលបានអាជ្ញាបណ្ណ ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ជាផ្លូវការហើយ។ នេះបើតាមលិខិតសេចក្តីជូនដំណឹងរបស់និយ័តករបរធនបាលកិច្ច កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានប្រកាសសេចក្តីជូនដំណឹងបន្ថែមថា និយ័តករបរធនបាលកិច្ច មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បរធនបាល បរធនបាលទាយក ឬអ្នកផ្តល់វិភាគទានបរធនបាលកិច្ច បុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត ឯ.ក ទទួលបានការទទួលស្គាល់ពី ន.ប.ធ. ជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ដោយបានបំពេញតាមលក្ខខណ្ឌតម្រូវគ្រប់គ្រាន់ តាមបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។
ក្រោយទទួលបានអាជ្ញាបណ្ណដ៏សំខាន់នេះ លោកឧកញ៉ា គីម ហ៊ាង ស្ថាបនិកក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បានថ្លែងនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ យ៉ាងដូច្នេះថា ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ឯ.ក បង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេលជាង ១៥ឆ្នាំមកហើយ ដែលបានចុះបញ្ជីជាផ្លូវការ ប៉ុន្តែជាក់ស្តែងក្រុមហ៊ុនបានបើកដំណើរការតាំងពីឆ្នាំ២០០៤មកម្ល៉េះ។ ចាប់ពីខែមករា ឆ្នាំ២០០៨មក ក្រុមហ៊ុនចាប់ផ្តើមធ្វើអាជីវកម្មទាក់ទងនឹងវិស័យដីធ្លី ប៉ុន្តែធ្វើតែលើសេវាកម្ម ទិញ លក់ ជួល ផ្នែកអចលនទ្រព្យ។ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៨ ទើបក្រុមហ៊ុនចាប់ផ្តើមធ្វើសេវាកម្មមួយទៀតហៅថា សេវាកម្មវាយតម្លៃអចលនទ្រព្យ។ ដូច្នេះចាប់ពីពេលនោះ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេតធ្វើទាំងការទិញ លក់ ជួលអចលនទ្រព្យផង និងវាយតម្លៃអចលនទ្រព្យផង ដែលវាយតម្លៃលើដី ផ្ទះ សំណង់អគារផ្សេងៗ ក្នុងប្រទេសកម្ពុជា។
អគ្គនាយកបុរី វិមានសំណាង បានឱ្យដឹងបន្តទៀតថា៖ “នៅចុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាយើង មានសេវាកម្មមួយកើតឡើង គេហៅថា សេវាកម្ម Trustee (បរធនបាលកិច្ច)។ ដោយសារតែក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ឯ.ក ជាបុត្រសម្ព័ន្ធជាមួយ បុរី វិមានសំណាង ដូច្នេះនៅពេលដែល បុរី វិមានសំណាង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក ដែលជាសេវាកម្មមួយជួយសម្រួលឱ្យជនបរទេស អាចទិញដីឬទិញផ្ទះ នៅប្រទេសកម្ពុជាបាន ពួកគាត់នឹងត្រូវការសេវាកម្មមួយទៀតហៅថា សេវាកម្មវាយតម្លៃ”។
លោកឧកញ៉ាបណ្ឌិត បានបន្ថែមថា តាំងពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៨មក ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត បានទទួលអាជ្ញាបណ្ណវាយតម្លៃដី ផ្ទះ សំណង់ផ្សេងៗឱ្យអតិថិជនជាទូទៅ ដែលភាគច្រើនជាជនជាតិខ្មែរ ប៉ុន្តែចាប់ពីឆ្នាំ២០២៣នេះតទៅ អ្វីដែលក្រុមហ៊ុនធ្លាប់ធ្វើគឺនៅដដែល តែយើងមានសេវាកម្មថ្មីមួយទៀត គឺបរទេសប្រើប្រាស់សេវាកម្ម ត្រាសធី ដើម្បីទិញដី ឬផ្ទះនៅស្រុកខ្មែរ ហើយនៅពេលពួកគាត់ទិញ នោះនឹងត្រូវការសេវាកម្មវាយតម្លៃ។ ដូច្នេះដើម្បីវាយតម្លៃដី ឬផ្ទះ ដែលបរទេសទិញតាមរយៈ ត្រាសធី បានគឺ និយ័តករបរធនបាលកិច្ច តម្រូវឱ្យក្រុមហ៊ុនអចលនទ្រព្យស្រុកខ្មែរ ដែលស្របច្បាប់ មានអាជ្ញាបណ្ណ បទពិសោធន៍គ្រប់គ្រាន់ ត្រូវសុំអាជ្ញាបណ្ណមួយទៀត ដូច្នេះបានក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ស្នើសុំអាជ្ញាបណ្ណមួយទៀតជាក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហើបឱ្យដឹងផងដែរថា ដើម្បីសុំអាជ្ញាបណ្ណនេះបាន មានលក្ខខណ្ឌមួយចំនួនដូចជា ទី១ ជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់នៅកម្ពុជា ទី២ ជាក្រុមហ៊ុនមានអាជ្ញាបណ្ណវាយតម្លៃអចលនទ្រព្យ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងឯកសារចាំបាច់មួយចំនួនទៀត ទើបអាចស្នើសុំអាជ្ញាបណ្ណវាយតម្លៃក្នុងវិស័យបរធនបាលកិច្ចនេះបាន។ លោកឧកញ៉ា បន្តថា មកទល់បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានអាជ្ញាបណ្ណនេះ គឺមានចំនួនតិចតួចនៅឡើយទេ ហើយក្នុងនោះមានក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត មួយដែរ។
គួររំឭកផងថា កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្វីលីព ត្រាសធី (ខេមបូឌា) ឯ.ក និង បុរី វិមានសំណាង បានចុះអនុស្សរណៈយោគយល់ (MOU) ប្រកបដោយការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ច (Phillip Trustee) ប្រកបដោយវិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាពីសំណាក់វិនិយោគិនបរទេស។ ជាពិសេសគឺអាចធ្វើឱ្យជនបរទេស អាចទិញដីឬទិញផ្ទះ នៅប្រទេសកម្ពុជាបាន៕